Close

ចាក់ទម្លាយបូស៖ ការពិតគឺជាថ្នាំព្យាបាលជំងឺដែលកំពុងតែរ៉ាំរ៉ៃ មិនមែនជាថ្នាំបំពុលទេ! ថៃត្រូវតែយល់

ដោយ៖Liching Yi | ថ្ងៃសៅរ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ កម្ពុជាថ្ងៃនេះ ទស្សនៈ-នយោបាយ
ចាក់ទម្លាយបូស៖ ការពិតគឺជាថ្នាំព្យាបាលជំងឺដែលកំពុងតែរ៉ាំរ៉ៃ មិនមែនជាថ្នាំបំពុលទេ! ថៃត្រូវតែយល់ ចាក់ទម្លាយបូស៖ ការពិតគឺជាថ្នាំព្យាបាលជំងឺដែលកំពុងតែរ៉ាំរ៉ៃ មិនមែនជាថ្នាំបំពុលទេ! ថៃត្រូវតែយល់

មិនមែនជាការសុខចិត្តបាត់បង់ទឹកដី មិនមែនជាការយល់ព្រមឱ្យប្រទេសជិតខាងឈ្លានពានតាមទំនើងចិត្ត ដោយអាងថាខ្លួនជាប្រទេសធំ មកបំបិទមាត់ប្រទេសតូចមិនឱ្យស្រែក តវ៉ា ឬប៉ុនប៉ងធ្វើបាបកម្ពុជាគ្រប់ពេលវេលា ឬចងដៃ ចងជើងលើសង្វៀន ហើយបណ្តោយឱ្យថៃវាយធ្វើបាប ដោយមិនតបតនោះទេ។

ក្នុងនាមប្រមុខរាជរដ្ឋាភិបាល ដែលជាអ្នកកាន់ចង្កូតប្រទេស ជាតិ ពិតជាបានប្រកាន់នូវគោលជំហរយ៉ាងម៉ឺងមាត់ គឺកាតព្វកិច្ចដ៏ចម្បងបំផុតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គឺការពារដាច់ខាតបូរណភាពទឹកដី និងប្រជាជនកម្ពុជា។ ការចេញមកទម្លាយប្រាប់ពិភពលោកនូវការពិតជុំវិញអំពើឈ្លានពានរបស់ថៃលើអធិបតេយ្យកម្ពុជា គឺជាការបកស្បែកមុខរបស់ប្រទេសថៃ ហើយដែលថៃមិនអាចបដិសេធការពិតបានឡើយ ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពិតជាបាននិងកំពុងពុះពារ តតាំង និងហ៊ានបកអាក្រាតដោយមិនញញើត នៅចំពោះមុខមេដឹកនាំអំណាចសហរដ្ឋអាមេរិក និងបណ្តាប្រទេសមួយចំនួនដែលជាស្ថាបនិករបស់ Board of Peace។ ការលាតត្រដាង បង្ហាញការពិតក្នុងវេទិកាអន្តរជាតិ បើទោះបីជាមេដឹកនាំក្នុងជួរយោធា និងរដ្ឋាភិបាលថៃ បានចេញមកទាត់ចោលផង ចោទប្រកាន់កម្ពុជាផង និងបដិសេធផង ក្នុងបំណងបង្ហាញថាខ្លួនស្អាតស្អំយ៉ាងណាក្តី ប៉ុន្តែ មេដឹកនាំកម្ពុជា លោក ហ៊ុន ម៉ាណែត បានបញ្ជូនសារប្រាប់ពិភពលោកពេញៗមាត់រួចអស់ទៅហើយ ថា «ថៃបាននិងកំពុងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ និងចូលយ៉ាងជ្រៅលើសពីខ្សែបន្ទាត់ព្រំដែនដែលថៃធ្លាប់អះអាង » ក្នុងចេតនាចង់ទាមទារយកជាឯកតោភាគី ដោយរំលោភច្បាប់អន្តរជាតិទាំងកំរោល ។ កាន់តែច្បាស់ជាងនេះទៅទៀត មេដឹកនាំកម្ពុជាក៏បានបង្ហាញក្តីអាណិតអាសូរដល់ប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់ ដែលត្រូវបន្តរស់នៅក្នុងតង់នៃជំរុំជនភៀសសឹក ដោយសារតែយោធាថៃបានហ៊ុមព័ទ្ធ ដាក់ទូកុងតឺន័រ រាយបន្លាលួស យកភូមិឋានរបស់ជនស៊ីវិលកម្ពុជា ហើយថែមទាំងបំផ្លិចបំផ្លាញកម្ទេចចោលនូវភូមិករ ផ្ទះសម្បែង លួចយកទ្រព្យសម្បត្តិ និងឈូសឆាយកម្ទេចអគាររដ្ឋបាល អគារពន្ធដាររបស់កម្ពុជា ជាច្រើនកន្លែងនៅតាមបណ្តោយព្រំដែនថែមទៀតផង។

