បេសកកម្មរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត លើទឹកដីសហរដ្ឋអាមេរិក បង្ហាញយ៉ាងច្បាស់ថា «សន្តិភាពនៅតែជាគុណតម្លៃស្នូលរបស់កម្ពុជា»
បេសកកម្មរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត លើទឹកដីសហរដ្ឋអាមេរិក បង្ហាញយ៉ាងច្បាស់ថា «សន្តិភាពនៅតែជាគុណតម្លៃស្នូលរបស់កម្ពុជា»
នៅលើទឹកដីសហរដ្ឋអាមេរិក ទីដែល សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំដំបូងនៃ «ក្រុមប្រឹក្សាសន្តិភាព» នៅក្នុងឱកាសនោះ សម្តេចក៏បានអញ្ជើញជួបពិភាក្សាការងារផ្លាស់ប្តូរទស្សនៈគ្នាជាមួយ មេដឹកនាំប្រទេសជាច្រើនរូប និងឥស្សរជនជាន់ខ្ពស់សំខាន់ៗរបស់សហរដ្ឋអាមេរិកជាច្រើនរូបទៀតផង។ នៅក្នុងរាល់ជំនួបពិភាក្សា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានជម្រាបជូនសមភាគីទាំងអស់អំពីស្ថានការណ៍ពិតនៅតាមព្រំដែនកម្ពុជាថៃ ត្រូវបានភាគីថៃឈ្លានពានចូលកាន់កាប់ទឹកដីកម្ពុជា ហើយសង្កត់ធ្ងន់ថា សន្តិភាពនៅតែជាគុណតម្លៃស្នូលរបស់កម្ពុជា។
សេចក្តីប្រកាសផ្លូវការរបស់ក្រសួងការបរទេស នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ បានបញ្ជាក់ថា «សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជម្រាបជូនសមភាគី អំពីស្ថានការណ៍នៅតាមបណ្ដោយព្រំដែន កម្ពុជាថៃ ដោយបានសង្កត់ធ្ងន់ថា សន្តិភាពនៅតែជាគុណតម្លៃស្នូលរបស់កម្ពុជា។ ក្នុងន័យនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យមានការអនុវត្តយ៉ាងពេញលេញ និងដោយស្មោះត្រង់នូវកិច្ចព្រមព្រៀងដែលមានស្រាប់ រវាងកម្ពុជា-ថៃ ការដោះស្រាយដោយសន្តិវិធីស្របតាមច្បាប់ អន្តរជាតិ និងសន្ធិសញ្ញា កិច្ចព្រមព្រៀង ដែលមានស្រាប់ ការវិលត្រឡប់របស់ប្រជាជនស៊ីវិលទៅផ្ទះសម្បែង និងរស់នៅដោយសុវត្ថិភាព និងការមិនគំរាម ឬប្រើប្រាស់កម្លាំង»។
សេចក្តីប្រកាសរបស់ក្រសួងការបរទេស បានបញ្ជាក់ថា សម្តេចធិបតីនាយករដ្ឋមន្ត្រីបានផ្លាស់ប្តូរទស្សនៈជាមួយ លោក Viktor Orbán នាយករដ្ឋមន្ត្រីហុងគ្រី លើបញ្ហាដែលជាចំណាប់អារម្មណ៍រួម។ ភាគីទាំងពីរបាន គូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីជាពិសេស ខណៈកម្ពុជា និងហុងគ្រីអបអរសាទរខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំនេះ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីក៏បានជួបពិភាក្សាជាមួយលោក Prabowo Subianto ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី លោក តូ ឡាំ អគ្គលេខាធិការ បក្សកុម្មុយនិស្តវៀតណាម និងថ្នាក់ដឹកនាំដទៃទៀត។
ក្នុងអំឡុងស្នាក់នៅរដ្ឋធានីវ៉ាស៊ីនតោន សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានជួបពិភាក្សាការងារជាមួយឥស្សរជនជាន់ខ្ពស់នៃរដ្ឋបាល សហរដ្ឋអាម៉េរិកមួយចំនួន។ ក្នុងជំនួបជាមួយ អគ្គរដ្ឋទូត Jamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក (US Trade Representative) លោកអគ្គរដ្ឋទូត Greer បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការជំនួញទំនាក់ទំនងទ្វេភាគីកម្ពុជា-អាម៉េរិកឱ្យកាន់តែរីកចម្រើនជាលំដាប់ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម ដែលពាណិជ្ជកម្មទ្វេភាគីបានកើនដល់២៩% នៅឆ្នាំ២០២៥ ហើយការវិនិយោគរបស់សហរដ្ឋអាម៉េរិកនៅកម្ពុជាក៏មានការកើនឡើងគួរឱ្យកត់សម្គាល់។
