Close

ឆ្លើយតបទៅនឹងទង្វើឈ្លានពាន ប្រជាជនកម្ពុជាត្រូវតែបន្តពហិការទំនិញថៃ

ដោយ៖Liching Yi | ថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២៦ កម្ពុជាថ្ងៃនេះ ទស្សនៈ-នយោបាយ
ឆ្លើយតបទៅនឹងទង្វើឈ្លានពាន ប្រជាជនកម្ពុជាត្រូវតែបន្តពហិការទំនិញថៃ ឆ្លើយតបទៅនឹងទង្វើឈ្លានពាន ប្រជាជនកម្ពុជាត្រូវតែបន្តពហិការទំនិញថៃ

ពេលនេះ មិនមែនជាពេលស្ទាក់ស្ទើរ មិនមែនជាពេលភ្លេចអតីតកាល ហើយក៏មិនមែនជាពេលដែលយើងមើលរំលងអំណាចរបស់ប្រជាជនខ្មែរខ្លួនឯងនោះដែរ។ប្រជាជនខ្មែរ ត្រូវតែបន្តរួមគ្នាធ្វើពហិការទំនិញថៃដែលនេះជាកាតព្វកិច្ចមួយសម្រាប់ជាតិ មិនមែនជាជម្រើសអារម្មណ៍តែមួយគ្រាក្នុងពេលសង្គ្រាមនោះទេ។

យើងមិនត្រូវអនុញ្ញាតឲ្យពេលវេលា មកលាងបំបាត់ ការឈឺចាប់ ឈាម និងទឹកភ្នែក ដែលបានហូរលើទឹកដីខ្មែរ ពីសំណាក់យោធាឈ្លានពានថៃមកលើទឹកដីដ៏កម្សត់របស់យើងបានឡើយ។ អ្នកដែលអាចបំភ្លេចការឈ្លានពាន និងការស្លាប់បាត់បង់ជីវិតពលរដ្ឋ និងវីរកងទ័ពក្នុងបុព្វហេតុការការពារបូរណភាពទឹកដី គឺជាអ្នកដែលចង់បើកទ្វារឲ្យមានការឈ្លានពានកើតឡើងជាថ្មីម្ដងទៀត។

ក្នុងវិបត្តិព្រំដែនរវាងម្ពុជា-ថៃសង្គ្រាមអាវុធអាចបំផ្លាញជីវិតមនុស្សបាន ប៉ុន្តែសង្គ្រាមសេដ្ឋកិច្ចក៏អាចបំផ្លាញអនាគតរបស់ប្រទេសជាតិមួយទាំងមូលបានដែរ។ នៅក្នុងសង្គ្រាមបែបនេះប្រជាជនខ្មែរមិនមែនជាជនរងគ្រោះទេ ប៉ុន្តែជាអ្នកមានអំណាចនៅក្នុងដៃដែលអាចជះផលវិបាកទៅប្រទេសថៃវិញបាន។

កម្ពុជាជាទីផ្សារនាំចេញទំនិញដ៏សំខាន់មួយរបស់ថៃ ដែលកំពុងស្ថិតនៅតែក្នុងដៃរបស់យើងទាំងអស់គ្នា សេដ្ឋកិច្ចរបស់ថៃយើងក៏អាចជាអ្នកចូលរួមកំណត់បានដែរ ព្រោះយើងជាអតិថិជនមួយដ៏សំខាន់នៅក្នុងតំបន់បើធៀបនិងប្រទេសផ្សេងទៀតដែលមានព្រំដែនជាប់ជាមួយប្រទេសថៃ។

មុនពេលមានការបិទព្រំដែន កម្ពុជាគឺជាទីផ្សារនាំចេញដ៏សំខាន់មួយសម្រាប់ទំនិញថៃមានដូចជាទំនិញប្រើប្រាស់ប្រចាំថ្ងៃ សម្ភារៈសំណង់ ឧបករណ៍អគ្គិសនី និងផលិតផលកសិកម្មកែច្នៃ ទំនិញថៃហូរចូលទីផ្សារកម្ពុជាប្រៀបដូចឈាមហូរចូលក្នុងបេះដូងសេដ្ឋកិច្ចរបស់ថៃ។

