ក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បាននិងកំពុងចាប់ផ្ដើមកិច្ចប្រជុំបន្ដទៀត ដើម្បីប្រសិទ្ធភាព និងភាពជឿជាក់ក្នុងការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា នៅថ្ងៃទី៨ ខែកញ្ញានេះ ក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បាននិងកំពុងចាប់ផ្ដើមកិច្ចប្រជុំបន្ដទៀត នៅវេលាម៉ោង ១:៥០នាទីរសៀល ក្នុងខេត្តកោះកុង ដើម្បីប្រសិទ្ធភាព និងភាពជឿជាក់ក្នុងការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់។
បើយោងតាមអ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា ក្រុមលេខាធិការរបស់កម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ទោ ញ៉ែម បូរ៉ាដែន និងក្រុមលេខាធិការរបស់ថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក ណាត់ថាផុង ប្រាវកែវ ។
សូមជម្រាបជូនថា កិច្ចប្រជុំនេះបានបន្តពិភាក្សាបន្ថែមទៀតក្នុងការជំរុញប្រសិទ្ធភាព ភាពជឿជាក់អំពីការអនុវត្តកិច្ចព្រមព្រៀង បទឈប់បាញ់ និងការកសាងទំនុកចិត្តជាមួយគ្នា។ កិច្ចប្រជុំនេះធ្វើឡើង ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំពិសេស គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ ៕