Close

លោកជំទាវអនុរដ្ឋមន្ត្រីការបរទេសទី២ នៃសាធារណរដ្ឋកូរ៉េ ថ្លែងអំណរគុណចំពោះកិច្ចសហការល្អ ដែលអាជ្ញាធរកម្ពុជាតែងផ្តល់ជូនអាជ្ញាធរកូរ៉េនាពេលកន្លងមក ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ដោយ៖Sun Dara | ម្សិលមិញ ម៉ោង 2:08 am កម្ពុជាថ្ងៃនេះ
លោកជំទាវអនុរដ្ឋមន្ត្រីការបរទេសទី២ នៃសាធារណរដ្ឋកូរ៉េ ថ្លែងអំណរគុណចំពោះកិច្ចសហការល្អ ដែលអាជ្ញាធរកម្ពុជាតែងផ្តល់ជូនអាជ្ញាធរកូរ៉េនាពេលកន្លងមក ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា លោកជំទាវអនុរដ្ឋមន្ត្រីការបរទេសទី២ នៃសាធារណរដ្ឋកូរ៉េ ថ្លែងអំណរគុណចំពោះកិច្ចសហការល្អ ដែលអាជ្ញាធរកម្ពុជាតែងផ្តល់ជូនអាជ្ញាធរកូរ៉េនាពេលកន្លងមក ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

(AKP) នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យ លោកជំទាវ Kim Jina អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនោះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ក្នុងវិស័យសំខាន់ៗ រួមមាន នយោបាយ ពាណិជ្ជកម្ម សេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ទំនាក់ទំនងប្រជាជននិងប្រជាជន និងសន្តិសុខ ជាដើម។ ឯកឧត្តម បានជម្រាបជូនអំពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ការ ប្រយុទ្ធប្រឆាំង និងបោសសម្អាតទីតាំងពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាមួយនឹងលទ្ធផលជាក់ស្តែងដែលទទួលបានជាបន្តបន្ទាប់។

ក្នុងរយៈពេល៤ខែចុងក្រោយឆ្នាំ២០២៥នេះ សមត្ថកិច្ចកម្ពុជាបានបញ្ជូនមុខសញ្ញាមេខ្លោង និងបក្ខពួកសរុប ៧៥នាក់ទៅតុលាការ និងបានឃាត់ខ្លួនជនសង្ស័យជាង ៣ ៤០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន។ ឯកឧត្តមសន្តិបណ្ឌិតបានគូសបញ្ជាក់ថា បញ្ហាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាបញ្ហាសកល និងស្មុគស្មាញ ដែលតម្រូវឱ្យប្រទេសនីមួយៗមានភាពជឿជាក់ សហការគ្នាក្នុងការចូលរួមប្រយុទ្ធប្រឆាំង ក៏ដូចជាផ្សព្វផ្សាយអប់រំពលរដ្ឋឱ្យបានយល់ពីហានិភ័យ ទម្រង់នៃការឆបោក និងឧបាយកលរបស់ក្រុមឧក្រិដ្ឋជន ក្នុងការអូសទាញពលរដ្ឋឱ្យធ្លាក់ចូលកលល្បិចរបស់ឧក្រិដ្ឋជន។ ទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការល្អជាមួយដៃគូ មានសារៈសំខាន់ក្នុងការធានាដល់ការលុបបំបាត់មិនឱ្យក្រុមឧក្រិដ្ឋជនកកើតឡើងវិញ ឬផ្លាស់ទីពីមួយកន្លែងទៅមួយកន្លែងទៀតបាន។

ជាកិច្ចឆ្លើយតប លោកជំទាវអនុរដ្ឋមន្ត្រីទី២ បានសម្តែងចំណាប់អារម្មណ៍ចំពោះការរីកចម្រើននៃទំនាក់ទំនងកម្ពុជា-សាធារណរដ្ឋកូរ៉េ ក្នុងរយៈពេល ២៨ឆ្នាំ ក្រោយការភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ ដោយទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានដំឡើងកម្រិតដល់ភាពជា «ដៃគូយុទ្ធសាស្ត្រ» កាលពីឆ្នាំ២០២៤ កន្លងទៅ។

