លទ្ធផលកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ បង្ហាញថា កម្ពុជា-ចិន ពេញចិត្តយ៉ាងខ្លាំង ភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ និងប្ដេជ្ញាជំរុញក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសំខាន់ៗជាច្រើនទៀត
លទ្ធផលកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ បង្ហាញថា កម្ពុជា-ចិន ពេញចិត្តយ៉ាងខ្លាំង ភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ និងប្ដេជ្ញាជំរុញក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសំខាន់ៗជាច្រើនទៀត
តាមរយៈលទ្ធផលនៃកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ លើកទីមួយ រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន បានឱ្យដឹងថា ភាគីទាំងពីរបានកត់សម្គាល់ដោយការពេញចិត្តយ៉ាងខ្លាំង ភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុង ជ្រោយកម្ពុជា-ចិន បន្តវិវត្តទៅមុខដោយភាពច្បាស់លាស់ មានទិសដៅ និងប្រកបដោយមហិច្ឆតា ដែលបង្ហាញពីភាពធន់ និងភាពចាស់ទុំកាន់តែខ្លាំងឡើង និងបានបញ្ជាក់សាជាថ្មីនូវ «មិត្តភាពដែកថែប» ដ៏រឹងមាំ រវាងកម្ពុជា និងចិន ដោយផ្អែកលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ការជឿទុកចិត្ត និងការគាំទ្រឥត ងាករេចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក។ ក្នុងន័យនេះ កម្ពុជាគាំទ្រយ៉ាងមុតមាំចំពោះ គំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ ក៏ដូចជាគំនិតផ្ដួចផ្ដើមសកលទាំងបួន ដែលបានដាក់ចេញដោយឯកឧត្ដម
ប្រធានាធិបតី ស៊ី ជីនពីង ស្ដីពីការអភិវឌ្ឍ សន្តិសុខ អរិយធម៌និងអភិបាលកិច្ច។
យោងតាមសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ក្រសួងការបរទេស បានបញ្ជាក់ថា កិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ លើកទីមួយ រវាងកម្ពុជានិងចិន ត្រូវបានដឹកនាំខាងកម្ពុជាដោយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម ទៀ សីហា ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯខាងភាគីចិនគឺដោយ ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេស និង ឯកឧត្តម តុង ជុន រដ្ឋមន្ត្រីក្រសួងការពារជាតិ ។
ក្រសួងការបរទេស បានបន្ថែមថា កិច្ចសន្ទនាលើកដំបូងនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៃទំនាក់ទំនងកម្ពុជា-ចិន ដែលឆ្លុះបញ្ចាំង ឱ្យឃើញពីការប្ដេជ្ញាចិត្តរួមរបស់ភាគីទាំងពីរ ក្នុងការពង្រឹងកិច្ចសម្របសម្រួលជាយុទ្ធសាស្ត្រ និងជំរុញការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។
កិច្ចសន្ទនានេះបានឆ្លុះបញ្ចាំងពីទស្សនៈរួមរវាងប្រទេសទាំងពីរ លើបញ្ហានយោបាយ សន្តិសុខ ព្រមទាំងលើបញ្ហាតំបន់ និងអន្តរជាតិ។ ក្នុងន័យនេះ ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សា
ការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ ការពង្រឹងទំនាក់ទំនងរវាងស្ថាប័ន និងការលើកកម្ពស់ការសម្របសម្រួលក្នុងចំណោមក្រសួង និងស្ថាប័ននៃប្រទេសទាំងពីរ។
ភាគីទាំងពីរបានឯកភាពគ្នាថា យន្តការ «២+២» នេះ នឹងដើរតួនាទីជាវេទិកាដ៏សំខាន់មួយ ក្នុងការ ធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងជាយុទ្ធសាស្ត្រ បង្កើនការសម្របសម្រួលគោលនយោបាយ និងរួមគ្នាឆ្លើយតប ចំពោះបញ្ហាប្រឈមដែលកំពុងកើតមានឡើង ទាំងក្នុងប្រទេសរៀងៗខ្លួន ទាំងក្នុងតំបន់ និងសកលលោក។ ភាគីទាំងពីរក៏បានឯកភាពដំឡើងកិច្ចសន្ទនា ២+២ ទៅជា ៣+៣ ដោយមានការចូលរួមពីក្រសួង មហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈនៃសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បីឆ្លើយតបនឹងការកើនឡើងនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងការវិវត្តនៃសភាពការណ៍តំបន់និងអន្តរជាតិ។
សម្រាប់ពេលអនាគត កម្ពុជា និងចិនបានឯកភាពគ្នាធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការជាក់ស្តែង ទាំងក្នុងវិស័យជាប្រពៃណី និងវិស័យថ្មីៗដែលមានសក្តានុពល រួមមាន បរិវត្តកម្មឌីជីថល ការអភិវឌ្ឍបៃតង សេដ្ឋកិច្ចពណ៌ខៀវ ការតភ្ជាប់ ខ្សែច្រវាក់ផ្គត់ផ្គង់ដែលមានភាពធន់ កិច្ចសហ ប្រតិបត្តិការហិរញ្ញវត្ថុ និងការផ្លាស់ប្ដូរប្រជាជន និងប្រជាជន។ ក្នុងបរិបទនេះ ភាគីទាំងពីរបានបញ្ជាក់ សារជាថ្មីនូវការប្ដេជ្ញាចិត្តក្នុងការជំរុញក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសំខាន់ៗ រួមមានក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការត្បូងពេជ្រ ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា និងច្រករបៀងមច្ឆា និងអង្ករ ដែលនឹងបន្តជំរុញឱ្យមានលទ្ធផលជាក់ស្តែង និងមានផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជនទាំងពីរ។
ទន្ទឹមនឹងនោះ ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីនូវការតាំងចិត្តរួមគ្នាក្នុងការជំរុញបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រ
គ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ដែលមិនត្រឹមតែរួមចំណែកដល់វិបុលភាពនៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងសកលលោកផងដែរ៕




