Close

កម្ពុជាប្រកាន់ជំហរការដោះស្រាយតាមច្បាប់អន្តរជាតិចំពោះការប៉ុនប៉ងកែប្រែស្ថានភាពព្រំដែនតាមរយៈកម្លាំងយោធារបស់ភាគីថៃ

ដោយ៖Liching Yi | ថ្ងៃពុធ ទី២៨ ខែមករា ឆ្នាំ២០២៦ កម្ពុជាថ្ងៃនេះ
កម្ពុជាប្រកាន់ជំហរការដោះស្រាយតាមច្បាប់អន្តរជាតិចំពោះការប៉ុនប៉ងកែប្រែស្ថានភាពព្រំដែនតាមរយៈកម្លាំងយោធារបស់ភាគីថៃ កម្ពុជាប្រកាន់ជំហរការដោះស្រាយតាមច្បាប់អន្តរជាតិចំពោះការប៉ុនប៉ងកែប្រែស្ថានភាពព្រំដែនតាមរយៈកម្លាំងយោធារបស់ភាគីថៃ

ទោះបីជាស្ថានភាពនៅតាមបណ្តោយព្រំដែនមិនបានកម្រើកឡើងវិញនិងមានសភាពស្ងប់ស្ងាត់មួយរយៈក្តី បន្ទាប់ពីកងទ័ពថៃបានអះអាងថា ប្រតិបត្តិការយោធារបស់ខ្លួនក្នុងតំបន់ជម្លោះ គឺជាការ «រៀបចំទឹកដីឡើងវិញ»ដើម្បីឆ្លើយតបទៅនឹងអ្វីដែលពួកគេហៅថាជាការរំលោភបំពានពីភាគីកម្ពុជាអស់រយៈពេលជាច្រើនទសវត្សរ៍ ក៏កម្ពុជាមិនអាចទទួលយកទង្វើនេះបានឡើយ។

ការអះអាងនេះគឺបានបង្ហាញយ៉ាងច្បាស់ពីការឈ្លានពានបូរណភាពទឹកដីកម្ពុជាយ៉ាងពិតប្រាកដពីភាគីថៃ។ ម្យ៉ាងទៀត ការលើកឡើងនេះ បានបង្កឱ្យមានការជជែកដេញ​​ដោលយ៉ាងខ្លាំង​​លើ​​អធិប​​តេយ្យ​​​​​ភាពទឹកដី ខណៈដែលភាគីថៃព្យាយាមប្រើប្រាស់កម្លាំងទ័ព​​ដើម្បីផ្លាស់ប្តូរស្ថានភាព​​ជាក់ស្តែង​​នៅនឹងកន្លែង ដែលប្រជាពលរដ្ឋកម្ពុជាបានរស់នៅយ៉ាងសុខសាន្តជាច្រើនជំនាន់មកហើយ។

ជាការឆ្លើយតប រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ថា អធិបតេយ្យភាពទឹកដីត្រូវកំណត់​ដោយឯកសារច្បាប់ជាប្រវត្តិសាស្ត្រដែលទទួលស្គាល់រួមគ្នាជាអន្តរជាតិ ជាពិសេស​គឺ​អនុសញ្ញា​ឆ្នាំ​​១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ រវាងបារាំង និងសៀមដែលអាណានិគមបានបន្សល់ទុកមក។ ជំហររបស់កម្ពុជាគឺផ្អែកលើគោលការណ៍ច្បាប់ ចៀសវាងការប្រើប្រាស់ការអះអាងជាឯកតោភាគី ឬ​ការ​​​ព្យាយាមកែប្រែប្រវត្តិសាស្ត្រតាមអំពើចិត្តរបស់ថៃ ដើម្បីបម្រើឱ្យមហិច្ឆតាឈ្លានពាន​ដោយ​កម្លាំ​​ង​របស់ខ្លួននោះឡើយ។ កម្ពុជាសង្កត់ធ្ងន់ថា ផែនទីដែលបានខណ្ឌសីមា​​រវាងប្រទេស​​ទាំង​ពីរ​​រួច​​ហើយ​​និងបានតម្កល់ទុក និងទទួលស្គាល់ដោយអង្គការសហប្រជាជាតិ គឺជាមូលដ្ឋានគ្រឹះ​​តែ​មួយ​​គត់​​​​ដែល​ត្រូវយកធ្វើជាភស្តុតាងមកដោះស្រាយ និងមិនអាចរំលោភបំពានបានឡើយ។