ការចេញមកបដិសេធទាំងបំពាន ដើម្បីការពារទង្វើឈ្លានពានរបស់ខ្លួនលើទឹកដីកម្ពុជា ថៃហាក់ស្ថិតក្នុងស្ថានភាពកំពុងភ័យស្លន់ស្លោ រនិងបាត់ម្ចាស់ការ។ អ្នកនាំពាក្យកងទ័ពថៃបានចេញមកនិយាយថា «ខ្លួនមិនបានឈ្លានពានកម្ពុជាទេ! ខ្លួនគ្រាន់តែវ៉ៃដណ្តើមយកទឹកដីរបស់ខ្លួនមកវិញ ដែលធ្លាប់បានបាត់បង់ជាយូរលង់មកហើយ ដោយពលរដ្ឋកម្ពុជាបានរស់នៅអំឡុងពេលកម្ពុជាមានសង្គ្រាមស៊ីវិល»។ ការអះអាងបែបនេះ គឺប្រៀបបាននឹងការសារភាពដោយទទួលស្គាល់នូវទង្វើឈ្លានពានរបស់ខ្លួនមកលើអធិបតេយ្យភាពកម្ពុជាត្រង់ៗ ។ ថៃមិនអាចភូតកុហកពិភពលោកស្រេចតែចិត្តបានទៀតឡើយ ។ ការប្រកាសថា សង្គ្រាមដែលបានកើតឡើងក្នុងអំឡុងខែកក្កដា និងខែធ្នូចុងឆ្នាំ២០២៥ ជាការដណ្តើមទឹកដី មានន័យថា ថៃពិតជាមានផែនការគិតទុកជាមុនរួចស្រេចទៅហើយ ក្នុងការដណ្តើមយកទឹកដីតំបន់ព្រំដែន ដែលថៃតែងស្រមៃថាជាទឹកដីដូនតារបស់ខ្លួន
តាមរយៈផែនទីចោរ គូសជាឯកតោភាគី ខណៈដែលយន្តការក្នុងវាស់វែងខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរសម្រាប់ដោះស្រាយ ស្របតាមច្បាប់អន្តរជាតិ គឺរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-ថៃ បានអនុវត្តជាមួយគ្នាយូរឆ្នាំមកហើយ តែចុងក្រោយនេះ ប្រទេសថៃជាអ្នកបំពាន ទាំងកំរោល។ យន្តការស្របច្បាប់ ថៃមិនព្រមយកមកប្រើទេ ហើយបែរជាជ្រើសរើសដោយការប្រើកម្លាំងយោធាជំនួសគោលការណ៍ច្បាប់អន្តរជាតិទៅវិញ ។ ប្រតិកម្មរបស់ថៃ កាន់តែជួយបន្ថែមទម្ងន់ថែមទៀត ដល់ការបកអាក្រាតរបស់មេដឹកនាំកម្ពុជា ដែលបញ្ជាក់កាន់តែច្បាស់ថា សំដីគ្រប់ម៉ាត់ចេញពីមាត់មេដឹកនាំកម្ពុជាអំពីបញ្ហាជម្លោះនេះ គឺជាការពិតទាំងស្រុង។ ដើម្បីផ្ទៀងផ្ទាត់រឿងនេះ គឺមានភ័ស្តុតាងនៅលើដីជាក់ស្តែងតែម្តង វាមិនមែនដកស្រង់ចេញពីសៀវភៅប្រវត្តិសាស្ត្រ មិនមែនជារឿងនិទានកថា ហើយក៏មិនមានជាការស្រមើស្រមៃបង្កើតរឿង ដើម្បីបំផ្លាញកេរ្តិ៍ឈ្មោះប្រទេសថៃនោះដែរ។ មិនថាសារព័ត៌មានអន្តរជាតិ មិនថាអ្នកការទូត មិនថាបេសកជនពិសេស និងមិនថាអនុព័ន្ធយោធា ជាជនបរទេសដែលមិនមានចំណងផលប្រយោជន៍ណាមួយជាមួយកម្ពុជា ដែលបានទៅដល់ទីតាំងជាក់ស្តែង គឺសុទ្ធតែអាចធ្វើជាសាក្សី ដោយសុចរិតបំផុត បង្ហាញប្រាប់ពិភពលោកបានទាំងអស់ថា សំដីគ្រប់ម៉ាត់របស់មេដឹកនាំកម្ពុជា ដែលប្រាប់ទៅ Reuters និង Fox News គឺជាការពិតឥតកាឡៃឡើយ។

ក្តីរំពឹងរបស់មេដឹកនាំកម្ពុជា គឺជាក្តីរំពឹងរបស់ប្រជាជនកម្ពុជាជាង១៧លាននាក់ ទាំងអ្នកកំពុងរស់នៅក្នុងប្រទេសនិងក្រៅប្រទេស បានជឿជាក់ថា ការបោះជំហានឆ្ពោះទៅរកក្រុមប្រឹក្សាសន្តិភាព Board of Peace ដែលបង្កើតឡើងដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ គឺសកម្មភាពការទូតដ៏សំខាន់ និងក្តីសង្ឃឹមថា កម្ពុជានឹងទទួលបានសន្តិភាពត្រឡប់មកវិញដោយយុត្តិធម៌បំផុត។ ដំណើររបស់ប្រមុខដឹកនាំកម្ពុជានេះ ក៏បង្ហាញយ៉ាងច្បាស់ទៅកាន់ពិភពលោកនិងថៃផងដែរថា កម្ពុជាជ្រើសរើសយកសន្តិភាព មិនមែនសង្គ្រាមនោះទេ។

