Close

នាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិកចូលសំចតនៅមូលដ្ឋានសមុទ្ររាមដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធា

ដោយ៖Liching Yi | ថ្ងៃសៅរ៍ ទី២៤ ខែមករា ឆ្នាំ២០២៦ កម្ពុជាថ្ងៃនេះ
នាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិកចូលសំចតនៅមូលដ្ឋានសមុទ្ររាមដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធា នាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិកចូលសំចតនៅមូលដ្ឋានសមុទ្ររាមដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធា

ដូចការគ្រោងទុកនាវាចម្បាំងសហរដ្ឋអាមេរិកមួយគ្រឿង ជាមួយនាវិកប្រមាណជា១០០នាក់ បានចូលដល់សមុទ្រកម្ពុជាហើយ ហើយនឹងចតនៅមូលដ្ឋានសមុទ្ររាមរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។ នាវា USS CINCINNATI (LCS 20) របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ បានចូលសំចតនៅផែលេខ២ មូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ ដោយបានទទួលការស្វាគមន៍ពីសំណាក់ឧត្តមនាវីត្រី អ៊ិន សុខេមរា មេបញ្ជាការរងមូលដ្ឋានសមុទ្ររាមដែលជាដំណើរទស្សនកិច្ចផ្លូវការ ដើម្បីសំដៅធានាលើកកម្ពស់កិច្ចសហប្រតិបត្តិការវាងយោធាប្រទេសទាំងពីរ។

មន្ដ្រីកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម បានឱ្យដឹងថា ទំនាក់ទំនងការទូតរវាងកម្ពុជា និងសហរដ្ឋអាមេរិក រហូតមកដល់បច្ចុប្បន្នមានរយៈពេល៧៦ឆ្នាំ ដោយចាប់ផ្តើមនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ១៩៥០ ក្រោយពេលបញ្ចប់សង្គ្រាមលោកលើកទី២។ ចាប់តាំងពីឆ្នាំ២០០៣ រហូតដល់ឆ្នាំ២០២៦នេះ នាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិក បានចូលសំចតបំពេញទស្សនកិច្ចសរុបទាំងអស់ចំនួន៣១លើកជាមួយនឹងនាវាចំនួន៣៧គ្រឿង។ ការចូលសំចតនៅឆ្នាំ២០២៤កន្លងទៅ គឺនាវាឈ្មោះ USS Savanna ដែលបានសំចតចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។ កំឡុងពេលកំពុងសំចតរបស់នាវា USS Sovannah នៅឯកំពង់ផែស្វ័យតក្រុងព្រះសីហនុ ឯកឧត្តម នាយឧត្តមនាវី Samuel Paparo មេបញ្ជាការកងទ័ពជើងទឹកសហរដ្ឋអាមេរិក ប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បានចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីទទួលបដិសណ្ឋារកិច្ចនៃដំណើរទស្សកិច្ចរបស់នាវានោះផងដែរ។

ដំណើរទស្សនកិច្ចនេះ ក៏បង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តគោលនយោបាយបើកចំហ តម្លាភាព និងសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិដើម្បីរួមចំណែកថែរក្សាសន្តិភាព និងស្ថិរភាពតំបន់។ កម្ពុជា បន្តគាំទ្រការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់អាស៊ាន និងឥណ្ឌូប៉ាស៊ីហ្វិក តាមរយៈកិច្ចសហប្រតិបត្តិការដែលផ្អែកលើការគោរពអធិបតេយ្យភាព និងច្បាប់អន្តរជាតិ។

គួរបញ្ជាក់ថា នាវាចម្បាំង USS CINCINNATI មានទម្ងន់៣២០០តោន មានប្រវែងបណ្តោយ ១២៧.៤ម៉ែត្រ ទទឹង ៣១.៧ម៉ែត្រ មានផ្ទុកនាវិកមួយរយនាក់ និងមានផ្ទុកឧទ្ធម្ភាគចក្រផងដែរ។ ដំណើរទស្សនកិច្ចនេះគឺជាការបើកទំព័រឆ្នាំថ្មីដើមឆ្នាំ២០២៦ និងជានាវាកងទ័ពជើងទឹករបស់បរទេស ទី៣ហើយ ដែលបានចូលមកសំចតនៅកំពង់ផែសមុទ្ររាម បន្ទាប់ពីការធ្វើទំនើបកម្ម និងសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំ២០២៥។ នាវាកងទ័ពបរទេស ដែលបានចូលសំចតទី១ គឺនាវាកងទ័ពរបស់ប្រទេសជប៉ុន នាវាទី២ របស់កងទ័ពវៀតណាម និងនាវាទី៣ គឺរបស់សហរដ្ឋមេរិកនេះ៕

អត្ថបទទាក់ទង