យោងតាមទិន្នន័យបង្ហាញថា ថៃបាននាំចេញទំនិញមកកម្ពុជាមានតម្លៃជាមធ្យមប្រមាណ ១៤–១៥ពាន់លានបាត(៣៨៩-៤១៧ លានដុល្លារ)ក្នុងមួយខែ មុនពេលសង្គ្រាមព្រំដែនកម្ពុជា-ថៃ នេះជាភស្តុតាងមួយបញ្ជាក់ថា កម្ពុជាមិនមែនជាទីផ្សារតូចទេ ប៉ុន្តែជាទីផ្សារយុទ្ធសាស្ត្រដែលថៃពឹងផ្អែកយ៉ាងខ្លាំងដែលមិនអាចអត់បាន។

ឥឡូវនេះការនាំចេញទំនិញរបស់ថៃមកកម្ពុជាបានធ្លាក់ចុះ៩៧% ពោលគឺធ្លាក់ចុះមកត្រឹមប្រមាណ ៣៧០ លានបាត(១០,២៨ លានដុល្លារ)ក្នុងមួយខែដោយសារតែការបិទព្រំដែននិងអំណាចនៃការធ្វើពហិការរួមគ្នារបស់ប្រជាជនខ្មែរទូទាំងប្រទេស។ បើគណនាចំនួនមុន និងក្រោយការបិទព្រំដែន និងការធ្វើពហិការរបស់ប្រជាជនកម្ពុជា ថៃកំពុងខាតបង់ប្រមាណ ១៤ ៦០០ លានបាត(៤០៦ លានដុល្លារ)ក្នុងមួយខែពីទីផ្សារកម្ពុជា។ ហើយក្នុងរយៈពេលប្រហែល ៣ ខែចុងក្រោយនេះ ថៃកំពុងខាតបង់ទឹកប្រាក់សរុបមានទំហំប្រមាណ ៤៣ ៨០០លានបាតឬប្រហាក់ប្រហែល ១,២ ពាន់លានដុល្លារ អាមេរិក ដែលកើតចេញពីទង្វើក្រអើតក្រទមរបស់ថៃខ្លួនឯង។

ការធ្វើពហិការទំនិញថៃ មិនមែនជាការសងសឹកឥតគោលដៅទេ ប៉ុន្តែជាសកម្មភាពនយោបាយ-សេដ្ឋកិច្ច ដែលមានន័យថា៖ ប្រជាជនខ្មែរមិនទទួលយកការឈ្លានពានបូរណភាពទឹកដី ហេតុនេះ សេដ្ឋកិច្ចកម្ពុជានិងប្រទេសកម្ពុជាក៏មិនត្រូវស្ថិតនៅក្រោមការគម្រាមកំហែងនោះឡើយ។

ដូច្នេះការជ្រើសរើសផលិតផលក្នុងស្រុក ការគាំទ្រផលិតផលជាតិ និងការកាត់បន្ថយការពឹងផ្អែកលើទំនិញនាំចូលពីបរទេសគឺជាការពង្រឹងសេដ្ឋកិច្ចរបស់ជាតិកម្ពុជា។

ប្រជាជនកម្ពុជាត្រូវចងចាំថា សម្លេងកាំភ្លើងអាចស្ងប់ស្ងាត់ ប៉ុន្តែការចងចាំនូវការឈឺចាប់របស់ជាតិមិនត្រូវស្ងប់ស្ងាត់ឡើយ ព្រោះបើជាតិមួយបានបំភ្លេចអតីតកាលគឺជាជាតិដែលកំពុងបោះបង់អនាគតរបស់ខ្លួនហើយ។

ពហិការទំនិញថៃមិនមែនដើម្បីបំផ្លាញអ្នកដទៃទេ ប៉ុន្តែដើម្បី ការពារខ្លួនឯង កសាងខ្លួនឯង ពង្រឹងខ្លួនឯងនិងឈរលើជើងទាំងពីរខ្លួនឯង នេះមិនមែនជាការរើសអើងទេ តែនេះគឺជា សិទ្ធិ និងកាតព្វកិច្ច របស់ប្រជាជាតិមួយដែលបានទទួលរងគ្រោះពីការឈ្លានពានទឹកដីដ៏សែនជូរចត់ដែលមិនអាចគណនាបានសម្រាប់កូនខ្មែរ គ្រប់ៗជំនាន់៕

ឥន្ទ ខេមរៈ

អត្ថបទទាក់ទង