ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ជម្រាបជូនអង្គការសហប្រជាជាតិថា ថៃបានធ្វើការវាយប្រហារឥតញញើតមកលើកម្ពុជា កាលពីថ្ងៃទី២៧កញ្ញាថ្មីៗនេះ

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ស្តីពីលទ្ធផលនៃការអញ្ជើញចូលរួមរបស់ ឯកឧត្ដម ប្រាក់ សុខុន នៅក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអ.ស.ប. លើកទី៨០ នៅទីក្រុងញូវយ៉ក
បានឱ្យដឹងថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូវក្តីបារម្ភយ៉ាងជ្រាលជ្រៅចំពោះភាពតានតឹងដែលកំពុងបន្តនៅតាមព្រំដែនជាមួយប្រទេសថៃ ដោយបានប្រកាសប្រឆាំងនឹងការរំលោភអធិបតេយ្យ និងអំពាវនាវឱ្យគោរពយ៉ាងម៉ឺងម៉ាត់លើបទឈប់បាញ់ កិច្ចសន្ទនា និងដំណោះស្រាយដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ។ កម្ពុជាបានអំពាវនាវឱ្យមានការគាំទ្រពីអាស៊ាន អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិឱ្យជួយបន្ធូរបន្ថយភាពតានតឹង និងស្តារឡើងវិញនូវជំនឿទុកចិត្តរវាងប្រទេសទាំងពីរ។
ក្នុងឱកាសនៃកិច្ចពិភាក្សាទូទៅ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានរំលឹកពីប្រវត្តិសាស្ត្រដ៏ឈឺចាប់នៃសង្គ្រាម និងអំពើប្រល័យពូជសាសន៍របស់កម្ពុជា ដោយគូសបញ្ជាក់ពីការសម្រេចបានសន្តិភាព តាមរយៈគោលនយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានក្លាយជាសសរគ្រឹះដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ និងវឌ្ឍនភាពលើវិស័យសុខាភិបាល ការអប់រំ សមភាពយេនឌ័រ សិទ្ធិមនុស្ស សកម្មភាពអាកាសធាតុ និងការចូលរួមចំណែកក្នុងប្រតិបត្តិការរក្សាសន្តិភាព។
ទន្ទឹមនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានជម្រាបជូនមហាសន្និបាតអំពីការវាយប្រហារឥតញញើត នាពេលថ្មីចុងក្រោយនេះរបស់ថៃមកលើកម្ពុជា ដែលបានកើតឡើងនៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានច្រានចោលទាំងស្រុងនូវការចោទប្រកាន់ថា កងកម្លាំងកម្ពុជាបានបើកការបាញ់ប្រហារមុន ដោយសង្កត់ធ្ងន់ថា កងទ័ពរបស់កម្ពុជាមិនធ្វើដូចការចោទប្រកាន់ ឬបានសងសឹកឡើយ ដែលនេះបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ ពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់កម្ពុជាចំពោះសន្តិភាព៕