Close

កម្ពុជាតវ៉ាជំទាស់យ៉ាងខ្លាំងនឹងសកម្មភាពខុសច្បាប់របស់កងកម្លាំងប្រដាប់អាវុធថៃ

ដោយ៖Liching Yi | ថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២៦ កម្ពុជាថ្ងៃនេះ
កម្ពុជាតវ៉ាជំទាស់យ៉ាងខ្លាំងនឹងសកម្មភាពខុសច្បាប់របស់កងកម្លាំងប្រដាប់អាវុធថៃ កម្ពុជាតវ៉ាជំទាស់យ៉ាងខ្លាំងនឹងសកម្មភាពខុសច្បាប់របស់កងកម្លាំងប្រដាប់អាវុធថៃ

យោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា កម្ពុជាបានធ្វើការតវ៉ាជំទាស់ជាផ្លូវការប្រឆាំងនឹងសកម្មភាពថ្មីៗជាបន្តបន្ទាប់របស់កងកម្លាំងប្រដាប់អាវុធថៃដែលបានរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជានៅទីតាំងមួយចំនួនតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលនោះបានឲ្យដឹងថា នៅចន្លោះថ្ងៃទី២៣ និងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ បុគ្គលិកយោធា និងជនស៊ីវិលថៃបានធ្វើការសាងសង់ និងជីកកកាយខុសច្បាប់នៅលើពយភ្នំប្រាសាទព្រះវិហារ រួមទាំងការសាងសង់ប៉ុស្តិ៍យាម និងផ្លូវឆ្ពោះទៅកាន់វត្តកែវសិក្ខាគិរីស្វារៈ។ សកម្មភាពទាំងនេះបានប្រព្រឹត្តផ្ទុយពីសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ ឆ្នាំ១៩៦២ និងឆ្នាំ២០១៣ ដែលបានបញ្ជាក់ថា ប្រាសាទព្រះវិហារ និងពយភ្នំប្រាសាទព្រះវិហារទាំងមូល ស្ថិតនៅ ក្នុងដែនដីអធិបតេយ្យរបស់កម្ពុជា។

កងកម្លាំងប្រដាប់អាវុធ និងព្រះសង្ឃថៃក៏បានបន្តសាងសង់ព្រះពុទ្ធរូបធំមួយអង្គ នៅតំបន់បុស្សស្បូវ- ជាំតែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បើទោះជាមានសំណើម្តងហើយម្តងទៀតពីភាគីកម្ពុជាឱ្យបញ្ឈប់ការងារសាងសង់នេះ ដែលបានចាប់ផ្តើមនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ក៏ដោយ។

រហូតដល់ពេលនេះ កងកម្លាំងប្រដាប់អាវុធថៃនៅតែបន្តសាងសង់ហេដ្ឋារចនាសម្ព័ន្ធអចិន្ត្រៃយ៍នៅក្នុង តំបន់ប្រាសាទតាក្របី រួមទាំងផ្លូវបេតុង ជណ្តើរដែក និងរូបសំណាកព្រះពុទ្ធ ក្នុងបំណងបង្កើតជាតំបន់ ទេសចរណ៍ និងទីតាំងយោធា។ សកម្មភាពខុសច្បាប់ស្រដៀងគ្នានេះ ក៏បានកើតឡើងនៅតំបន់ជប់អង្គញ់និង ដើមត្រាង (ខេត្តឧត្តរមានជ័យ) ដែលកងកម្លាំងថៃបានធ្វើការតម្លើងទង់ជាតិ និងសាងសង់ផ្លូវបេតុង។

សកម្មភាពដែលរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជាទាំងនេះ គឺផ្ទុយនឹងមាត្រា ៥ នៃអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ ស្តីពីការវាស់វែង និងខ័ណ្ឌសីមាព្រំដែនគោក ដែលហាមឃាត់រាល់សកម្មភាពដែលធ្វើឱ្យមានការប្រែប្រួលរូបរាង ឬបរិស្ថាននៃតំបន់ព្រំដែន និងអាចរារាំងដល់ការងាររបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក ។ សកម្មភាពទាំងនេះ ក៏ផ្ទុយនឹងស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ផងដែរ។

សេចក្តីប្រកាសព័ត៌មានដដែលនេះក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានអំពាវនាវឱ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងអស់ខាងលើ និងគោរពឱ្យបានពេញលេញនូវសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងទ្វេភាគីពាក់ព័ន្ធផ្សេងទៀត។ កម្ពុជានៅតែប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនទាំងអស់ដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ទន្ទឹមនេះ ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ថា ព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយកម្លាំង ឬ ដោយស្ថានការណ៍ដែលបង្កើតឡើងជាឯកតោភាគីនោះឡើយ៕

អត្ថបទទាក់ទង