Close

ហេតុអ្វីបានជារាជរដ្ឋាភិបាលសម្រេចដាក់ឱ្យអនុវត្ដច្បាប់កាតព្វកិច្ចយោធាក្នុងឆ្នាំ២០២៦?

ដោយ៖Liching Yi | ថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦ កម្ពុជាថ្ងៃនេះ
ហេតុអ្វីបានជារាជរដ្ឋាភិបាលសម្រេចដាក់ឱ្យអនុវត្ដច្បាប់កាតព្វកិច្ចយោធាក្នុងឆ្នាំ២០២៦? ហេតុអ្វីបានជារាជរដ្ឋាភិបាលសម្រេចដាក់ឱ្យអនុវត្ដច្បាប់កាតព្វកិច្ចយោធាក្នុងឆ្នាំ២០២៦?

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការដាក់ឱ្យអនុវត្ដច្បាប់កាតព្វកិច្ចយោធានៅក្នុងឆ្នាំ២០២៦នេះ គឺពិតជាចាំបាច់ និងមិនអាចខ្វះបាន ក្នុងការធានាភាពរស់រានមានជីវិតរបស់ជាតិ និងការឯកភាពជាតិរបស់កម្ពុជាទាំងមូល។

ថ្លែងនៅក្នុងឱកាសធ្វើបទអន្តរាគមន៍ ក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ លើរបៀបវារៈ “សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា” ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ព្រោះការអនុវត្ដនេះ វាមិនត្រឹមតែរួចចំណែកពង្រឹក និងបង្កើតសមត្ថភាពរក្សាសន្ដិភាព ការពារអធិបតេយ្យ បូរណភាពទឹកដី និងមាតុភូមិប៉ុណ្ណោះទេ។ ពោលគឺថែមទាំងបានជួយពង្រឹងសមត្ថភាពធនធានមនុស្សប្រកបដោយ វិន័យ សីលធម៌ វិជ្ជាជីវៈ សមត្ថភាព និងសុច្ឆន្ទៈ បម្រើជាតិមាតុភូមិ ដែលជាមូលធនដ៏ពិសិទ្ធិសម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ។

សម្ដេចធិបតី បានបន្ដថា ស្ថិតនៅក្នុងកាលៈទេសៈនេះ ការគោរពច្បាប់អន្ដរជាតិកាន់តែថយចុះ បានធ្វើឱ្យប្រទេសតូចដូចកម្ពុជា ដែលប្រកាន់ជំហរអព្យាក្រឹត មិនចូលបក្សសម្ព័ន្ធ កាន់តែត្រូវបង្កើនសមត្ថភាព និងភាពធន់របស់ខ្លួនបន្ថែមទៀត ដើម្បីឆ្លើយតបទៅលើការគំរាមគំហែងលើសុវត្ថិភាព សន្ដិភាព អព្យាក្រឹតភាព និងបូរណាភាពទឹកដី។

សម្ដេចធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា ជាក់ស្ដែងការគំរាមគំហែងលើអធិបតេយ្យរបស់កម្ពុជានាពេលនេះ គឺជាឧទាហរណ៍មួយស្រាប់ ដែលយើងត្រូវតែខំប្រឹងប្រែង។ ទន្ទឹមនឹងនេះ ការធ្វើទំនើបកម្មយោធាទទួលបានជោគជ័យ អាស្រ័យលើប្រសិទ្ធិភាពរបស់កងទ័ពការពារជាតិ នៅក្នុងការចាប់យកបច្ចេកវិទ្យាសមស្រប និងទំនើបទាន់សម័យ ដែលមានន័យថា យើងមានភាពចាំបាច់ត្រូវបង្កើនកម្លាំងទ័ពវ័យក្មេង ដែលមានថាមពល និងមានចំណេះដឹងផ្នែកបច្ចេកវិទ្យា ហើយអាចជាធនធានសម្រាប់យកទៅធ្វើជាអាជីពផង និងសម្រាប់ផ្ដល់ឱ្យវិស័យស៊ីវិលផង តាមរយៈយន្ដការនេះ៕

អត្ថបទទាក់ទង