Close

ព្រឹទ្ធសភាកម្ពុជា៖ បទឈប់បាញ់មិនមែនជាលេសសម្រាប់កាន់កាប់អធិបតេយ្យកម្ពុជាខុសច្បាប់ឡើយ

ដោយ៖Liching Yi | 2 ម៉ោងមុន កម្ពុជាថ្ងៃនេះ
ព្រឹទ្ធសភាកម្ពុជា៖ បទឈប់បាញ់មិនមែនជាលេសសម្រាប់កាន់កាប់អធិបតេយ្យកម្ពុជាខុសច្បាប់ឡើយ ព្រឹទ្ធសភាកម្ពុជា៖ បទឈប់បាញ់មិនមែនជាលេសសម្រាប់កាន់កាប់អធិបតេយ្យកម្ពុជាខុសច្បាប់ឡើយ

នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ អ្នកនាំពាក្យព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានឆ្លើយតបចំពោះការអះអាងរបស់ប្រធានព្រឹទ្ធសភាថៃ ដែលថា កម្ពុជា «ជាអ្នកបាញ់មុន» ថា ថៃបានធ្វើ សកម្មភាពក្នុងក្របខ័ណ្ឌនៃសិទ្ធិស្វ័យការពារស្របច្បាប់ និងថា ថៃបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាម សេចក្ដីថ្លែងការណ៍រួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងបានចាត់ទុកជំហររបស់កម្ពុជាថា ជាការប៉ុនប៉ង «បង្ហាញខ្លួនឯងថាជាជនរងគ្រោះ» នោះ ទាំងនេះគ្រាន់តែជាការអះអាងជាឯកតោភាគី របស់ភាគីថៃតែប៉ុណ្ណោះ ហើយ ក៏មិនខុសប្លែកអ្វីពីការឃោសនាបំភ្លៃការពិត ប្រែក្លាយពីសទៅខ្មៅពីខ្មៅទៅស បំភ័ន្តមតិសាធារណៈសំដៅបិទបាំងសកម្មភាពឈ្លានពានរបស់ខ្លួនមកលើបូរណភាពទឹកដីកម្ពុជា។ ភាគីម្ខាងមិនអាចដើរតួជាអ្នកអះអាង ហើយក្នុងពេលជាមួយគ្នានោះ ដើរតួជាអ្នក វិនិច្ឆ័យលើការអះអាងរបស់ខ្លួនឯងនោះទេ។

គួរបញ្ជាក់ផងដែរថា កម្ពុជាមិនអាចទទួលយកការបកស្រាយណាមួយលើសេចក្ដីថ្លែងការណ៍រួម ថ្ងៃទី២៧ ខែ ធ្នូ ឆ្នាំ ២០២៥ ដែលប្រែក្លាយកិច្ចព្រមព្រៀងឈប់បាញ់ ទៅជាការទទួលស្គាល់អធិបតេយ្យលើដែនដី ឬជាការទទួលស្គាល់សិទ្ធិណាមួយដែលកើតចេញពីវត្តមាន ឬការគ្រប់គ្រងដោយយោធាលើដែនដី អធិបតេយ្យរបស់កម្ពុជា ឬលើតំបន់ដែលមានជម្លោះ ឬមិនទាន់បានខណ្ឌសីមា និងកំណត់ព្រំដែន ច្បាស់លាស់នោះឡើយ។

ផ្ទុយទៅវិញ បទឈប់បាញ់មិនអាចត្រូវបានយកមកធ្វើជាហេតុផល ដើម្បីបង្កើតសិទ្ធិថ្មីលើដែនដី ធ្វើឱ្យការកាន់កាប់ដែនដីដោយខុសច្បាប់ក្លាយជាស្របច្បាប់ ឬពង្រឹងស្ថានភាពដែលបង្កើតឡើងដោយឯកតោភាគីឱ្យក្លាយជាស្ថានភាពថ្មីលើដីជាក់ស្តែង (fait accompli) នោះឡើយ។ បញ្ហាអធិបតេយ្យ និងការកំណត់ព្រំដែន ត្រូវតែដោះស្រាយដោយអនុលោមតាមសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលអាចអនុវត្តបាន ច្បាប់អន្តរជាតិ និងយន្តការដោះស្រាយជម្លោះដោយសន្តិវិធីដែលមានសម្រាប់ភាគីទាំងពីរ៕

អត្ថបទទាក់ទង