Close

វិភាគក្រៅឆាក៖ ភាពបត់បែនរបស់កម្ពុជាក្នុងចន្លោះនៃសម្ពាធដ៏លំបាកបំផុតដែលពុំធ្លាប់ជួប

ដោយ៖Liching Yi | ថ្ងៃអង្គារ ទី២៧ ខែមករា ឆ្នាំ២០២៦ កម្ពុជាថ្ងៃនេះ
វិភាគក្រៅឆាក៖ ភាពបត់បែនរបស់កម្ពុជាក្នុងចន្លោះនៃសម្ពាធដ៏លំបាកបំផុតដែលពុំធ្លាប់ជួប វិភាគក្រៅឆាក៖ ភាពបត់បែនរបស់កម្ពុជាក្នុងចន្លោះនៃសម្ពាធដ៏លំបាកបំផុតដែលពុំធ្លាប់ជួប

ការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការចូលរួមជាមួយក្រុមប្រឹក្សាសន្តិភាពរបស់លោក ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ គឺជាមាគ៌ានយោបាយថ្មីមួយ ដែលអាចប្រមើមើលឃើញថា យើងអាចឈានឆ្ពោះទៅរកផ្លូវវិជ្ជមាន ច្រើនជាងផ្លូវអវិជ្ជមានសម្រាប់ដំណោះស្រាយក្នុងស្ថានភាព​ លំបាកដែលកើតចេញពីជម្លោះព្រំដែន​កម្ពុជា-ថៃ និងជាពន្លឺសម្រាប់អនាគត។

ជាការពិត ការសម្រេច​ចិត្ត​ខាងយុទ្ធសាស្ត្រ ដែលពាក់ព័ន្ធនឹងបញ្ហាភូមិសាស្ត្រនយោបាយ គឺទាម​ទារ​​​ការវិភាគល្អិតល្អន់ និងការប្រុងប្រយ័ត្នខ្ពស់បំផុត ដែលផ្តោតជាសំខាន់ទៅ​លើគោលដៅរយៈ​​ពេលខ្លី និងរយៈពេលវែង ពោលគឺមានន័យថា ជោគវាសនាប្រទេសជាតិមួយ នឹងប្រែប្រួល​ដោយ​​ផ្អែកលើការសម្រេចចិត្តជាយុទ្ធសាស្ត្ររបស់មេដឹកនាំប្រទេសនោះ ចំពោះបញ្ហាប្រទាញ​​ប្រទង់នៃ​ឥទ្ធិពល​មហាអំណាច ដែលយើងមិនអាចរលាស់ខ្លួនចេញដោយឯករាជ្យតែឯងបានឡើយ។

ក្នុងបរិបទកម្ពុជាពេលនេះ យើងត្រូវហ៊ានទទួលស្គាល់ថា យើងកំពុងស្ថិតក្នុង​ស្ថានភាពក៏លំបាក​​បំផុតដែលពុំធ្លាប់ជួបចាប់តាំងពីការដួលរលំរបបប្រល័យពូជសាសន៍ដែលដឹកនាំដោយប៉ុលពត។ ក្រោយបិទបញ្ចប់សម័យកាលអាវខ្មៅដ៏យង់ឃ្នង មេដឹកនាំកម្ពុជា លោក ហ៊ុន​ ​សែន ​អតីត​​នាយ​​ក​រដ្ឋមន្ត្រីដ៏មានឥទ្ធិពល ​ត្រូវបានគេមើលឃើញថា បាន​ដឹក​នាំ​ប្រជាជនចាប់ផ្តើមជីវិតថ្មី កសាង​​​​​ប្រទេសពីគំនរផេះផង់ ពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ រហូតទទួលបានការរីកចម្រើន ស៊ីវិល័យ និង​​កំពុងឈានឆ្ពោះទៅរកការអភិវឌ្ឍជឿនលឿន។ ប៉ុន្តែឧបសគ្គដែល​​កម្ពុជាកំពុងជួបប្រទះ​​នៅ​ពេល​នេះ គឺវាពិតជាធំ និងស្មុគស្មាញ ដែលទាមទារការប្រយ័ត្ន​​ប្រយែងខ្ពស់បំផុត​ក្នុងការ​​សម្រេចចិត្តបោះ​​ជំហ៊ានទៅមុខ។

