Close

អ្នកនាំពាក្យរាជរដ្ឋាភិបាល បង្ហាញពីការយកចិត្តទុកដាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកិច្ចការពារបូរណភាពទឹកដី និងចំណាត់ការនានារបស់រាជ​រដ្ឋា​ភិបាល​លើវិវាទព្រំដែនជាមួយថៃ

ដោយ៖លី វិទ្យា | ថ្ងៃព្រហស្បតិ៍ ទី៤ ខែកញ្ញា ឆ្នាំ២០២៥ ទស្សនៈ-នយោបាយ
អ្នកនាំពាក្យរាជរដ្ឋាភិបាល បង្ហាញពីការយកចិត្តទុកដាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកិច្ចការពារបូរណភាពទឹកដី និងចំណាត់ការនានារបស់រាជ​រដ្ឋា​ភិបាល​លើវិវាទព្រំដែនជាមួយថៃ អ្នកនាំពាក្យរាជរដ្ឋាភិបាល បង្ហាញពីការយកចិត្តទុកដាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកិច្ចការពារបូរណភាពទឹកដី និងចំណាត់ការនានារបស់រាជ​រដ្ឋា​ភិបាល​លើវិវាទព្រំដែនជាមួយថៃ

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥នេះ បាន​ចេញសេចក្ដីប្រកាសព័ត៌មាន បង្ហាញអំពីការចិត្តទុកដាក់ខ្ពស់បំផុត​របស់សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា លើកិច្ចការពារបូរណភាពទឹកដី និងចំណាត់ការនានារបស់រាជរដ្ឋាភិបាលលើវិវាទព្រំដែនជាមួយប្រទេសថៃ។

ក្នុងសេចក្ដីប្រកាសព័ត៌មាននេះបាន​បញ្ជាក់​ថា ចំពោះករណីដែលបានកើតឡើងនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរ​បី​ជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលភាគីថៃបានធ្វើសកម្មភាពជា​ឯកតោ​ភាគី ចាប់តាំងពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥មក បានធ្វើឲ្យប៉ះពាល់ដល់​ប្រជាពល​រដ្ឋ​ដែលកំពុងរស់នៅ និងអាស្រ័យផលជាយូរលង់មកហើយ។

រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការយ៉ាងសកម្ម ដោយប្រើយន្តការគ្រប់លំដាប់​ថ្នាក់ដែល​មានជាធរមាន ដើម្បីតវ៉ាទៅកាន់ភាគីថៃ និងជូនដំណឹងទៅកាន់ភាគីពាក់ព័ន្ធ តាម​គ្រប់​មធ្យោ​បាយការទូតដោយស្របតាមច្បាប់អន្តរជាតិ រួមមាន៖

– ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើកំណត់ទូតតវ៉ា ចំនួន​៣លើក ទៅកាន់ក្រសួងការបរទេសថៃ និងបានលើកឡើងក្នុងវេទិកានានា និងជា​មួយ​អង្គការអន្តរជាតិជាច្រើនលើក រួមទាំង អង្គការសហប្រជាជាតិ ជាដើម។ ជាមួយ​គ្នា​នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំដំណើរទស្សនកិច្ច និងពិនិត្យផ្ទាល់ ដោយមានការអញ្ជើញចូលរួមពីអង្គទូត ភ្នាក់ងារអង្គការសហ​ប្រជា​ជាតិ​ប្រចាំកម្ពុជា អង្គការមិនមែនរដ្ឋាភិបាលនានា ទៅកាន់ភូមិជោគជ័យ និងភូមិព្រៃ​ចាន់ និងកន្លែង ដែលរងគ្រោះពីការប៉ះទង្គិចប្រដាប់អាវុធ កាលពីចុងខែ​កក្កដា កន្លងទៅ។

– កិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ចំនួន១លើក និងគណៈកម្មាធិការ ព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ (RBC) ចំនួន៤លើក កាលពី​ពេល​កន្លងទៅ ដោយភាគីកម្ពុជា បានលើកឡើងជាចម្បង អំពីកិច្ចការ​ពារបូរណ​ភាព​ទឹកដីនេះដែរ។

– រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានធ្វើលិខិតកំណត់ទូតតវ៉ា ចំនួន៣លើក ក្នុង​នាមគណៈកម្មការ ចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ទៅកាន់សមភាគីថៃ។

– អាជ្ញាធរខេត្តបន្ទាយមានជ័យ បានធ្វើលិខិតតវ៉ា ចំនួន២លើក ទៅកាន់អាជ្ញាធរ​ខេត្ត​ស្រះកែវរបស់ប្រទេសថៃ។

