Close

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទថ្មីរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខថៃដែលមានចំណងជើងថា «ស្វាដោះសំណាញ់!»

ដោយ៖Liching Yi | ថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២៦ កម្ពុជាថ្ងៃនេះ
សម្ដេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទថ្មីរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខថៃដែលមានចំណងជើងថា «ស្វាដោះសំណាញ់!» សម្ដេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទថ្មីរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខថៃដែលមានចំណងជើងថា «ស្វាដោះសំណាញ់!»

នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា តាមរយៈបណ្ដាញសង្គម បានចែករំលែកអត្ថបទថ្មីមួយទៀតដែលមានចំណងជើងថា «ស្វាដោះសំណាញ់!» ដោយសម្ដេចបានបញ្ជាក់ខ្លឹមសារដូចខាងក្រោម៖

ថ្ងៃនេះជាថ្មីម្តងទៀត ខ្ញុំមានចំណាប់អារម្មណ៍ទៅលើអត្ថបទរបស់លោក សុរៈឆាត បំរុងសុខ (Surachart Bamrungsuk) អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃដែលមានចំណងជើងថា «ស្វាដោះសំណាញ់!»។ ខ្ញុំសូមចូលរួមចែករំលែកនូវអត្ថបទនេះដោយបកប្រែក្រៅផ្លូវការដើម្បីជូនប្រជាជននៃប្រទេសទាំងពីរកម្ពុជានិងថៃបានជ្រាបនិងយល់ដឹងបន្ថែមដោយខ្ញុំសូមមិនមានការធ្វើអត្ថាធិប្បាយបន្ថែមអ្វីទេទៅលើអត្ថបទរបស់លោកនោះទេ សូមទុកឱ្យប្រជាជនទាំងពីរពិចារណាលើសំណេរដែលមានខ្លឹមសារអត្ថបទរៀបរាប់ទាំងស្រុង៖

«ស្វាដោះសំណាញ់!» | លោក សុរៈឆាត បំរុងសុខ
MATI CHON weekly: ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦

ខ្ញុំមិនប្រាកដទេថា ទីបញ្ចប់ទៅបញ្ហាជម្លោះរវាងថៃនិងកម្ពុជាដែលកាន់តែមានភាពស្មុគស្មាញឡើងឥតឈប់ ឈរនឹងត្រូវបានដោះស្រាយដោយរបៀបណា។ ផ្នែកមួយនៃភាពស្មុគស្មាញនេះបង្ហាញឱ្យឃើញយ៉ាងច្បាស់តាម រយៈការដែលភាគីទាំងពីរប្រើប្រាស់វេទិកាអន្តរជាតិដើម្បីធ្វើ «សង្គ្រាមពាក្យសម្តី» ឬអាចហៅថា «សង្គ្រាមតាមប្រព័ន្ធផ្សព្វផ្សាយ»។ បើនិយាយតាមភាសាសាមញ្ញគឺជាការឆ្លើយតបនិងជជែកដេញដោលគ្នាទៅវិញទៅមកដោយមិនចេះចប់។

ប្រសិនបើមានចំណុចវិជ្ជមានខ្លះ នោះគឺយ៉ាងហោច ណាស់ សង្គ្រាមពាក្យសម្តីនេះ មិនទាន់បានពង្រីកជម្លោះឱ្យក្លាយទៅជា «សង្គ្រាមនៅតាមព្រំដែន» ហើយក៏មិន ទាន់បណ្ដាលឱ្យមានការបាត់បង់អាយុជីវិតនិងការខូច ខាតដូចនៅលើសមរភូមិពិតប្រាកដដែលធ្លាប់កើតមានការប្រយុទ្ធទ្រង់ទ្រាយធំពីរលើកក្នុងឆ្នាំ២០២៥ នោះដែរ។

