ឯកឧត្តមឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត ប្រាប់ទូតកូរ៉េថា កម្ពុជាប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាមួយកូរ៉េ ជាពិសេសការបង្ក្រាប Online Scam
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត ប្រាប់ទូតកូរ៉េថា កម្ពុជាប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាមួយកូរ៉េ ជាពិសេសការបង្ក្រាប Online Scam
ក្នុងជំនួបជាមួយឯកឧត្តម Kim Chang Yong ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានគូសបញ្ជាក់ជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំបញ្ជាផ្ទាល់ប្រកបដោយភាពម៉ឺងម៉ាត់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបោសសម្អាត Online Scam ឱ្យអស់ពីកម្ពុជា ដោយរួមទាំងវិធានការទប់ស្កាត់ បង្ក្រាប អប់រំ និងកិច្ចសហការជាមួយមិត្តបរទេស ដូចជាកូរ៉េជាដើម ហើយឯកឧត្តមក៏បានសម្តែងនូវការអបអរសារទរចំពោះលទ្ធផលល្អប្រសើរនៃប្រតិបត្តិការបង្រ្កាប Online Scam ដែលអនុវត្តដោយក្រុមការងាររួមនៃប្រទេសទាំងពីរ។
ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បាននាំមកនូវការថ្លែងអំណរគុណពីសំណាក់ ឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធក្នុងការប្រយុទ្ធប្រឆាំង Online Scam និងបានសម្រេចសមិទ្ធផលវិជ្ជមានជាច្រើនគួរជាទីមោទនៈដែលនឹងរួមចំណែកលើកកម្ពស់សន្តិសុខនិងសុវត្ថិភាពដល់ប្រជាជនសាធារណរដ្ឋកូរ៉េ។
ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានវាយតម្លៃខ្ពស់ចំពោះទីស្តីការគណៈរដ្ឋមន្ត្រី ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ ទន្ទឹមនេះឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានស្នើសុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ចូលរួមសម្របសម្រួល ដើម្បីឱ្យការរៀបចំខួប៣០ឆ្នាំ នៃការភ្ជាប់ទំនាក់ទំនងការទូតឡើងវិញរវាងកម្ពុជានិងសាធារណរដ្ឋកូរ៉េ អាចក្លាយជាព្រឹត្តិការណ៍ដ៏អធិកអធមបំផុត ហើយឯកឧត្តមឯកអគ្គរដ្ឋទូតបានសន្យាថា នឹងជំរុញគម្រោងធំៗនៅកម្ពុជាឱ្យដំណើរការទៅមុខកាន់តែរលូនសំដៅសម្រេចឱ្យបាននូវសមិទ្ធផលកាន់តែច្រើន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានថ្លែងអំណរគុណចំពោះការគាំទ្រជាបន្តបន្ទាប់ពីសំណាក់រដ្ឋាភិបាលនិងប្រជាជនកូរ៉េ ចំពោះកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្តល់ឥណទានសម្បទានប្រមាណ២ពាន់លានដុល្លារអាម៉េរិកនិងការទទួលយកពលករកម្ពុជាប្រមាណ៧ម៉ឺននាក់ទៅធ្វើការនៅប្រទេសកូរ៉េ ហើយទំនាក់ទំនងពាណិជ្ជកម្មក៏មានការរីកលូតលាស់គួរឱ្យកត់សម្គាល់ក្នុងក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) នៃប្រទេសទាំងពីរផងដែរ។ ឯកឧត្តម វង្សី វិស្សុត ក៏បានបង្ហាញនូវក្តីរីករាយដែលប្រទេសទាំងពីរបានដំឡើងទំនាក់ទំនងទេ្វភាគីទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» កាលពីឆ្នាំ២០២៤ កន្លងទៅ ហើយបានបន្តថា ថ្វីត្បិតតែបច្ចុប្បន្នកម្ពុជា-កូរ៉េមានកិច្ចសហការច្រើនវិស័យហើយក្តី ក៏នៅតែមានសក្តានុពលខ្ពស់ក្នុងការបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទាំងក្នុងក្របខណ្ឌទេ្វភាគី និងតំបន់ព្រោះកូរ៉េជាប្រទេសជឿនលឿននិងមានបទពិសោធន៍ច្រើនខាងផ្នែកអភិវឌ្ឍន៍ ព្រមទាំងមានកម្លាំងអូសទាញសេដ្ឋកិច្ចខ្លាំង ទាំងក្នុងវិស័យបច្ចេកវិទ្យានិងពាណិជ្ជកម្ម៕