លោកជំទាវ បានសង្កត់ធ្ងន់ថា កន្លងមក សមត្ថកិច្ចកម្ពុជាបានសហការល្អជាមួយសមត្ថកិច្ចកូរ៉េ ប៉ុន្តែសារព័ត៌មានពុំបានផ្សព្វផ្សាយទេ។ លោកជំទាវបានថ្លែងអំណរគុណចំពោះកិច្ចសហការល្អ ដែលអាជ្ញាធរកម្ពុជាតែងផ្តល់ជូនអាជ្ញាធរកូរ៉េនាពេលកន្លងមក ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាពិសេស ការសម្របសម្រួលជូនគណៈប្រតិភូរបស់លោកជំទាវ ចុះពិនិត្យមើលទីតាំងមួយចំនួន និងការត្រៀមបញ្ជូនពលរដ្ឋកូរ៉េត្រលប់ទៅប្រទេសកំណើតវិញ ដែលតាមរយៈនេះបង្ហាញថា កម្ពុជាបានផ្តល់កិច្ចសហការយ៉ាងល្អ និងគ្រប់គ្រងទីតាំងបានប្រសើរ។

ឯកឧត្តមសន្តិបណ្ឌិត និងលោកជំទាវអនុរដ្ឋមន្ត្រីក៏បានពិភាក្សាលើទិសដៅបន្តសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រួមមានការផ្លាស់ប្តូរព័ត៌មាន ការទប់ស្កាត់មុខសញ្ញា ការសម្របសម្រួលទទួលពលរដ្ឋកូរ៉េត្រលប់ទៅវិញ និងកិច្ចសហការជាក់ស្តែងផ្សេងៗទៀត។

នៅថ្ងៃដដែលនេះដែរ ក្រុមគណៈប្រតិភូកូរ៉េបានចុះពិនិត្យដល់ទីតាំងពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសឆបោកអនឡាញ នៅភូមិត្រយឹងខ្ពស់ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ។ គណៈប្រតិភូកូរ៉េក៏បានជ្រាបផងដែរអំពីឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការបោសសម្អាតបទល្មើសឆបោកអនឡាញឱ្យអស់ពីកម្ពុជា។ ក្នុងន័យនេះ ការអនុវត្តរបស់កម្ពុជាគឺត្រូវស្វែងរកដល់ឬសគល់និងប្រភពនៃការជាប់ពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មបែបឆ្លងដែនមួយនេះ។

ជាក់ស្តែង លេខាធិការដ្ឋានគ.ប.ឆ.ប. បាននិងកំពុងរួមគ្នាជាមួយបណ្តាដៃគូ និងប្រទេសពាក់ព័ន្ធ ដើម្បីស្រាវជ្រាវ សើបអង្កេតលើភ័ស្តុតាងទាំងអស់ ដែលបានរឹបអូសពីជនប្រព្រឹត្តបទល្មើស ក្នុងអំឡុងពេលនៃប្រតិបត្តិការបង្រ្កាបនាពេល៤ខែកន្លងមក។ សម្ភារដែលរឹបអូសទាំងអស់រួមមានទូរសព្ទដៃ កុំព្យូទ័រ លិខិតឆ្លងដែន ឧបករណ៍អេឡិកត្រូនិចជាច្រើនប្រភេទ និងច្រើនពាន់គ្រឿង សុទ្ធសឹងជា ភ័ស្តុតាង ដែលអាចផ្តល់ជាតម្រុយសម្រាប់ស្វែងរកក្រុមមេខ្លោង ដើម្បីឈានទៅវែកមុខបណ្តាញអង្គការចាត់តាំង ពាក់ព័ន្ធនឹងអំពើឆបោកទាំងនៅក្នុង និងក្រៅប្រទេសកម្ពុជា។ លទ្ធផលដែលនឹងទទួលបានពីការស្រាវជ្រាវ នឹងត្រូវប្រើប្រាស់សម្រាប់ សហការជាមួយក្រសួង ស្ថាប័ន អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងរាជធានី ខេត្តនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីដាក់ចេញវិធានការម៉ឺងម៉ាត់ និងអនុវត្តតាមច្បាប់ជាធរមាន។

គួរបញ្ជាក់ផងដែរថា កន្លងមក កម្ពុជាបានចាប់ខ្លួន និងបញ្ជូនជនជាតិកូរ៉េចំនួន១៨០នាក់ ដែលពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រឡប់សាធារណរដ្ឋកូរ៉េ វិញ។ បច្ចុប្បន្ននេះ ជនជាតិកូរ៉េជាង ៦០នាក់ ដែលត្រូវបានសមត្ថកិច្ចកម្ពុជារកឃើញជាប់ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កំពុងរង់ចាំការបញ្ជូនត្រឡប់ទៅ សាធារណរដ្ឋកូរ៉េ វិញ ក្នុងពេលឆាប់ៗខាងមុខនេះ៕