នៅពេលនេះ គ្មាននរណាម្នាក់ចង់ឃើញសង្គ្រាមនិងការបាត់បង់បន្ថែមទៀតកើតឡើងនៅក្នុងឆ្នាំ២០២៦ ឡើយ។ អ្វីដែលសំខាន់ទៀតនោះ គឺប្រាក់សំណងនិងថវិកាជំនួយពីរដ្ឋសម្រាប់អ្នករងផលប៉ះពាល់ក៏នៅមិន ទាន់បានបើកផ្ដល់គ្រប់ចំនួននៅឡើយដែរ! ប្រសិនបើពិចារណាពី «សង្គ្រាមពាក្យសម្តី» នៅលើ «សមរភូមិប្រព័ន្ធផ្សព្វផ្សាយ» របស់រដ្ឋាភិបាលថៃនាពេលនេះ គេឃើញថា អ្វីដែលគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំងគឺជំហររបស់តំណាងរដ្ឋាភិបាលថៃ។ ជាពិសេសការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសថៃ បានរងការចោទសួរយ៉ាង ច្រើនទាំងក្នុងន័យគោលការណ៍និងភាពត្រឹមត្រូវនៃព័ត៌មានដែលបានបង្ហាញ។

ដោយសារតែការស្វែងរកជោគជ័យនៅលើវេទិកាអន្តរជាតិទាមទារឱ្យរដ្ឋាភិបាលថៃផ្អែកលើហេតុផលនិងភស្តុតាងឱ្យបានច្រើនជាជាងការលើកឡើងនូវអ្វីដែល ក្រុមជាតិនិយមជ្រុលនិយមចង់ឮ។ ប៉ុន្តែ តាមការពិត ហាក់ដូចជារដ្ឋាភិបាលថៃផ្តល់អាទិភាពដល់នយោបាយក្នុងស្រុកជាចម្បងរហូតធ្វើឱ្យមានការរិះគន់ថា ការដោះ ស្រាយបញ្ហានេះប្រៀបបាននឹង «ស្វាដោះសំណាញ់»។

ការដោះស្រាយបញ្ហាអន្តរជាតិដោយយកទិសដៅនយោបាយក្នុងស្រុកជាគោលអាចនឹងមិនជួយឱ្យថៃទទួលបានប្រៀបនៅលើវេទិកាអន្តរជាតិឡើយហើយផ្ទុយទៅវិញ អាចធ្វើឱ្យប្រទេសថៃប្រឈមនឹងការបាត់បង់ប្រៀបនិងជួបការលំបាកកាន់តែខ្លាំងថែមទៀត។

ចំណុចសង្កត

សភាព «ស្វាដោះសំណាញ់» លើកចុងក្រោយ ត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈសេចក្ដីថ្លែងការណ៍របស់លោក ស៊ីហាស័ក្ដិ ភួងកេតកែវ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ កាលពីថ្ងៃទី៥ ខែសីហា ដែលធ្វើឱ្យខ្ញុំត្រូវលើកយកមកធ្វើជាប្រធានបទក្នុងអត្ថបទនេះ ដូចខាងក្រោម៖

១៖ រដ្ឋាភិបាលថៃនឹងបន្តប្រកាន់យកផែនទីខ្នាត១:៥០ ០០០ ខណៈរដ្ឋាភិបាលកម្ពុជាបានស្នើឱ្យអង្គការសហប្រជាជាតិទទួលស្គាល់ផែនទីខ្នាត១:២០០ ០០០៖ សេចក្ដីថ្លែងការណ៍លើចំណុចនេះគួរឱ្យភ្ញាក់ផ្អើល ព្រោះបញ្ហានេះត្រូវបានពិភាក្សាយ៉ាងច្រើនក្នុងសង្គមថៃ ហើយត្រូវបានទទួលស្គាល់រួចហើយថា ផែនទីយោធាខ្នាត ១:៥០ ០០០ មិនអាចយកទៅប្រើជាមូលដ្ឋានតស៊ូផ្លូវច្បាប់អន្តរជាតិបានឡើយ។