ការដែលកងទ័ពថៃទទួលស្គាល់ថា សហគមន៍កម្ពុជាបានចូលមករស់នៅក្នុងតំបន់នោះ «លើសពី ៤០ ឆ្នាំ» រួចមកហើយនោះ គឺជាភស្តុតាងយ៉ាងច្បាស់ដែលបង្ហាញថា ប្រតិបត្តិការយោធា​​បច្ចុប្បន្ន​​របស់ថៃ មិនមែនជាសកម្មភាពការពារខ្លួនចំពោះមុខនោះទេ។ ផ្ទុយទៅវិញ វាគឺជាការប៉ុនប៉ង​​ដោយ​​ចេតនាដើម្បីផ្លាស់ប្តូរស្ថានភាពដែលមានស្ថិរភាពជាយូរអង្វែង(Status Quo) តាមរយៈការ​​ប្រើ​​ប្រាស់​​​​កម្លាំងយោធា។ សកម្មភាពនេះមិនត្រឹមតែរំលោភលើសិទ្ធិរស់រានរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែ​​ថែមទាំងដើរផ្ទុយពីស្មារតីនៃភាពជាអ្នកជិតខាងល្អទៀតផង។

យោងតាមច្បាប់អន្តរជាតិ គ្មានរដ្ឋណាមួយមានសិទ្ធិ «រៀបចំឡើងវិញ» នូវទឹកដីដែលមានជម្លោះ​​តាម​រយៈការលុកលុយដោយកម្លាំងយោធា ឬការបណ្តេញប្រជាពលរដ្ឋ​​ដែលបានតាំងទីលំនៅ​​អស់​​ជា​ច្រើនជំនាន់នោះឡើយ។ រាល់បញ្ហាពាក់ព័ន្ធនឹងការកំណត់បន្ទាត់ព្រំដែន ត្រូវតែដោះស្រាយ​​តាម​រយៈយន្តការបច្ចេកទេស តាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដែលជា​​ស្ថាប័ន​​ស្របច្បាប់មានភារកិច្ចពិភាក្សា និងដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងផ្អែកលើ​​បច្ចេក​ទេសសុទ្ធសាធ។

បើថៃពិតជាចង់លើកតម្កើងដំណោះស្រាយជម្លោះព្រំដែនក្នុងជំហរសន្តិភាព ដោយ​តាំងខ្លួនធ្វើ​ជា​​អ្នក​​​​​ជិត​​ខាងល្អ និង​​ការគោរពច្បាប់​​ពិតប្រាកដមែន​ កម្ពុជាសូមអំពាវនាវយ៉ាងទទូចឱ្យភាគីថៃ បញ្ឈ​ប់​​​​នូវរាល់សកម្មភាព​ឯកតោភាគីតាមរយៈកម្លាំងប្រដាប់អាវុធ ហើយវិលត្រឡប់​​មកតុចរចា​​ឱ្យ​​បានឆាប់​តាមដែលអាចធ្វើទៅបាន។ ការដោះស្រាយវិវាទតាមផ្លូវការទូត និងការគោរព​​តាមកិច្ចព្រម​​ព្រៀង​​ដែលមានស្រាប់ គឺជាផ្លូវ​តែមួយគត់ដើម្បីធានានូវសន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍសម្រាប់​​ប្រជា​​ជាតិ​​ទាំងពីរ ក៏ដូចជាសម្រាប់តំបន់ទាំងមូលផងដែរ៕

ដោយ៖ ឌី វីរៈ

អត្ថបទទាក់ទង