សម្ដេចក្រឡាហោម ស ខេង ប្រគល់គ្រឿងឧបភោគបរិភោគ ជូនបញ្ជាការដ្ឋានយោធភូមិភាគទី៤ និង ភូមិភាគទី៥
នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានអញ្ជើញប្រគល់គ្រឿងឧបភោគបរិភោគ ជូនបញ្ជាការដ្ឋានយោធភូមិភាគទី៤ និងបញ្ជាការដ្ឋានយោធភូមិភាគទី៥ នៅសាលាខេត្តបាត់ដំបង។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍រាយការណ៍អំពីស្ថានការ និងរបាយការណ៍សង្ខេបជូនសម្ដេច។ ឯកឧត្តម មានប្រសាសន៍ថ្លែងអំណរគុណសម្ដេច និងលោកជំទាវតែងតែគិតគូរពីសុខទុក្ខរបស់វីរកងទ័ពជួរមុខប្រចាំខេត្តបាត់ដំបង និងបានដល់អំណោយជាបន្តបន្ទាប់ និងអញ្ជើញចុះសាកសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋជនភៀសសឹកកាលពីពេលកន្លងមក។
សម្ដេចក្រឡាហោម ស ខេង បានពាំនាំនូវការផ្ដាំសាកសុខសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដល់វីរកងទ័ពជួរមុខនៃភូមិភាគទី៤ និងភូមិភាគទី៥ នៃខេត្តបាត់ដំបង។
សម្ដេចក្រឡាហោម បានថ្លែងកោតសរសើរនូវការខិតខំប្រឹងប្រែងរបស់ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងសហការី ដែលបានលះបង់កម្លាំងកាយចិត្តខិតខំ សហការជាមួយវីរកងទ័ពជួរមុខ ដើម្បីចូលរួមការពារមរណភាពទឹកដី និងបានរកទីទួលមានសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋតាមបណ្ដាព្រំដែនរងគ្រោះដោយសារសង្គ្រាមឈ្លានពានពីប្រទេសថៃ និងបានផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគគ្រប់គ្រាន់ជូនប្រជាពលរដ្ឋជនភៀសសឹក។
សម្ដេចក្រឡាហោម ក៏បានថ្លែងនូវការដឹងគុណ និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវីរកងទ័ព និងមេបញ្ជាការគ្រប់ភូមិភាគ នៃខេត្តបាត់ដំបង ក៏ដូចជាគ្រប់ភូមិភាគទាំងអស់ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាប់ព្រំដែនថៃដែលបានលះបង់កម្លាំងការចិត្ត អាយុជីវិតការពារពោរណភាពទឹកដី។
ក្នុងនាមតំណាងរាស្ត្រ នៃមណ្ឌលខេត្តបាត់ដំបង សម្ដេចក្រឡាហោម ស ខេង បានថ្លែងនូវការអរគុណចំពោះសប្បុរសជននានាដែលបានជួយជ្រោមជ្រែងដល់រដ្ឋបាលខេត្តបាត់ដំបង ដោយបានផ្តល់តាមរយៈ សម្ដេចផ្ទាល់ និងតាមរយៈរដ្ឋបាលខេត្ត និងសប្បុរសជនផ្សេងទៀត អញ្ជើញមកប្រគល់អំណោយជូនរដ្ឋបាលខេត្តដោយផ្ទាល់ និងបានផ្ដល់ជូនតាមបណ្ដាភូមិភាគនៅខេត្តបាត់ដំបងដោយផ្ទាល់ និងតាមក្រុមការងារក្រឡាហោមមនុស្សធម៌ផងដែរ៕




