ឯកឧត្តមបណ្ឌិត លី ធុជ៖ គ្រោះថ្នាក់ដោយសារគ្រាប់មីននៅតែបន្តមាន ហើយការយល់ដឹងអំពីគ្រោះថ្នាក់នឹងជួយសង្គ្រោះអាយុជីវិត
ឯកឧត្តមបណ្ឌិត លី ធុជ៖ គ្រោះថ្នាក់ដោយសារគ្រាប់មីននៅតែបន្តមាន ហើយការយល់ដឹងអំពីគ្រោះថ្នាក់នឹងជួយសង្គ្រោះអាយុជីវិត
ក្នុងឱកាសប្រារព្ធខួបលើកទី២៧នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ក្រោមប្រធានបទ «ចូលរួមទាំងអស់គ្នា ដើម្បីជនភៀសសឹកនិងសហគមន៍មានសុវត្ថិភាព» ដែលប្រារព្ធឡើងនៅខេត្តពោធិ៍សាត់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា ការប្រារព្ធទិវាយល់ដឹងពីមីនមិនមែនត្រឹមតែជាថ្ងៃដែលរំលឹកឡើងវិញនោះទេតែជាថ្ងៃដែលបង្ហាញជាថ្មីនូវទំនួលខុសត្រូវនិងការប្តេជ្ញាចិត្តរបស់ជាតិហើយទិវាជាតិយល់ ដឹងអំពីមីនក៏ជាការផ្ញើសារដល់ប្រជាពលរដ្ឋគ្រប់រូបថា គ្រោះថ្នាក់នៅតែបន្តមានហើយការយល់ដឹងអំពីគ្រោះថ្នាក់ទាំងនោះនឹងជួយសង្គ្រោះអាយុជីវិត។ ស្ថិតក្នុងបរិបទនេះ រាជរដ្ឋាភិបាលនៅតែបន្តចាត់ទុកសកម្មភាពមីនជាសសរស្តម្ភនៃសន្តិភាព សន្តិសុខមនុស្សនិងការអភិវឌ្ឍប្រទេសជាតិ។
ក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានគូសបញ្ជាក់ទៀតថា ការបោសសម្អាតមីនមានន័យថាការស្តារជីវភាពរស់នៅ ការស្តារជីវភាពរស់នៅ មានន័យថាការការពារសេចក្តីថ្លៃថ្នូរហើយសកម្មភាពមីនមិនមែនត្រឹមតែជាការបោសសម្អាតមីននោះទេតែត្រូវបន្តស្តារនីតិសម្បទា ធានាបរិយាបន្ននិងគាំទ្រដល់ការរស់នៅនិងការចូលរួមពេញលេញក្នុងសង្គមរបស់ជនរងគ្រោះ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ បណ្តាអង្គការជាតិនិងអន្តរជាតិនិងប្រតិបត្តិករសកម្មភាពមីន អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋទាំងអស់ ដែលបាននិងកំពុងគាំទ្រយ៉ាងសកម្មដល់បេសកកម្មមនុស្សធម៌នេះនិងលើកកម្ពស់សុវត្ថិភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ឯកឧត្តម លី ធុជ បានចាត់ទុកការគាំទ្រនេះបានប្រែក្លាយដីដែលធ្លាប់រងផលប៉ះពាល់ទៅជាដីដែលពោពេញដោយឱកាសសម្រាប់ប្រជាជនកម្ពុជា៕