ការបង្ហាញការពិតប្រាប់ពិភពលោករបស់ លោក ហ៊ុន ម៉ាណែត មិនមែនជាការវាយប្រហារទៅលើប្រទេសថៃទេ តែជាសំឡេងដង្ហើយហៅរកសន្តិភាពពិតប្រាកដសម្រាប់ប្រជាជនកម្ពុជា ដែលកំពុងស្ថិតក្រោមការគម្រាមកំហែង និងការប្រមាថរបស់យោធាថៃ ទាំងផ្លូវកាយនិងផ្លូវចិត្ត។ នេះជាពេលវេលាដ៏ស័ក្តិសមបំផុតដែលពិភពលោកត្រូវតែបានដឹងអំពីសេចក្តីពិត ដែលកន្លងមកថៃបានប្រើប្រាស់ព័ត៌មានក្លែងក្លាយ សម្តែងធ្វើជាជនរងគ្រោះ ទម្លាក់កំហុសចោទប្រកាន់កម្ពុជា ថាជាអ្នកឈ្លានពានខ្លួន ។ ថៃធ្លាប់បានចោទកម្ពុជាថាបានវាយប្រហារបាញ់ទៅថៃមុន ចោទកម្ពុជាថាបានប្រព្រឹត្តឧក្រិដ្ឋកម្ម ចោទកម្ពុជាថាជាប្រទេសតូចតែចង់បានទឹកដីថៃ និងចោទកម្ពុជាថាជាអ្នកបង្ករឿងរុកគួនថៃ។ ការចោទប្រកាន់យ៉ាងអយុត្តិធម៌នេះ បានផ្តល់នូវការឈឺចាប់រាប់មិនអស់ សម្រាប់ប្រមុខដឹកនាំកម្ពុជា និងប្រជាជនស្លូតត្រង់កម្ពុជាទាំងមូល។ កម្ពុជារក្សាការអត់ធ្មត់ខ្ពស់បំផុត មិនតបតដោយកំហឹងឡើយ ប៉ុន្តែកម្ពុជាដាច់ខាត មិនទទួលយកការកែប្រែខ្សែបន្ទាត់ព្រំដែនណាមួយ តាមបែបកម្រោល ដោយប្រើប្រាស់កម្លាំងយោធាវាយកាន់កាប់ ដែលជាទង្វើបំពានច្បាប់អន្តរជាតិឡើយ។

ធាតុពិតរបស់ថៃ គឺបាននិងកំពុងបង្ហាញទៅកាន់ពិភពលោក កាន់តែច្បាស់ឡើងៗ ថាជាប្រទេសឈ្លានពានអ្នកជិតខាងយ៉ាងកម្រោលបំផុត សម្លាប់ជនស៊ីវិលស្លូតត្រង់ ដែលមានទាំងមនុស្សចាស់ ជនពិការ ស្រ្តី និងកុមារ មិនញញើតច្បាប់ និងកម្ទេចសំណង់ប្រាសាទបុរាណដែលមានអាយុកាលរាប់ពាន់ឆ្នាំ ជាបេកភណ្ឌពិភពលោកយ៉ាងព្រៃផ្សៃ។ ប្រាកដណាស់ កម្ពុជាមិនចង់បានអ្វីដែលមិនមែនជារបស់ខ្លួនឡើយ។ ថៃនិងកម្ពុជានៅតែមានឱកាសអាចដោះស្រាយបញ្ហាបានដោយសន្តិវិធី ក្នុងនាមជាប្រទេសជិតខាង ប្រសិនបើភាគីថៃ យល់ព្រមទទួលយកការពិត ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ រួមមានទាំងផែនទីតម្កល់នៅអង្គការសហប្រជាជាតិ អនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានា។ មានប្រយោគមួយឃ្លាបានពោលថា «រឿងធំអាចក្លាយជាតូច» ប្រសិនយើងចេះដោះស្រាយ ផ្ទុយទៅវិញ «រឿងតូចក៏អាចក្លាយជារឿងធំដែរ» ប្រសិនយើងចង់ឈ្នះ-ចាញ់ហើយបន្តបំផ្លាញផលប្រយោជន៍ទាំងសងខាង។ ល្មមដល់ពេលដែលថៃគួរប្រញាប់ចាប់ហ្វ្រាំង ពីព្រោះបូសត្រូវបានចាក់ទម្លាយហើយ៕ ដោយ៖ ជន់ ជាតា (អ្នកសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រនយោបាយ)

អត្ថបទទាក់ទង