សហរដ្ឋអាមេរិកបានចូលរួមចំណែកជួយកម្ពុជាដោះស្រាយបញ្ហាមីនអស់រយៈពេលជាង៣០ឆ្នាំ និងក៏ជាម្ចាស់ជំនួយដែលធំជាងគេ
សហរដ្ឋអាមេរិកបានចូលរួមចំណែកជួយកម្ពុជាដោះស្រាយបញ្ហាមីនអស់រយៈពេលជាង៣០ឆ្នាំ និងក៏ជាម្ចាស់ជំនួយដែលធំជាងគេ
នៅក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ជាមួយលោក Ethan Rinks នាយកកម្មវិធីនៃការិយាល័យកាត់បន្ថយ និងរំសាយសព្វាវុធនៃក្រសួងការបរទេសសហរដ្ឋអាមេរិក និងគណៈប្រតិភូ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបានលើកឡើងថា កម្ពុជាបានកំណត់គោលដៅយ៉ាងច្បាស់ក្នុងការដោះស្រាយបញ្ចប់ផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា។ ឯកឧត្តមបន្តថា ចំពោះបញ្ហាប្រឈមបញ្ហាមីននាពេលបច្ចុប្បន្ន នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលមានលក្ខណៈស្មុគស្មាញ និងត្រូវការពេលវេលានិងថវិកាយ៉ាងច្រើនក្នុងការដោះស្រាយ ព្រមទាំងបានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជននៃសហរដ្ឋអាមេរិក ដែលជួយគាំទ្រដល់ការបោសសម្អាតមីនតាមព្រំដែន និងឧបត្ថម្ភគាំទ្រដល់ជនភៀសសឹកផងដែរ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីននៅកម្ពុជា ក្នុងនោះក៏មានប្រទេសសហរដ្ឋអាមេរិក ក៏បានចូលរួមចំណែកអស់រយៈពេលជាង៣០ឆ្នាំ និងក៏ជាម្ចាស់ជំនួយធំជាងគេរហូតដល់ជាង ២០០លានដុល្លារអាមេរិក សម្រាប់ប្រតិបត្តិការជាតិស៊ីម៉ាក់ក្នុងកិច្ចការសកម្មភាពមីនមនុស្សធម៌ជួយសង្គ្រោះអាយុជីវិត និងផ្តល់ដីប្រកបដោយសុវត្ថិភាពជូនដល់ប្រជាជនកម្ពុជាបានយ៉ាងច្រើន។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានចាត់ទុកភាពជាដៃគូ និងការបន្តកិច្ចសហប្រតិបត្តិការរបស់សហរដ្ឋអាមេរិក នឹងមានសារៈសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ គាំទ្រសហគមន៍ដែលរងផលប៉ះពាល់ និងសម្រេចបាននូវគោលដៅរួមនៃប្រទេសកម្ពុជាដែលមានសុវត្ថិភាព និងគ្មានមីន៕