ជាមួយគ្នានេះ ស្ថាប័ននានារបស់រាជរដ្ឋាភិបាលកម្ពុជា ដូចជាគណៈកម្មាធិការសិទ្ធិ​មនុស្ស​កម្ពុជា ក៏បានធ្វើកិច្ចការងារជាមួយដៃគូរបស់ខ្លួន ដោយបានដាក់ញ្ញត្តិសុំអន្តរា​គមន៍​ជាបន្ទាន់លើសកម្មភាពជាឯកតោភាគីរបស់ភាគីថៃ ជូនអ្នករាយការណ៍​ពិសេស​ទទួលបន្ទុកសិទ្ធិទទួលបានទីជម្រកសមរម្យ ការិយាល័យឧត្តម ស្នងការអង្គការ​សហ​ប្រជា​ជាតិទទួលបន្ទុកសិទ្ធិមនុស្ស ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីអាគ្នេយ៍ គណៈកម្មការអន្តរ​រដ្ឋាភិបាល​អាស៊ាន​ទទួលបន្ទុក សិទ្ធិមនុស្ស (អាយឆា) ទាំង១០ប្រទេស និងស្ថាប័នជាតិ​សិទ្ធិ​មនុស្សឯករាជ្យផ្សេងៗទៀត។

ក្រៅពីនោះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែលើកឡើងពីបញ្ហានេះ នៅរាល់ជំនួប ជាមួយថ្នាក់ដឹកនាំបរទេសសំខាន់ៗ ដោយជំរុញឲ្យមានកិច្ចអន្តរាគមន៍ ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី អនុលោមតាមកិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ។

នាពេលថ្មីៗនេះ ក្នុងដំណើរអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហ​ប្រតិ​បត្តិ​ការសៀងហៃបូក កាលពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នៅទី​ក្រុង​ធានជីង ប្រទេសចិន សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានលើកបញ្ហានេះ​ជាមួយ​លោក ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន, លោក វ៉ាង ហ៊ូនឹង ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន, លោក អង់តូនីញ៉ូ ហ្គូទែរ៉ស អគ្គលេខា​ធិការ​អង្គការសហប្រជាជាតិ និងលោក អានវ៉ អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រី នៃប្រទេស​ម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន។

សម្ដេចធិបតី បានស្នើសុំឲ្យមានកិច្ចអន្តរាគមន៍ ដើម្បីជំរុញឲ្យមានការអនុវត្តប្រកប​ដោយ​ប្រសិទ្ធភាពនិងពេញលេញនូវបទឈប់បាញ់ តាមរយៈវត្តមានចាំបាច់នៃយន្ត​ការ​តាមដានដោយភាគីទីបី ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើ ច្បាប់អន្តរជាតិ និងបញ្ឈប់ការពង្រីកតំបន់ជម្លោះ ការប្រើប្រាស់យោធាចូលកាន់កាប់​ដោយខុសច្បាប់ និងបណ្តេញប្រជាពលរដ្ឋស៊ីវិល ដោយបង្ខំចេញពីតំបន់ ដែលបាន និងកំពុងរស់នៅជាយូរលង់មកហើយ ដើម្បីទប់ស្កាត់សកម្មភាព បង្កហេតុ និងបញ្ចៀស​ហានិភ័យដ៏ធ្ងន់ធ្ងរ ដែលអាចឈានដល់ការផ្ទុះអាវុធសារជាថ្មី និងការប្រឈម​មុខ​ដាក់គ្នា ប្រកបដោយគ្រោះថ្នាក់។

ចំណែក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក៏បានប្រើប្រាស់យន្តការការទូតយ៉ាងសកម្មនៅគ្រប់ជំនួប ជាមួយមេដឹកនាំបរទេស ដើម្បីរកដំណោះស្រាយដោយសន្តិវិធីអនុលោមតាមច្បាប់អន្តរជាតិ ក្នុងការការពារ អធិបតេយ្យជាតិ និងបូរណភាពទឹកដីកម្ពុជា។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបន្ថែមទៀតថា ការការពារអធិបតេយ្យជាតិ និងបូរណ​ភាពទឹកដី គឺជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្ស​ប្រជា​ជន​កម្ពុជា តាំងពីអតីតកាលនៅពេលបច្ចុប្បន្ន និងតទៅអនាគត។ រាជរដ្ឋា​ភិ​បាល​កម្ពុជាដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បន្តខិតខំធ្វើយ៉ាងណាឲ្យមានដំណោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីអនុ​លោមតាមច្បាប់អន្តរជាតិ ដើម្បីការពារអធិបតេយ្យជាតិ បូរណភាពទឹកដី និងរក្សា​បាននូវសុខសន្តិភាពដែលជា សេចក្តីត្រូវការចាំបាច់របស់ប្រទេសជាតិ និងប្រជា​ពល​រដ្ឋ៕

អត្ថបទទាក់ទង