សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា បញ្ហាជម្លោះព្រំដែនកម្ពុជាថៃ ជាជម្លោះរវាងប្រទេស និងប្រទេស មិនមែនជម្លោះព្រំដីរវាងប្រជាជននិងប្រជាជនទេ សូមមើលអោយទូលាយបន្តិច

ការបញ្ជាក់បែបនេះរបស់សម្តេចតេជោ ក្នុងសំណេរតបខមមិនក្នុងហ្វេសប៊ុករបស់សម្តេចជាមួយគណនីហ្វេសប៊ុកឈ្មោះ Chilang Pich ដែលបានខមមិនក្នុងហ្វេសប៊ុកសម្តេចតេជោដោយលើកឡើងពីបញ្ហាកងទ័ពថៃរាយបន្លាលួសនៅក្នុងដីកម្ពុជា យកដីពលរដ្ឋកម្ពុជាក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ចំនុចឃុំអូរបីជាន់ ខណៈដែលម្ចាស់គណនីហ្វេសប៊ុកនេះបានសរសេរថា ប្រជាពលរដ្ឋកំពុងតែពិបាកចិត្តដែលគ្មានទីលំនៅជ្រកកោន កំពុងរងចាំរាជរដ្ឋាភិបាលដោះស្រាយ តែឥលូវពួកគាត់មិនទាន់ឃើញមានយន្តការណ៍ដោះស្រាយជូនពួកគាត់ទេនោះ សម្តេចតេជោ បានបញ្ជាក់ក្នុងសំណេរតបទៅវិញថា «សូមមើលឲ្យទូលាយបន្តិចនេះមិនមែនជាជម្លោះព្រំដីរវាងប្រជាជននិងប្រជាជនទេតែជាជម្លោះរវាងប្រទេសនិងប្រទេសដែលយន្តការដោះស្រាយគឺរវាងប្រទេសនិងប្រទេស។សម្រាប់យន្តការដោះស្រាយនៅហ្នឹងកន្លែងអាជ្ញាធរមូលដ្ឋាននិងកម្លាំងប្រដាប់អាវុធរកវិធីជួយដល់ប្រជាជនតែខិតខំបញ្ចៀសកុំឲ្យកើតសង្រ្គាមឡើងវិញដែលនាំទៅដល់ការបាត់បង់ជិវិតទាំងសងខាង។»
សូមបញ្ជាក់ថា ទាក់ទងបញ្ហាជម្លោះព្រំដែនកម្ពុជាថៃ ដែលមានចម្ងល់ពីប្រជាពលរដ្ឋ មានការជជែកគ្នា នៅក្នុងបណ្ដាញសង្គមលើប្រធានបទមួយចំនួន រួមទាំងការចោទនូវសំណួរមួយចំនួនដែលបង្កើតជាភាពស្រពិចស្រពិល រហូតដល់មានបុគ្គលខ្លះយកទៅធ្វើអាជីវកម្មដើម្បីកេងចំណេញនយោបាយផងនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃនេះ ក៏បានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្តេចដោយបញ្ជាក់ដែរថា កន្លងមករាល់លទ្ធផលនៃកិច្ចប្រជុំ (រាប់ទាំងប្រជុំពិសេសថ្ងៃទី ២៨ កក្កដា, ប្រជុំវិសាមញ្ញ GBC និង RBC) សុទ្ធតែបង្ហាញជាសាធារណៈទាំងអស់។ គ្មានការលាក់បាំងទេ។ ហើយក៏គ្មាន ការចរចារសំងាត់ណាផ្សេង ក្រៅពីកិច្ចប្រជុំទាំងនោះដែរ។
ចំពោះកិច្ចការចរចារព្រំដែន កម្ពុជានៅតែប្រកាន់យកជំហរនៃការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការព្រំដែនដែលមានស្រាប់ គឺគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ (JBC) ដោយផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងរវាងកម្ពុជានិងថៃដែលមានជាធរមាន សន្ធិសញ្ញាពាក់ព័ន្ធ និងច្បាប់អន្តរជាតិ។ រាជរដ្ឋាភិបាលមិនដែលបោះបង់ការទទួលខុសត្រូវរបស់ខ្លួនចំពោះបងប្អូនវីរៈកងទ័ព វីរៈនគរបាលជាតិ និងប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ប៉ះពាល់ដោយសារការប្រយុទ្ធគ្នា ឬមានការបំពានផ្សេងៗនោះទេ។
ហេតុដូច្នេះសូមបងប្អូនប្រជាពលរដ្ឋជនរួមជាតិទាំងអស់ ជឿទុកចិត្តលើរាជរដ្ឋាភិបាលដែលបាននិងកំពុងធ្វើកិច្ចការងារយ៉ាងសកម្ម ក្នុងការស្វែងរកដំណោះស្រាយបញ្ចប់បញ្ហាអោយបានឆាប់រហ័ស ដើម្បីឧត្តមប្រយោជន៍របស់ជាតិនិងប្រជាជន បើទោះជាកិច្ចការជាច្រើនមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈ ដែលមើលទៅហាក់ដូចជាមានភាពស្ងាត់ស្ងៀមពេកក៏ដោយ៕