កងយោធពលខេមរភូមិន្ទច្រានចោលការផ្សាយព័ត៌មានបំផ្លើសរបស់ សម រង្ស៊ី ដែលថា រាជរដ្ឋាភិបាលបានគំរាមកំហែង និងកាត់ប្រាក់ខែកងទ័ពជួរមុខ

នារសៀលថ្ងៃពុធ ទី៤ ខែកញ្ញា ឆ្នាំ២០២៥ នេះ អគ្គមេបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ បានចេញលិខិតបដិសេដមួយច្បាប់ ច្រានចោលទាំងស្រុងការផ្សាយព័ត៌មានបំផ្លើសរបស់ សម រង្ស៊ី ដែលថា «រាជរដ្ឋាភិបាល បានគំរាមកំហែងនិងកាត់ប្រាក់ខែ កងទ័ពជួរមុខ» និងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះបុគ្គលនេះនិងបក្ខពួក ដោយបានសង្កត់ធ្ងន់ថា ទាំងរាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន បានយកចិត្តទុកដាក់ខ្ពស់ក្នុង ការផ្តល់គោលរបប និងផ្គត់ផ្គង់បន្ថែមដល់កងទ័ពជួរមុខ ព្រមទាំងមានគោលរបបពិសេសចំពោះយោធិនពលី ពិការដើម្បីការពារជាតិមាតុភូមិ។
លិខិតដដែលបានគូសរំលេចថា ការផ្សព្វផ្សាយព័ត៌មានបំភ្លៃបំផ្លើសការពិតរបស់ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី និងបក្ខពួក មានគោលបំណងបំបាក់ស្មារតីនិងប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះកងយោធពលខេមរភូមិន្ទ ក៏ដូចជាប្រទេសជាតិ និងប្រជាជនខ្មែរ ដែលរងគ្រោះពីការរំលោភបំពានទាំងកម្រោលមកលើបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
ខ្លឹមសារលិខិតនោះបានបានបន្តថា ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី និងបក្ខពួក បាននិងកំពុងលុបបំបាត់កិត្តិយសវីរៈយុទ្ធជន និងជនរងគ្រោះ បំផ្លាញស្មារតីសាមគ្គីជាតិ ខណៈរាជរដ្ឋាភិបាល ប្រជាជនកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស ក៏ដូចជា កងយោធពលខេមរភូមិន្ទ បាននិងកំពុងតស៊ូក្រាញននៀលប្រយុទ្ធយ៉ាងប្តូរផ្តាច់ ហ៊ានបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី អធិបតេយ្យជាតិ និងប្រជាជន៕