ក្នុងជំនួបជាមួយឯកឧត្តម Christoper Landau អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក ភាគីទាំងពីរបានស្វាគមន៍ចំពោះការរីកចម្រើន នៃទំនាក់ទំនងទ្វេភាគី និងបានពិភាក្សាលើបញ្ហាដែលជាចំណាប់អារម្មណ៍រួម រួមមានការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ និងការពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ។
លោក Christoper Landau បានវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តរបស់កម្ពុជា ចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព និងការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ក្នុងការលើកកម្ពស់សន្តិភាពនៅតំបន់ហ្គាហ្សា និងតំបន់ដទៃទៀត។
ក្នុងជំនួបជាមួយ លោក Elbridge A. Colby អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមសហរដ្ឋអាម៉េរិក និងឯកឧត្តម Andrew Collison Baker អនុទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក ភាគីទាំងពីរបានកត់សម្គាល់ពីដំណើរវិជ្ជមាននៃទំនាក់ទំនងទ្វេភាគី ដែលឆ្លុះបញ្ចាំងតាមរយៈដំណើរទស្សនកិច្ចកាលពីពេលថ្មីៗនេះរបស់នាយឧត្តមនាវី Samuel Paparo មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិកទស្សនកិច្ចរបស់នាវា USS Cincinnati នៅមូលដ្ឋានសមុទ្ររាម និងការលុបចោលបម្រាមលក់សព្វាវុធដល់កម្ពុជា។
ភាគីទាំងពីរបានពិភាក្សារិះរកមធ្យោបាយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត រួមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងការរៀបចំសមយុទ្ធយោធារួមគ្នាឡើងវិញ ជាពិសេសសមយុទ្ធឆ្មាំអង្គរនៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧។
បន្ថែមលើនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានទទួលជំនួបសម្តែងការគួរសមពីលោក Hakan Fidan រដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋតួកគីយ៉េ។ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើបញ្ហាដែលជាចំណាប់អារម្មណ៍រួម និងបានពិភាក្សាអំពីមធ្យោបាយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនានា ដើម្បីជាប្រយោជន៍របស់ប្រជាជន និងប្រជាជាតិទាំងពីរ។ ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានទទួលជំនួបសម្តែងការគួរសមពីតំណាងស្ថាប័នអន្តរជាតិ រួមមាន Atlantic Council ដឹកនាំដោយនាយឧត្ដមសេនីយ៍ Jim Jones និងឯកឧត្តម Federick Kempe ប្រធាន និងជានាយកប្រតិបត្តិនៃ Atlantic Council ។ បន្ថែមលើនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានផ្ដល់បទសម្ភាសន៍ផ្តាច់មុខជាមួយសារព័ត៌មានអន្តរជាតិល្បីៗ រួមមាន Reuters និង Fox News ផងដែរ ដើម្បីបង្ហាញអំពីស្ថានភាពពិតដែលកំពុងកើតឡើងនៅតាមបណ្តោយព្រំដែនកម្ពុជាថៃ។ ជាការកត់សម្គាល់ខ្លឹមសារភាគច្រើន ដែលសម្តេចបានជម្រាបជូនសារព័ត៌មានធំៗទាំងពីរខាងលើ គឺបញ្ជាក់ថា បច្ចុប្បន្ននេះកងទ័ពថៃកំពុងមានវត្តមានឈរជើងចូលជ្រៅក្នុងទឹកដីកម្ពុជាដោយខុសច្បាប់ ដោយបានបំផ្លាញនូវផ្ទះសម្បែងនិងទ្រព្យសម្បត្តិរបស់ពលរដ្ឋស៊ីវិលកម្ពុជា និងរារាំងការវិលត្រឡប់ទៅលំនៅដ្ឋានវិញរបស់ពលរដ្ឋភៀសសឹកកម្ពុជារាប់ម៉ឺននាក់ទៀត៕






