សម្ដេចតេជោ ហ៊ុន សែន៖ គិតពីថ្ងៃ២៤ កញ្ញា ១៩៩៨ មកដល់ពេលនេះ ខ្ញុំរស់បាន២៧ឆ្នាំ ហើយ និងសង្ឃឹមថានឹងរស់បានយ៉ាងតិចបំផុត ២៧ឆ្នាំទៀត

នាព្រលប់ថ្ងៃពុធ ទី២៤ ខែកញ្ញា ឆ្នាំ២០២៥ នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេច អមដោយរូបថតជាង៤០សន្លឹក ដោយរំលឹកពីខួបគម្រប់ ២៧ឆ្នាំ នៃការប៉ុនប៉ងធ្វើឃាតលើរូបសម្ដេច កាលពី២៧ឆ្នាំមុន នៅឯខេត្តសៀមរាប និងថា សម្ដេចសង្ឃឹមថានឹងរស់បានយ៉ាងតិចបំផុត ២៧ឆ្នាំទៀត។
គួររំលឹកថា កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ ក្នុងឱកាសស្បថចូលកាន់តំណែងក្នុងរដ្ឋសភាក្រោយការបោះឆ្នោតជាតិរួចនៅប្រាសាទអង្គរវត្ត នៅតាមផ្លូវ ក្បួនរថយន្តរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានគេប៉ុនប៉ងធ្វើឃាតដោយអាវុធ B-40 ចំនួន៤ដើម។ ប៉ុន្តែដោយសារមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ធ្វើឲ្យគ្រាប់ B-40 ទាំងនោះផ្ទុះតែ១គ្រាប់ និងពុំបានបាញ់ចំរថយន្តរបស់សម្ដេចឡើយ។
បើតាមខ្លឹមសារនៃការបង្ហោះនេះដដែល សម្ដេចតេជោ បានសង្កត់ធ្ងន់ថា «…ប្រសិនពេលនោះខ្ញុំស្លាប់ឬត្រូវរបួស
ប្រទេសកម្ពុជាយើងនឹងមិនមានសន្តិភាពនិងការអភិវឌ្ឍដូចសព្វថ្ងៃនេះឡើយ ព្រោះម្ចាស់នៃនយោបាយឈ្នះ-ឈ្នះ បានស្លាប់ទៅហើយ និងប្រសិនបើខ្ញុំត្រឹមត្រូវរបួសក៏ទីរួមខេត្តសៀមរាបនឹងមានអ្នកនយោបាយជាច្រើននឹងត្រូវស្លាប់»៕