សម្តេចតេជោ ហ៊ុន សែន អញ្ជើញគាល់សួរសុខទុក្ខព្រះមហាក្សត្រនៅរដ្ឋធានីប៉េកាំង ខណៈព្រះរាជសុខភាពព្រះអង្គមានសភាពល្អប្រសើរ
សម្តេចតេជោ ហ៊ុន សែន អញ្ជើញគាល់សួរសុខទុក្ខព្រះមហាក្សត្រនៅរដ្ឋធានីប៉េកាំង ខណៈព្រះរាជសុខភាពព្រះអង្គមានសភាពល្អប្រសើរ
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានចូលគាល់សួរសុខទុក្ខព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ដល់មន្ទីរពេទ្យក្នុងរដ្ឋធានីប៉េកាំង ប្រទេសចិន នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦។
យោងតាមការចុះផ្សាយលើបណ្ដាញសង្គមផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា កិច្ចចូលគាល់សួរសុខទុក្ខនេះ បានធ្វើឡើងនៅវេលាម៉ោង ៩:៣០ នាទីព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង) នៅក្នុងមន្ទីរពេទ្យរយៈពេលប្រមាណ៨នាទី។
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ឱ្យដឹងពីស្ថានភាពព្រះរាជសុខភាពរបស់ព្រះអង្គយ៉ាងដូច្នេះថា៖ “ជាទូទៅព្រះរាជសុខភាពព្រះអង្គបានប្រសើរឡើង ព្រះអង្គមានរាជបន្ទូលឆ្លងឆ្លើយជាមួយទូលព្រះបង្គំជាធម្មតា ទោះបីព្រះអង្គផ្ទុំដាក់សេរ៉ូម ដែលជាទម្លាប់ធម្មតានៃអ្នកជំងឺក្រោយការវះកាត់ក៏ដោយ”។
សម្តេចតេជោ ហ៊ុន សែន ក៏បានបន្ថែមថា នៅក្នុងឱកាសដ៏វិសេសវិសាលនោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានព្រះរាជទានផ្ដាំផ្ញើនូវការសាកសួរសុខទុក្ខតាមរយៈសម្តេចតេជោ ប្រគេនដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូប ដោយក្ដីនឹករលឹកបំផុត។
គួរបញ្ជាក់ថា ការចូលគាល់សួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅពេលនេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះព្រះរាជសុខភាពរបស់អង្គព្រះមហាក្សត្រ ដែលជាម្លប់ដ៏ត្រជាក់ត្រជុំនៃប្រជាជាតិខ្មែរទាំងមូល៕



