ឯកឧត្តម វង្សី វិស្សុត៖ ការឈ្លានពាន និង «ច្បាប់អ្នកខ្លាំងឈ្នះ» ជាបញ្ហាប្រឈមធំសម្រាប់កម្ពុជា
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ក្នុងក្របខ័ណ្ឌនៃបរិការណ៍សកល កម្ពុជាយើងកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដោយសារច្បាប់អន្តរជាតិដែលជាមូលដ្ឋាននៃសណ្តាប់ធ្នាប់ពិភពលោកចាស់បច្ចុប្បន្នបានចុះខ្សោយនិងកំពុងបែកបាក់។ ឯកឧត្តម បានបន្តថា យន្តការរបស់ស្ថាប័នសកលនិងអង្គការអន្តរជាតិដែលដើរតួនាទីដោះស្រាយបញ្ហាពិភពលោកធំៗ លែងសូវមានប្រសិទ្ធភាព ក្នុងខណៈសណ្តាប់ធ្នាប់ពិភពលោកថ្មីមិនទាន់កើតឡើងនៅឡើយ។ ស្ថិតក្នុងស្ថានភាពអន្តរកាលនេះ ច្បាប់អន្តរជាតិមានតែនៅលើបបូរមាត់ឬអាចហៅថា ច្បាប់ព្រៃ (Jungle Law) ពោលគឺអ្នកណាដែលមានជាង ខ្លាំងជាង គឺជាអ្នកឈ្នះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានសង្កត់ធ្ងន់ថា កម្ពុជាយើងដែលជាប្រទេសតូចទន់ខ្សោយ និងត្រូវពឹងផ្អែកលើច្បាប់អន្តរជាតិ និងប្រព័ន្ធអន្តរជាតិ ច្បាស់ជាអាចទទួលការរងគ្រោះជាងគេ។ ទន្ទឹមនេះ ការឈ្លានពានរបស់ថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ក៏ដូចជាមហិច្ឆតាចង់បានទឹកដីកម្ពុជារបស់ថៃ ដូចប្រវត្តិសាស្រ្តបានកត់ត្រាទុករាប់រយឆ្នាំកន្លងមក គឺជាការគំរាមកំហែងដ៏ធំសម្រាប់ប្រទេសជាតិយើង។
ពាក់ព័ន្ធនឹងបញ្ហាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) វិញ ឯកឧត្តម បានបញ្ជាក់ថា នេះជាបញ្ហាប្រឈមមួយសម្រាប់សន្តិសុខជាតិ និងកេរ្តិ៍ឈ្មោះរបស់កម្ពុជាផងដែរ ដែលហេតុនេះហើយបានជារាជរដ្ឋាភិបាលបានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ក្នុងការបោសសម្អាតឱ្យអស់ជាស្ថាពរ។ ថ្មីៗនេះ រាជរដ្ឋាភិបាលក៏បានរៀបចំ និងអនុម័តសេចក្ដីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដើម្បីសម្អាតប្រទេសយើងពីអំពើឧក្រិដ្ឋកម្មឆ្លងដែននេះ ស្តារកេរ្តិ៍ឈ្មោះប្រទេសជាតិយើងនិងកសាងទំនុកចិត្តពីអន្តរជាតិ ដើម្បីជាប្រយោជន៍ជាតិ សន្តិសុខជាតិនិងអនាគតកូនចៅជំនាន់ក្រោយ ក៏ដូចជាដើម្បីកុំឱ្យថៃយកបញ្ហានេះធ្វើជាលេសឈ្លានពានកម្ពុជា។
ជុំវិញបញ្ហាសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាវិញ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ថា បញ្ហានេះអាចធ្វើឱ្យមានវិបត្តិថាមពល ដោយសារតម្លៃប្រេងឡើងថ្លៃ និងការដាច់ដោចនៃខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក នឹងធ្វើឱ្យអត្រាអតិផរណាហក់ឡើងខ្ពស់ និងប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ច-សង្គមគ្រប់ប្រភេទ។ ប្រការនេះ ក៏នឹងដាក់សម្ពាធបន្ថែមដល់កម្ពុជាយើងលើសមរភូមិសេដ្ឋកិច្ច និងជីវភាពប្រជាជនផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានបន្តថា ចំពោះមុខស្ថានភាពគ្រោះថ្នាក់ និងបញ្ហាប្រឈមខាងលើនេះ យើងទាំងអស់គ្នាត្រូវមានការភ្ញាក់រឭក មិនត្រូវភ្លេចខ្លួន ហ៊ានលះបង់ ហ៊ានវះកាត់ និងកែទម្រង់ ដើម្បីពង្រឹងខ្លួនឱ្យរឹងមាំ ពង្រឹងភាពជាម្ចាស់ ត្រូវចេះរស់ដោយខ្លួនឯង ពឹងលើខ្លួនឯង និងអាចការពារដោយខ្លួនឯងបាន ព្រោះជាតិយើងត្រូវរៀនរស់នៅក្នុងស្ថានភាពអាសន្នត្រូវតែកសាងភាពធន់ឱ្យបាន។ ដូចនេះ យើងត្រូវរក្សាឱ្យបាននូវសាមគ្គីជាតិនិងឯកភាពជាតិជាធ្លុងមួយ ហើយមិនមែនត្រឹមសាមគ្គីឯកភាពតែជាស្មារតីទេ ត្រូវចេះចែករំលែក និងរួមគ្នាធ្វើសកម្មភាពជាក់ស្តែងឱ្យចេញជាលទ្ធផលថែមទៀត៕





