Close

កម្ពុជា-វៀតណាមប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិសឱ្យដល់គោលដៅ២០ពាន់លានដុល្លារ

ដោយ៖Liching Yi | ថ្ងៃសៅរ៍ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ កម្ពុជាថ្ងៃនេះ
កម្ពុជា-វៀតណាមប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិសឱ្យដល់គោលដៅ២០ពាន់លានដុល្លារ កម្ពុជា-វៀតណាមប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិសឱ្យដល់គោលដៅ២០ពាន់លានដុល្លារ

នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ផាម មិញជិញ (PHAM Minh Chinh) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមាន៧មករា ក្នុងឱកាសដែលឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម បានដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមកិច្ចប្រជុំរវាងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា, ថ្នាក់ដឹកនាំគណបក្សកុម្មុយនីស្តវៀតណាមនិងថ្នាក់ដឹកនាំគណបក្សប្រជាជនបដិវត្តន៍ឡាវ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី៦ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦។

ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី, ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការគ្រប់កម្រិតរវាងប្រទេសទាំងពីរនាពេលកន្លងមកសំដៅការជំរុញនូវសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចដែលស្របទៅនឹងទិសស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិងស្ថិរភាពយូរអង្វែង”។

ប្រមុខរដ្ឋាភិបាលទាំងពីរ ក៏បានពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាអំពីការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់ តែរីកចម្រើនបន្ថែមទៀតលេីវិស័យសំខាន់ៗ រួមមានជាអាទិ៍៖ នយោបាយការទូត, សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ, ការពារជាតិនិងសន្តិសុខ, ថាមពល, អប់រំ និងបណ្តុះបណ្តាល, ទេសចរណ៍, វប្បធម៌ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ពិសេសការតភ្ជាប់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបាយ រវាងប្រទេសទាំងពីរ។

ប្រមុខរាជរដ្ឋាភិបាលទាំងពីរ ក៏បានប្តេជ្ញាបន្តជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិសឱ្យដល់គោលដៅ ២០ពាន់លានដុល្លារនាពេលខាងមុខនិងជំរុញកិច្ចសហប្រតិបត្តិការបណ្តាខេត្តជាប់ព្រំដែនក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន, ការជួញដូរមនុស្ស, និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាដេីមដេីម្បីប្រែក្លាយតំបន់ព្រំដែនទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការនិងការអភិវឌ្ឍ៕

អត្ថបទទាក់ទង