២៖ ចំណុចសំខាន់មួយទៀតពាក់ព័ន្ធនឹងផែនទី គឺនៅគែមផែនទីមានការបញ្ជាក់យ៉ាងច្បាស់ថា មិនអាចយកទៅបើជាឯកសារយោងសម្រាប់ខ្សែព្រំដែនបានទេ។ ខ្ញុំជឿថា លោកនាយករដ្ឋមន្ត្រី និងលោកឧបនាយករដ្ឋមន្ត្រីអាចស្នើសុំផែនទីយោធាមកពិនិត្យដោយផ្ទាល់បាន។

៣៖ រដ្ឋាភិបាលថៃ និងមន្ត្រីពាក់ព័ន្ធប្រាកដជាដឹងច្បាស់ថា ផែនទីកំណត់ព្រំដែនខ្នាត ១:២០០ ០០០ ត្រូវបានប្រើសម្រាប់ទាំងព្រំដែនថៃ-ឡាវ និងថៃ-កម្ពុជា ក្នុងពេលដំណាលគ្នា។ ដូច្នេះនៅក្នុងការអនុវត្តជាក់ស្តែង វាមិនអាចទៅរួចទេដែលខ្សែព្រំដែនថៃ-កម្ពុជាប្រើផែនទីយោធាខ្នាត១:៥០ ០០០ ប៉ុន្តែខ្សែព្រំដែនថៃ-ឡាវបែរជាប្រើផែនទីកំណត់ព្រំដែនខ្នាត ១:២០០ ០០០។

៤៖ ក្រៅពីអគ្គនាយកដ្ឋានផែនទីយោធា អគ្គនាយកដ្ឋានសន្ធិសញ្ញា និងច្បាប់អន្តរជាតិក៏ដឹងយ៉ាងច្បាស់ថា ផែនទីណាមួយត្រូវបានប្រើប្រាស់ក្នុងផ្លូវច្បាប់អន្តរជាតិ។ ប្រសិនបើលោកនាយករដ្ឋមន្ត្រី និងលោកឧបនាយករដ្ឋមន្ត្រីមិនមានទំនុកចិត្ត ពួកលោកអាចសាកសួរដោយផ្ទាល់ពីស្ថាប័នទាំងពីរជាពិសេសអគ្គនាយកដ្ឋានសន្ធិសញ្ញានិងច្បាប់អន្តរជាតិដែលជាអង្គភាពទទួល បន្ទុកដោយផ្ទាល់របស់ក្រសួងការបរទេសថៃ។ ដូចគ្នានេះដែរ

លោកនាយករដ្ឋមន្ត្រីអាចកោះហៅអគ្គនាយកនៃអគ្គនាយកដ្ឋានផែនទីយោធាមកផ្ទៀងផ្ទាត់ភាពត្រឹមត្រូវពាក់ព័ន្ធនឹងផែនទីបាន។

៥៖ អត្ថបទនេះ មិនមានបំណងអំពាវនាវឱ្យមន្ត្រីរាជការអាជីពចេញមកបកស្រាយជាសាធារណៈអំពីភាពត្រឹមត្រូវនៃព័ត៌មានឡើយព្រោះការពិតទាំងនោះអាចផ្ទុយនឹង ជំហររបស់រដ្ឋាភិបាល។ ទោះជាយ៉ាងណាក៏ដោយ យ៉ាងហោចណាស់ អ្នកនិពន្ធចង់ឃើញ «ភាពក្លាហានខាងសីលធម៌» របស់អគ្គនាយកនៃនាយកដ្ឋានសន្ធិសញ្ញានិងច្បាប់ដែលហ៊ាន «ខ្សឹបប្រាប់» រដ្ឋមន្ត្រីការបរទេសអំពីព័ត៌មានដែលត្រឹមត្រូវព្រោះពួកគេសុទ្ធតែស្ថិតនៅក្នុងក្រសួងការបរទេសតែមួយ។ លើកលែងតែអគ្គនាយកនិងមន្ត្រីនៃនាយកដ្ឋាននេះ ជឿលើ «រឿងនិទានអំពីផែនទីខ្នាត១:៥០,០០០»។ ប្រសិនបើពួកគេពិតជាមានជំនឿបែបនោះមែន សូមមេត្តាចេញសេចក្ដីថ្លែងការណ៍ឱ្យសាធារណជនបានដឹងផងថា នាយកដ្ឋានសន្ធិសញ្ញានិងច្បាប់នឹងយក «ផែនទីខ្នាត ១:៥០,០០០» ជាផែនទីគោលសម្រាប់អនុវត្តការងារ។ សំណួរនេះក៏មានន័យសំដៅទៅកាន់នាយកដ្ឋានផែនទីយោធាផងដែរ ថាតើស្ថាប័នទាំងពីរនឹងប្រើប្រាស់ផែនទីច្បាប់ណាមួយជាគោលក្នុងការបំពេញភារកិច្ចរបស់ខ្លួន។

