កម្ពុជាតវ៉ាជំទាស់នឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃនៅតំបន់អានសេះ
ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានធ្វើការតវ៉ាជាផ្លូវការប្រឆាំងនឹងការដាក់កុងតឺន័រចំនួនបី ដោយកងកម្លាំងប្រដាប់អាវុធថៃ នៅក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៃព្រះរាជាណាចក្រកម្ពុជា ដែលរារាំងដល់ការចូលទៅកាន់ច្រកព្រំដែនអន្តរជាតិអានសេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។
សកម្មភាពបែបនេះជាការរំលោភបំពានយ៉ាងជាក់ច្បាស់លើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដែលអាចនឹងធ្វើឱ្យមានការផ្លាស់ប្ដូរបរិយាកាសសន្តិសុខនៅក្នុង និងជុំវិញតំបន់ស៊ីវិល ពង្រឹងការគ្រប់គ្រង់ដោយយោធា ឬបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង ដែលធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹង ប្រែងកាត់បន្ថយភាពតានតឹង និងរារាំងដល់ការវិលត្រឡប់ដោយសុវត្ថិភាព និងថ្លៃថ្នូររបស់ប្រជាជនស៊ីវិលទៅកាន់ផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ពួកគេវិញ។
កម្ពុជាជំទាស់យ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់នេះ ដែលជាការពង្រឹងការកាន់កាប់ លើទឹកដីកម្ពុជាដោយប្រទេសថៃ។ សកម្មភាពនេះផ្ទុយនឹងវិធានការកាត់បន្ថយភាពតានតឹង ដែលមានចែង ក្នុងចំណុចទី១ នៃសេចក្ដីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងបំពានទៅនឹងធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។
កម្ពុជាសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន និងឥតងាករេ ក្នុងការស្វែងរកដំណោះស្រាយ ប្រកបដោយមិត្តភាពចំពោះជម្លោះព្រំដែនទាំងអស់ជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់ តាមរយៈមធ្យោបាយសន្តិភាព ស្របតាមច្បាប់អន្តរជាតិ ទន្ទឹមនឹងនេះ ប្រកាន់ខ្ជាប់នូវគោលជំហរជាគោលការណ៍ថា ព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយកម្លាំងឡើយ៕

