សម្ដេចធិបតី៖ ការការពារទឹកដី និងអាយុជីវិតប្រជាជនគឺជាអាទិភាពធំបំផុត
ថ្លែងនៅក្នុងឱកាសពិធីអបអរសាទរខួបលើកទី៨០ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សម្ពោធអគារសិក្សា ២ខ្នង និងចែកសញ្ញាបត្រដល់និស្សិត នៅរាជធានីភ្នំពេញ នាថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលមិនដែលទុកប្រជាពលរដ្ឋ និងជនភៀសសឹកចោលនោះឡើយ ហើយអ្នកដែលប៉ុនប៉ងញុះញង់ឱ្យប្រជាពលរដ្ឋនៅតាមព្រំដែនស្អប់រដ្ឋាភិបាល គឺកំពុងយល់ខុស និងវាយតម្លៃទឹកចិត្តប្រជាពលរដ្ឋខុសទាំងស្រុង។
សម្តេចធិបតី បានមានប្រសាសន៍ថា អ្នកដែលនៅឆ្ងាយរាប់រយ រាប់ពាន់គីឡូម៉ែត្រ មិនបានយល់ពីការលំបាកជាក់ស្តែងនោះទេ ខណៈដែលរាជរដ្ឋាភិបាលក៏ចង់ឱ្យប្រជាពលរដ្ឋទទួលបានការសងពេញលេញ និងមិនចង់ឱ្យសង្គ្រាមផ្ទុះឡើងនោះដែរ ប៉ុន្តែសង្គ្រាមត្រូវបានបង្កឡើងដោយការឈ្លានពានចូលមកវាយប្រហារលើកម្ពុជាកាលពីថ្ងៃទី២៨ ដោយគេបានបិទព័ទ្ធប្រាសាទ បាញ់ផ្លោងគ្រាប់បែក និងប្រើប្រាស់យន្តហោះចម្បាំង F-16 មកកម្ទេចវត្តតាមាន់សែនជ័យ បណ្តាលឱ្យស្លាប់អាចារ្យម្នាក់ ធ្លាក់គ្រាប់ផ្លោងដល់ភ្នំសំពៅ បាញ់ត្រូវប្រជាជនកម្ពុជាដាច់ជើងនៅបាត់ដំបង និងករណីរត់ភៀសសឹកទាំងយប់តាមរថយន្តតាក់ស៊ីទៅដល់អូរស្មាច់ ដែលបានបណ្តាលឱ្យមនុស្ស ២នាក់ស្លាប់យ៉ាងអាណោចអាធ័មនៅកណ្តាលអធ្រាត្រ។
សម្តេចធិបតី បានសង្កត់ធ្ងន់ថា បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមព្រំដែន និងជនភៀសសឹកផ្ទាល់ គឺពួកគាត់យល់ច្បាស់ណាស់អំពីការលំបាកទាំងនេះ ហើយពួកគាត់ឃើញច្បាស់ណាស់ថាអ្នកណាដែលបានជួយពួកគាត់ពិតប្រាកដ ដោយរាជរដ្ឋាភិបាលមិនដែលទុកពួកគាត់ចោលឡើយ។ ប្រជាពលរដ្ឋបានសម្តែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ដែលគ្រប់ជំហានតែងតែគិតគូរខិតខំជួយពួកគាត់ ជួយស្តារឡើងវិញនូវកន្លែងស្នាក់នៅសមរម្យបណ្តោះអាសន្ន និងកំពុងបន្តខិតខំចរចាដើម្បីយកទឹកដីមកវិញ សំដៅផ្តល់លទ្ធភាពឱ្យពួកគាត់បានវិលត្រឡប់ទៅរស់នៅជាអចិន្ត្រៃយ៍នៅថ្ងៃខាងមុខ។
ជាចុងក្រោយ សម្តេចធិបតី បានផ្ញើសារ ទៅកាន់អ្នកដែលកេងចំណេញនយោបាយជ្រុលនិយមមួយចំនួននៅក្រៅប្រទេស ដោយបានបញ្ជាក់ថា រាជរដ្ឋាភិបាលមិនបានគិតគូរត្រឹមតែផ្ទះសម្បែងនោះទេ ប៉ុន្តែបានដាក់ចេញនូវគោលនយោបាយជាច្រើនដើម្បីស្តារជីវភាព សុខុមាលភាពរបស់ជនភៀសសឹក និងសេចក្តីសុខសាន្តរបស់ប្រទេសជាតិទាំងមូល ព្រោះថា «ការការពារទឹកដី និងការការពារប្រជាពលរដ្ឋ នៅតែជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល»៕




