Close

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រៀបចំកម្មវិធីប្រកួតតស៊ូមតិថ្នាក់ជាតិរបស់យុវជនស្តីពីសិទ្ធិមនុស្សឆ្នាំ២០២៥ បានយ៉ាងជោគជ័យ

ដោយ៖លី វិទ្យា | ថ្ងៃពុធ ទី៣ ខែកញ្ញា ឆ្នាំ២០២៥ កម្ពុជាថ្ងៃនេះ
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រៀបចំកម្មវិធីប្រកួតតស៊ូមតិថ្នាក់ជាតិរបស់យុវជនស្តីពីសិទ្ធិមនុស្សឆ្នាំ២០២៥ បានយ៉ាងជោគជ័យ ឯកឧត្តម កែវ រ៉េមី

បើតាមសេចក្ដីប្រកាសព័ត៌មានដែលបានចេញផ្សាយដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នារសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ នេះ​ តំណាងកម្ពុជាប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា-AICHR) បានធ្វើជាម្ចាស់ ផ្ទះរៀបចំកម្មវិធីតស៊ូមតិរបស់យុវជនស្ដីពីសិទ្ធិមនុស្សរបស់អាយឆា នាថ្ងៃទី១-២ ខែកញ្ញា ឆ្នាំ២០២៥ នៅ សណ្ឋាគារ FairField by Marriot Phnom Penh និងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រាជធានីភ្នំពេញ លើប្រធានបទចំនួនប្រាំពាក់ព័ន្ធនឹង ការពរពោះជំនួស សិទ្ធិស្ត្រី សិទ្ធិកុមារ ធម្មនុញ្ញអាស៊ាន និងសិទ្ធិទទួលបានការអប់រំ។

បើតាមសេចក្ដីប្រកាសព័ត៌មាននេះដដែល លោកជំទាវ អ៊ុច និពន្ធ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាតំណាងរងកម្ពុជាប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា-AICHR) បានគូសបញ្ជាក់ថា ការតស៊ូមតិថ្នាក់ជាតិរបស់យុវជនស្តីពីសិទ្ធិមនុស្ស ជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការជ្រើសរើសយុវជនឆ្នើមវ័យក្មេងជាតំណាងប្រទេសនិងគុណតម្លៃរបស់កម្ពុជា សម្រាប់ចូលរួមការតស៊ូមតិថ្នាក់តំបន់អាស៊ានរបស់យុវជនស្តីពីសិទ្ធិមនុស្សលើកទី៧ ទន្ទឹមនេះ ក៏ជាការបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការកសាងវប្បធម៌សន្ទនា ការគោរព និងការចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស។ លោកជំទាវបន្តថា នេះក៏ជាការផ្ញើសារទៅកាន់តំបន់ និងពិភពលោកផងដែរ ថាកម្ពុជាយកចិត្តទុកដាក់ និងវិនិយោគខ្ពស់លើយុវជនរបស់ខ្លួន ដោយបានផ្ដល់ឱកាសដល់ពួកគេ ចូលរួមប្រកបដោយភាពស្ថាបនាលើបញ្ហាសិទ្ធិមនុស្សក្នុងតំបន់ និងពិភពលោក ដោយសម្លេងប្អូនៗនៅក្នុងបន្ទប់នេះថ្ងៃនេះ បន្លឺឡើងហួសពីជញ្ជាំងទាំងនេះ។

លោកជំទាវ អ៊ុច និពន្ធ

ជាមួយគ្នានេះ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា ការប្រកួតប្រជែងតស៊ូមតិ ឬនិយាយជាសាធារណៈនេះពិតជាមានសារៈសំខាន់ បើទោះជាបេក្ខជនមិនបានទទួលបានជ័យលាភីក៏ដោយ ក៏បេក្ខជនបានឈ្នះរួចហើយ ដោយ​បេក្ខជនម្នាក់ៗជម្នះនិងជំរុញខ្លួនឯងឱ្យមានការស្រាវជ្រាវខ្ពស់ ទៅប្រធានបទនីមួយៗដែលខ្លួនបានជ្រើសរើស។ បន្ថែមពីនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានផ្តាំផ្ញើដល់ប្អូនៗដែលទទួលបានជ័យលាភីចំនួន ៣រូប និងបេក្ខជនបម្រុងចំនួន ៩រូប ត្រូវតែប្រកាន់ខ្លួនឱ្យបានសមរម្យ សុភារាបសារ ប៉ុន្តែរឹងមាំ និងត្រូវព្យាយាមស្រាវជ្រាវបន្ថែមទៀតក្នុងការតស៊ូមតិបន្តនៅថ្នាក់តំបន់ ដើម្បីដណ្តើមបានជ័យលាភីជាអ្នកមានវោហារសព្ទល្អ។

ឯកឧត្តម កែវ រ៉េមី

គួរបញ្ជាក់ថា ក្នុងចំណោមយុវជននៃប្រទេសសមាជិកអាស៊ានដែល បានចូលរួម ជាលទ្ធផល យុវជនទទួលបានជ័យលាភីនិយាយល្អបំផុត (Best Speakers) ក្នុងចំណោមប្រធានបទទាំងប្រាំ រួមមាន យុវជនកម្ពុជាចំនួន ៣រូប, ឥណ្ឌូណេស៊ី ១រូប, និងសិង្ហបុរី ១រូប។ កម្មវិធីនេះ ទទួលបានការគាំទ្រផ្នែកថវិកាពីមូលនិធិ អាយឆា និងពីរាជរដ្ឋាភិបាលអូស្ត្រាលី និងដោយមានការចូលរួមពីតំណាងប្រទេសអាស៊ានប្រចាំអាយឆា តំណាង ប្រទេសអូស្ត្រាលី និង AHRC ប្រទេសទីម័រខាងកើត ស្ថាប័នតាមវិស័យរបស់អាស៊ាន លេខាធិការដ្ឋានអាស៊ាន ស្ថាប័នសិទ្ធិមនុស្សជាតិនៃប្រទេសសមាជិកអាស៊ាន យុវជនអាស៊ាន តំណាងស្ថានទូត និងក្រសួង ស្ថាប័នពាក់ព័ន្ធ សរុបប្រមាណ ១២០នាក់។ គួរបញ្ជាក់ផងដែរថា កម្ពុជាយើងនឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំការតស៊ូមតិថ្នាក់តំបន់អាស៊ានស្តីពីសិទ្ធិមនុស្ស នាដើមខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ៕

អត្ថបទទាក់ទង