សម្រាប់អ្នកតាមដានដិតដល់អំពីស្ថានការណ៍នយោបាយក្នុងស្រុក និងក្រៅស្រុក អាចនឹង​កត់​សម្គាល់​​បានខ្លះថា បច្ចុប្បន្នទំនោរជារួមក្នុងការដោះស្រាយបញ្ហាប្រទេសជាតិ និងការអនុវត្ត​ផែន​ការ​យុទ្ធសាស្ត្រជាតិនីមួយៗ ហាក់ស្ថិតក្នុងសភាពសន្សឹមៗនៅឡើយ។ បានសេចក្តីថា ចំណុច​ស្នូល​នៃដំណើរការដែលមានលក្ខណៈជាយុទ្ធសាស្ត្រ និងរបត់នយោបាយជាពិសេស​ក្នុងទំនាក់​​ទំន​ងអន្តរ​​ជាតិ គឺមានកំរិតខ្ពស់ជាងពេលណាៗទាំងអស់។ មេដឹកនាំកម្ពុជាត្រូវបាន​​គេមើល​​ឃើញ​ថា បានគិត​​ពិចារណាច្រើនលើកច្រើនសារ ម៉ត់ចត់ ល្អិតល្អន់បំផុត មុនពេលធ្វើសេចក្តីសម្រេចចិត្តណាមួយ។

ត្រង់ចំណុចនេះ ខ្ញុំពុំមានសុទិដ្ឋិនិយមជ្រុលពេកនោះទេ ការដែលកម្ពុជាចូលជាសមាជិកក្រុមប្រឹក្សា​​សន្តិភាព​​​របស់អាមេរិកហើយ កម្ពុជានឹងឈ្នះសត្រូវឈ្លានពាននោះទេ ប៉ុន្តែយ៉ាងហោចណាស់ យើង​​​​អាចនឹងមានបង្អែកយុទ្ធសាស្ត្រ​ ឬជាអាវក្រោះគ្រាន់ការពារខ្លួន ការពារជីវិត និងអាចឱ្យ​​បន្ត​​រស់បាន ដើម្បីតស៊ូទៅមុខ​​ទៀតតែប៉ុណ្ណោះក្រោមគោលបំណងរួមនៃបណ្តា​​ប្រទេសដែល​លើក​​កម្ព​ស់​​​តម្លៃនៃសន្តិភាព។ ការនិយាយបែបនេះ​ ​គឺកម្ពុជាមិនផ្តេកផ្កួលទាំងស្រុងលើមហាអំណាច​ដោយភ្លេច​​ពង្រឹងកត្តាខាងក្នុងនោះទេ​ ផ្ទុយទៅវិញ​កម្ពុជាដឹងច្បាស់ថា​ មានតែយើងខ្លាំងខ្លួនឯងប៉ុណ្ណោះ ទើប​​អាច​​ការពារ​​ខ្លួនឯងបាន ប៉ុន្តែឥទ្ធិពលមហាអំណាចពិតជាមានតម្លៃថ្លៃខ្លាំងណាស់ កំឡុងពេល​​​ដែល​យើងនៅទន់ខ្សោយនៅឡើយ។

ងាកមកស្ថានការណ៍ទូទៅក្នុងប្រទេសវិញ ច្បាស់ណាស់ថា នៅពេលដែលការងារ​​ធំៗជា​​យុទ្ធ​សាស្ត្រ ត្រូវធ្វើក្នុងសភាពមួយៗគិតសន្សឹមៗ ប្រព័ន្ធការងារជាទូទៅក៏កំពុង​​ស្ថិតក្នុងគន្លងដូចគ្នាដែរ ព្រោះតែប្រព័ន្ធរដ្ឋមួយមិនអាចកាត់ផ្តាច់ចេញពីការដឹកនាំរួមរបស់រាជរដ្ឋាភិបាល ដែលជា​​ក្បាល​​ម៉ាស៊ីន​​​​ដាក់ចេញនូវផែនការជាតិនោះឡើយ។ កិច្ចការនយោបាយ គឺពាក់ព័ន្ធដល់ការវិនិយោគ ពាណិ​​ជ្ជកម្ម ការទូត ទំនាក់ទំនងអន្តរជាតិ យោធា សេដ្ឋកិច្ច និងពាក់ព័ន្ធគ្រប់ផ្នែក​​នៃសរសៃ​​ឈាម​​ប្រទេសជាតិ។ កំឡុងពេលនេះ កម្ពុជាអាចដើរយឺតបន្តិច ប៉ុន្តែយ៉ាងហោចណាស់ យើងមិន​​ដើរខុស។ កម្ពុជាអាចទប់ទល់ស្ថានការណ៍បាន ប្រសើរជាងលោតផ្លោះ អាចខុសផ្លូវនាំ​​អន្តរាយ​​ដល់​​ជាតិ។

