Close

កម្ពុជា-សិង្ហបុរីប្តេជ្ញាចិត្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យទាំងនយោបាយនិងសេដ្ឋកិច្ច

ដោយ៖Liching Yi | ថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២៦ កម្ពុជាថ្ងៃនេះ
កម្ពុជា-សិង្ហបុរីប្តេជ្ញាចិត្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យទាំងនយោបាយនិងសេដ្ឋកិច្ច កម្ពុជា-សិង្ហបុរីប្តេជ្ញាចិត្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យទាំងនយោបាយនិងសេដ្ឋកិច្ច

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិចុះនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ស្តីពីលទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនៃព្រះរាជាណាចក្រកម្ពុជានៅសាធារណរដ្ឋសិង្ហបុរី បានឱ្យដឹងថា ភាគីទាំងពីរកម្ពុជា-សិង្ហបុរីប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងប្រទេសទាំងពីរលើវិស័យការពារជាតិ និងសន្តិសុខ ជាពិសេសក្នុងការដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន។ ភាគីទាំងពីរបានបញ្ជាក់អំពីសារសំខាន់នៃការសម្របសម្រួល រវាងស្ថាប័នអនុវត្តច្បាប់នៃប្រទេសទាំងពីរបាន ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រឈមទាំងនេះ ។

ជាមួយគ្នានេះដែរ ភាគីទាំងពីរបានទទួលស្គាល់ថា មានសក្តានុពលជាច្រើនសម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច ជាពិសេសនៅក្នុងវិស័យសន្តិសុខស្បៀង និងសន្តិសុខថាមពល ។ ភាគីទាំងពីរបាន គូសបញ្ជាក់អំពីសារសំខាន់នៃការទាញយកផលប្រយោជន៍ពីការបំពេញបន្ថែមសេដ្ឋកិច្ចទៅវិញទៅមករវាងប្រទេសទាំងពីរ ដើម្បីជំរុញកំណើនប្រកបដោយចីរភាព និងវិបុលភាពរួម ហើយរង់ចាំការចុះហត្ថលេខាលើ អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការស្តីពីសន្តិសុខស្បៀងក្នុងពេលឆាប់ៗខាងមុខ ។

ក្រៅពីកិច្ចសហប្រតិបត្តិការលើវិស័យដ៏ទៃទៀត ភាគីទាំងពីរក៏បានផ្លាស់ប្តូរ ទស្សនៈយ៉ាងស៊ីជម្រៅអំពីបញ្ហាតំបន់ និងពិភពលោក ដែលជាក្តីកង្វល់រួម ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានធ្វើបច្ចុប្បន្នភាពអំពីសភាពការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងអំពីស្ថានភាពពលរដ្ឋភៀសសឹក ដែលនៅតែមិនអាចវិលត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនវិញ ។ ភាគីទាំងពីរក៏បានបញ្ជាក់អំពី ការប្តេជ្ញារួម ក្នុងការគាំទ្រផលប្រយោជន៍ស្នូលទៅវិញទៅមក និងធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីលើកកម្ពស់សន្តិភាព សន្តិសុខ នឹងស្ថិរភាពនៅក្នុងតំបន់៕

អត្ថបទទាក់ទង