ព្រឹទ្ធសភាកម្ពុជា៖ ច្បាប់អន្តរជាតិជា «ខែលការពារ» ប្រឆាំងនឹងការប្រើប្រាស់អំណាចឈ្លានពានរបស់យោធាថៃ
នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ អ្នកនាំពាក្យព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ជំហរផ្លូវការឆ្លើយតបទៅនឹងការលើកឡើងរបស់ប្រធានព្រឹទ្ធសភាថៃដែលបានស្នើមិនឱ្យធ្វើអន្តរជាតូបនីយកម្មលើវិវាទព្រំដែនរវាងប្រទេសទាំងពីរ។
អ្នកនាំពាក្យព្រឹទ្ធសភាបានគូសបញ្ជាក់ថា កម្ពុជាគ្មានបំណងធ្វើឱ្យវិវាទទ្វេភាគីនេះក្លាយជាបញ្ហាអន្តរជាតិ ដើម្បីបម្រើគោលបំណងនយោបាយណាមួយឡើយ។ ប្រសិនបើភាគីថៃពិតជាចង់បញ្ចៀសការ យកចិត្តទុកដាក់ពីសហគមន៍អន្តរជាតិមែននោះ មធ្យោបាយដែលមានប្រសិទ្ធភាពបំផុត មិនមែនជាការទាមទារឱ្យកម្ពុជានៅស្ងៀមនោះទេ ប៉ុន្តែគឺថៃត្រូវដោះស្រាយឬសគល់នៃបញ្ហាជាក់ស្តែងនៅលើដី ដោយត្រូវដកកងកម្លាំងរបស់ ខ្លួនចេញពីទឹកដីកម្ពុជា បញ្ឈប់រាល់សកម្មភាពផ្លាស់ប្ដូរស្ថានភាពដើម (fait accompli) និងអនុញ្ញាតឱ្យប្រជាជនស៊ីវិលកម្ពុជាភៀសខ្លួនអាចវិលត្រឡប់ទៅកាន់លំនៅឋានវិញដោយសុវត្ថិភាព និងដោយសេចក្ដីថ្លៃថ្នូរ។
ព្រឹទ្ធសភាកម្ពុជាបានបញ្ជាក់ថា ការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិ គឺជាផល វិបាកដែលកើតចេញពីការរំលោភបំពាននៅលើដីជាក់ស្តែង មិនមែនជាដើមហេតុនៃបញ្ហានោះឡើយ។ ដូច្នេះ ដំណោះស្រាយដ៏ប្រាកដប្រជាបំផុតគឺការស្តារឡើងវិញនូវការគោរពអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ព្រមទាំងការអនុវត្តច្បាប់អន្តរជាតិឱ្យបានពេញលេញ។
ជាមួយគ្នានេះផងដែរ ព្រឹទ្ធសភាកម្ពុជាបានសង្កត់ធ្ងន់ថា ការប្រើប្រាស់យន្តការតំបន់ និងអន្តរជាតិប្រកបដោយការទទួលខុសត្រូវ មិនគួរត្រូវបានចាត់ទុកថាជាការប្រឈមមុខដាក់គ្នានោះទេ។ ផ្ទុយទៅវិញ នីតិវិធីផ្លូវច្បាប់ និងការទូតដោយសន្តិវិធី គឺជាឧបករណ៍ដ៏សំខាន់ក្នុងការទប់ស្កាត់ភាពតានតឹង កាត់បន្ថយការយល់ច្រឡំ និងស្វែងរកដំណោះស្រាយដ៏យុត្តិធម៌ និងយូរអង្វែងដោយមានច្បាប់អន្តរជាតិជា «ខែលការពារ»ដ៏រឹងមាំប្រឆាំងនឹងការបង្ខិតបង្ខំ និងការប្រើប្រាស់អំណាចដោយបំពាន៕