ខ្ញុំសុំមិនអត្ថាធិប្បាយច្រើនអំពីអ្វីទៅ ជាក្រុមប្រឹក្សាសន្តិភាពរបស់លោកប្រធានាធិបតី ដូណាល់ត្រាំ នោះទេ ព្រោះខ្ញុំយល់ថាព័ត៌មាននេះ ត្រូវបានផ្សព្វផ្សាយ៉ាងទូលំទូលាយ និងមានការវិភាគ​​វែងញែក​​អំពីផលចំនេញនិងខាតពីមនុស្សជាច្រើនរួចទៅហើយ។ ប៉ុន្តែខ្ញុំចង់រំលឹកអំពីការដែល​​ប្រជាពលរដ្ឋ​​​កម្ពុជា គួរតែមើលឃើញ និងស្វែងយល់ឱ្យបានស៊ីជម្រៅអំពីបញ្ហាប្រឈម ផលប៉ះពាល់ និងទុក្ខ​​លំបាកដែលប្រទេសជាតិកំពុងតែជួបប្រទះឱ្យបានច្បាស់លាស់។

អ្នកមិនយល់ការពិតអំពីស្ថានភាពរបស់ជាតិ អាចវិភាគតាមអារម្មណ៍ មិនគ្រប់ជ្រុងជ្រោយ​ ប៉ុន្តែ​អ្នកដែលយល់​​ហើយមើលឃើញច្បាស់អំពីការពិតនៃបញ្ហារបស់កម្ពុជា តែបែរជាប្រឹងរុញ​​ឱ្យប្រទេស​​​ជាតិធ្លាក់ផ្លូវអន្តរាយ គឺមិនសមនឹងត្រូវបានគាំទ្រឱ្យបញ្ចេញមតិនោះទេ។ ជាក់ស្តែងមានទស្សនៈ​​អប់រំ​​មួយតែងតែពន្យល់ថា «ពងមាន់ជល់និងថ្ម»​ ចង់សំដៅថា​​​ បរាជ័យ និងបែកខ្ទេចខ្ទី​គឺពងមាន់ មិនមែន​ជាថ្ម​​​នោះ​​​ទេ»។ ចំណុចសំខាន់យើងត្រូវហ៊ានទទួលស្គាល់ការពិតថា «បច្ចុប្បន្នយើង​​គឺជាពងមាន់ ចំណែកសត្រូវគឺជាថ្ម»។ ការទទួលយកការពិតនេះ អាចនឹងឈឺចាប់ ប៉ុន្តែយើងគ្មាន​​​ជម្រើសឡើយ។ ប្រសិនបើយើងចង់ឱ្យជាតិយើងបន្តអាចរស់បានក្នុងគ្រាដ៏លំបាកនេះ គឺត្រូវទទួល​​ស្ម័គ្រ​ស្មោះគាំទ្រការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ដើម្បីរក្សាជីវិតឱ្យគង់ ដូចពាក្យមួយពោលថា «រក្សាព្រៃឱ្យគង់ មិនខ្វះអុសដុត»។ ប៉ុន្តែប្រសិនបើយើងជឿលើការញុះញង់ ចង់រុញឱ្យស្លាប់ ឱ្យធ្លាក់​​ជ្រោះអន្តរាយ ដោយនិទានដដែលៗថា «ពងមាន់នឹងឈ្នះថ្ម ត្រូវតែសំរុកចូល កុំភ័យខ្លាច​​សត្រូវ​​ឱ្យសោះ» នោះហើយជាយុទ្ធសាស្ត្រ សម្លាប់ជាតិខ្មែរយ៉ាងពិតប្រាកដ។

