សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កាតព្វកិច្ចយោធា គឺបណ្តុះយុវជនឱ្យមានវិន័យ និងសីលធម៌ល្អ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា ការអនុវត្តកាតព្វកិច្ចយោធាសម្រាប់យុវជនដែលជាកម្មករនិយោជិកភេទប្រុស ដែលមានអាយុចាប់ពី ១៨ ដល់ ២៥ឆ្នាំ មិនមែនជាការបង្ខិតបង្ខំ ឬការប្រមូលយកទាំងអស់នោះទេ ប៉ុន្តែជាការជ្រើសរើសដោយផ្អែកលើ «ស្មារតីស្ម័គ្រចិត្ត» ដើម្បីបំពេញតាមតម្រូវការជាក់ស្តែងរបស់កងទ័ព។
ការថ្លែងនេះត្រូវបានធ្វើឡើងក្នុងឱកាសដែលសម្តេចធិបតី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំសហជីព សមាគម និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅសាលមហោស្រពកោះពេជ្រ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦។
នាឱកាសនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងបន្តថា ការកំណត់យកអាយុ ១៨ ដល់អាយុ២៥ឆ្នាំ សម្រាប់កាតព្វកិច្ចយោធានេះ គឺដើម្បីផ្តល់ឱកាសដល់យុវជនទទួលបានការបណ្តុះបណ្តាលយ៉ាងពេញលេញក្នុងរយៈពេល ២ឆ្នាំ។ គោលដៅចម្បងនៃការហ្វឹកហ្វឺននេះ គឺការបណ្តុះនូវវិន័យ សីលធម៌ សាមគ្គីភាព និងរបៀបរបបធ្វើការជាក្រុម ដើម្បីបម្រើផលប្រយោជន៍ជាតិ និងលើកកម្ពស់សុវត្ថិភាពសង្គម មិនមែនសម្រាប់ការប្រើអំពើហិង្សានោះឡើយ។
ជាមួយគ្នានោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងបញ្ជាក់ពីតម្លៃនៃការហ្វឹកហាត់នេះថា៖ «ការហ្វឹកហាត់យោធាមិនមែនមានន័យថា រៀនតែបាញ់កាំភ្លើងនោះទេ ប៉ុន្តែកងទ័ពមានវគ្គហ្វឹកហ្វឺនជាច្រើន រួមទាំងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈផ្សេងៗ មុនពេលបញ្ចប់កាតព្វកិច្ច ២ឆ្នាំ។ នេះគឺជាការលត់ដំឱ្យយុវជនក្លាយទៅជាធនធានមនុស្សដែលមានវិន័យ មានជំនាញច្បាស់លាស់ និងមានសមត្ថភាពខ្ពស់ ដែលនឹងក្លាយទៅជាកម្លាំងពលកម្មដ៏មានសក្តានុពលបំផុតសម្រាប់ទីផ្សារការងារ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងមូល»៕




