Close

កម្ពុជាគឺជាប្រទេសដំបូងគេនៅមហាអនុតំបន់ទន្លេមេគង្គ ដែលសម្រេចបាននូវគោលដៅផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់តាមផែនការ

ដោយ៖Liching Yi | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២៦ កម្ពុជាថ្ងៃនេះ
កម្ពុជាគឺជាប្រទេសដំបូងគេនៅមហាអនុតំបន់ទន្លេមេគង្គ ដែលសម្រេចបាននូវគោលដៅផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់តាមផែនការ កម្ពុជាគឺជាប្រទេសដំបូងគេនៅមហាអនុតំបន់ទន្លេមេគង្គ ដែលសម្រេចបាននូវគោលដៅផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់តាមផែនការ

យោងតាមសារលិខិតក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់​ ដែលនឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ក្រោមប្រធានបទ “ប្តេជ្ញាបញ្ចប់ជំងឺគ្រុនចាញ់៖ ឥឡូវនេះ យើងអាចធ្វើបាន និងយើងត្រូវតែធ្វើ” បានឱ្យដឹងថា រាជរដ្ឋាភិបាលបានបង្ហាញពីការប្តេជ្ញាចិត្តដ៏មុតមាំក្នុងការសម្រេចគោលដៅ និងធានាលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងពីក្នុងប្រទេស ចូលរួមចំណែកគាំទ្រគោលដៅតំបន់និងសកល និងការអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងមជ្ឈដ្ឋានជាតិ និងអន្តរជាតិឱ្យបន្តចូលរួមសហការនិងសហប្រតិបត្តិការប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ប្រកបដោយនិរន្តរភាព។

សារលិខិតដដែលនោះបានឱ្យដឹងទៀតថា ប្រធានបទនៃទិវាគ្រុនចាញ់ពិភពលោក និងទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ និងសមិទ្ធផលដែលព្រះរាជាណាចក្រកម្ពុជាសម្រេចបាននាពេលនេះ ពិតជាបានឆ្លុះបញ្ចាំង និងបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ការលុបបំបាត់ជំងឺគ្រុនចាញ់ គឺយើងពិតជាអាចធ្វើបាន និងត្រូវតែធ្វើទាំងអស់គ្នា ទាំងបុគ្គល គ្រួសារ និងសហគមន៍នៅគ្រប់កម្រិត ព្រមទាំងការសហការពីគ្រប់ភាគី ទាំងកម្រិតជាតិនិងអន្តរជាតិ។ ទន្ទឹមនេះ តួនាទីចម្បង របស់យើងទាំងអស់គ្នា គឺត្រូវតែការពារខ្លួនយើងកុំឱ្យសត្វមូសខាំ និងរួសរាន់ស្វែងរកសេវាពិនិត្យពិគ្រោះសុខភាពដែល នៅជិតបំផុត បើសង្ស័យថាអាចទទួលការចម្លងជំងឺគ្រុនចាញ់បន្ទាប់ពីបានស្នាក់នៅក្នុងភូមិសាស្ត្រមានការចម្លងជំងឺ គ្រុនចាញ់។ ការបញ្ចប់ជំងឺគ្រុនចាញ់ ត្រូវតែជាគោលដៅរួមគ្នាតែមួយ សម្រាប់បង្ការខ្លួនយើងគ្រប់ៗរូប បង្ការគ្រួសារ គ្រប់ៗគ្នា និងបង្កើនជីវភាពគ្រួសារនិងសេដ្ឋកិច្ចសង្គម។

គួរបញ្ជាក់ផងដែរថា ព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសដំបូងគេនៅក្នុងចំណោមប្រទេសស្ថិតនៅមហាអនុតំបន់ទន្លេមេគង្គ ដែលសម្រេចបាននូវគោលដៅផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់តាមផែនការ។ សមិទ្ធផលដ៏ត្រចះត្រចង់នេះ ពិតជាគំរូមេរៀនដ៏ល្អមួយនៃជំហានដំបូងរបស់ផែនការយុទ្ធសាស្ត្រជាតិ ជាត្រីវិស័យច្បាស់លាស់ ត្រឹមត្រូវ ដែលយើងត្រូវបន្តដំណើរដ៏វែងឆ្ងាយទៀតប្រកបដោយស្ថិរភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព សមធម៌ និង បរិយាបន្ន ក្នុងបរិបទបច្ចេកវិទ្យាឌីជីថល ក្រោមឥរិយាបថទទួលខុសត្រូវខ្ពស់ក្នុងឆន្ទៈប្តេជ្ញារួមគ្នាបង្ការ ទប់ស្កាត់ និង ធានាថាជំងឺគ្រុនចាញ់នឹងមិនកើតមានក្នុងប្រទេសកម្ពុជាឡើងវិញ គិតចាប់ពីឆ្នាំ២០២៦-២០៣៥ ព្រមទាំងបង្ការ ទប់ស្កាត់ទាន់ពេលវេលានៃការរីករាលដាលជំងឺគ្រុនចាញ់នាំចូលពីបណ្តាប្រទេសផ្សេងទៀតដែលនៅមានជំងឺគ្រុនចាញ់នៅឡើយ៕

អត្ថបទទាក់ទង