ចិនបន្តផ្តល់ជំនួយអភិវឌ្ឍន៍ចំនួន ២,៥លានដុល្លារ ដល់កម្ពុជា តាមរយៈគម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង

ភ្នំពេញ៖ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា និងឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពជា បានអញ្ជើញចុះហត្ថលេខា លើកិច្ចព្រមព្រៀងគម្រោងមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងការបរទេសកម្ពុជា នារាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធជាច្រើន។
ឯកឧត្តម Wang Wenbin បានលើកឡើងថា ប្រទេសចិននិងកម្ពុជាគឺជាដៃគូក្នុងការអភិវឌ្ឍ និងជាអ្នកដឹកនាំនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ។ ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ចិនបានគាំទ្រគម្រោងរបស់កម្ពុជាជាបន្តបន្ទាប់ដែលគ្របដណ្តប់លើការកាត់បន្ថយភាពក្រីក្រ ការបោសសម្អាតមីន ការអប់រំ ការការពារនិងគ្រប់គ្រងជំងឺត្រូពិច និងការជួសជុលលំនៅដ្ឋានសម្រាប់ជនរងគ្រោះដោយគ្រោះមហន្តរាយ ។ល។ គម្រោងទាំងនេះបានផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនរាប់សែននាក់នៅក្នុងខេត្ត/ក្រុង ចំនួន១០ នៅកម្ពុជា ដោយទទួលបានលទ្ធផលជាក់ស្តែងគួរជាទីមោទនៈ។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍ថា សម្រាប់ឆ្នាំ២០២៥ នេះ កម្ពុជាទទួលបានគម្រោងចំនួន ១១បន្ថែមទៀត ដែលមានតម្លៃប្រមាណ ២,៥លានដុល្លារអាមេរិក ដែលត្រូវបានចុះហត្ថលេខានាពេលនោះ។ ឯកឧត្តមថា ការណ៍នេះបង្ហាញពីការគាំទ្ររបស់មិត្តចិនក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា។ គម្រោងទាំងនេះ ផ្តោតសំខាន់ លើការអប់រំ, ការបណ្តុះបណ្តាបច្ចេកទេសនិងវិជ្ជាជីវៈ, ការអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌, ការពង្រឹងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ, ការលើកកម្ពស់សមត្ថភាពស្ត្រី, ការអភិវឌ្ឍតំបន់ទេសចរណ៍, ការអភិវឌ្ឍកសិកម្ម, និងការលើកកម្ពស់ការយល់ដឹងអំពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចាត់ទុកមូលនិធិពិសេសនេះថាជាកម្លាំងចលករដ៏សំខាន់ ដែលបានធ្វើឲ្យសមាហរណកម្ម ក្នុងតំបន់កាន់តែស៊ីជម្រៅបន្ថែមទៀត ហើយថែមទាំងចូលរួមវិភាគទានក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព វិបុលភាព សម្រាប់ប្រទេសជាសមាជិកទាំងអស់៕