ខ្ញុំមិនសុំឱ្យមិត្តអ្នកអាន គាំទ្រគំនិតដែលត្រូវធ្វើជាអ្នកទន់ខ្សោយ ដើម្បីឱ្យសត្រូវជាន់ឈ្លី ឈ្លានពាន​​តាម​​ចិត្តនោះឡើយ។ ប៉ុន្តែក្នុងនាមជាខ្មែរ ដែលយល់ពីការពិតនៃសង្គម​​ជាតិរបស់យើងក្នុង​​កាលៈ​ទេសៈ​ដ៏លំបាកនេះ ខ្ញុំគ្រាន់តែចង់ឱ្យអ្នកអានពិចារណាអំពីលទ្ធផលនៃទង្វើ ជាជាងគ្រាន់​​​តែនិយាយ​ឱ្យ​​ពិរោះ​​ស្តាប់ប៉ុណ្ណោះ។ ជាក់ស្តែងសត្រូវបង្ហោះផ្សាយរូបភាព ឈ្លានពានអធិបតេយ្យភាព​​របស់​​យើង​រៀងរាល់ថ្ងៃ ក្នុងបំណងប្រមាថ និងបំផ្លាញផ្លូវចិត្តយើង ហើយមានតែអ្នកស្នេហា​ជាតិក្លែង​​ក្លាយ​​ប៉ុណ្ណោះ ដែលតែងតែបង្ហោះសារបន្ទរសកម្មភាពរបស់សត្រូវ ដើម្បីញ្ឈឺចិត្តខ្មែរក្នុងស្រុក។

បើបងប្អូនពិនិត្យសកម្មភាពនេះឱ្យដិតដល់ បងប្អូននឹងមើលឃើញច្បាស់ថា សត្រូវនិងអ្នកស្នេហា​​ជាតិក្លែងក្លាយ គឺជាដៃគូរសហការដ៏ល្អបំផុត ក្នុងផែនការបំផ្លាញខ្មែរ។

អ្វីដែលយើងអាចធ្វើបានគឺត្រូវរៀនរស់ក្នុងចម្លោះនៃឧបសគ្គ និងសំពាធដ៏ធ្ងន់ ហើយដាស់​​​តឿន​ខ្លួនឯងថា ពេលនេះយើងជាតួអង្គពងមាន់ មិនមែនជាថ្មនោះទេ។ សុំកុំសម្លាប់ខ្លួនដោយ គ្រាន់តែ​​ដោះដូរនូវពាក្យថា អ្នកក្លាហានឱ្យសោះ។ មេដឹកនាំកម្ពុជាបច្ចុប្បន្ន លោកគ្មានជម្រើស​អ្វីល្អជាង​​ការ​​រក្សាអាយុជីវិតរបស់ប្រជាជនឱ្យគង់វង្សនោះទេ។ ចំណែកទឹកដីគឺជាការប្រកាន់ជំហរមិនកែប្រែ ម៉ឺង​ម៉ាត់បំផុត ថាយើងនឹងមិនចង់ឱ្យបាត់​បង់នោះឡើយ។

ក្នុងភារកិច្ចការពារអធិបតេយ្យជាតិ​ បូរណភាពទឹកដី​ យើងនឹងរួមគ្នាកសាងជាតិយើង ហើយ​​ចង​​ចាំជានិច្ចថា មរតកដូនតា​ ឬភាពជាកម្មសិទ្ធិរបស់យើងត្រូវតែយកមកវិញទោះក្នុងតម្លៃណាក៏ដោយ​ និងការពារ​​ឱ្យបាន​ជាដាច់​​ខាតសម្រាប់កូនចៅយើងជំនាន់ក្រោយ។ បើអ្នកចង់ធ្វើអ្វីមួយដើម្បីជាតិ សុំ​កុំគ្រាន់តែគិតអំពីទង្វើថាគួរឬពុំគួរ ប៉ុន្តែសុំគិតអំពីលទ្ធផលថានឹងបានប្រយោជន៍ដល់ជាតិ ឬ​​បំផ្លាញជាតិទាំងមូល?៕

ចាន់ សុទ្ធាវី​ -និស្សិតឆ្នាំទី៣​ វិទ្យាសាស្ត្រនយោបាយ

អត្ថបទទាក់ទង