៦៖ ក្រសួងការបរទេសថៃ ជាពិសេសមន្ត្រីរាជការអាជីពកម្រិតថ្នាក់ដឹកនាំ ប្រហែលត្រូវទទួលស្គាល់ថា ការណ៍ដែលរដ្ឋមន្ត្រីការបរទេសចេញមកនិយាយព័ត៌មានខុស អំពីផែនទី មិនបានជួយបង្កើតប្រៀបឱ្យភាគីថៃនៅលើវេទិការអន្តរជាតិឡើយ។ ផ្ទុយទៅវិញ វាបានធ្វើឱ្យរូបភាពរបស់ថៃកាន់តែអាក្រក់ឡើងព្រោះការនិយាយបែបនេះស្មើនឹងបង្ហាញថា ថៃមិនទទួលយកវិធានអន្តរជាតិលើក លែងតែមន្ត្រីនៃក្រសួងនេះក៏ប្រកាន់យក «ផែនទីយោធាខ្នាត១:៥០ ០០០» ជាគោល ដូចការលើកឡើងរបស់ រដ្ឋមន្ត្រីដែរ។ (ឬក៏ប្រហែលអគ្គនាយកពាក់ព័ន្ធខ្លះមិនជំទាស់ព្រោះកំពុងរង់ចាំទទួលតំណែងជាទូតប្រចាំការនៅបរទេស—ដូច្នោះហើយ ពួកគេក៏មិនថាដែរ ហាហាហា!)

៧៖ លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសផ្ទាល់ ធ្លាប់កាន់តំណែងជាអគ្គលេខាធិការអចិន្ត្រៃយ៍ក្រសួងការបរទេសពីមុន ហើយគួរតែដឹងច្បាស់អំពីផែនទី ដែលត្រូវប្រើសម្រាប់ដោះស្រាយបញ្ហាអន្តរជាតិនិងអំពីអនុស្សរណៈនៃការយោគយល់គ្នា (MOU)។ កន្លងមក លោកក៏មិនធ្លាប់បង្ហាញជំហរជំទាស់លើបញ្ហានេះដែរ។ ដូច្នេះគួរឱ្យភ្ញាក់ផ្អើលដែលនៅថ្ងៃនេះលោកបែរជាប្រកាន់យកផែនទីដែលមិនអាចប្រើប្រាស់ក្នុងផ្លូវច្បាប់បាន។

៨៖ ថៃព្យាយាមជំទាស់ថា មុននឹងឈានទៅរកដំណើរការសម្រុះសម្រួលដោយបង្ខំ កម្ពុជាគួរតែយល់ព្រមបើកវេទិកាទ្វេភាគីជាមួយថៃជាមុនសិន។ ប៉ុន្តែលោកឧបនាយករដ្ឋមន្ត្រី ក្នុងឋានៈជាអតីតអ្នកការទូត គួរតែដឹងច្បាស់ថា នៅពេលរដ្ឋាភិបាលថៃបានប្រកាសលុបចោល MOU ឆ្នាំ២០០១ ដែលបានកំណត់ក្របខ័ណ្ឌចរចាបញ្ហានេះតាមបែបទ្វេភាគី ការប្រកាសលុបចោលនោះស្មើនឹងភាគីថៃបានបោះបង់ការចរចាទ្វេភាគីជាមុនរួចទៅហើយ។ ការណ៍នេះបានបើកផ្លូវឱ្យកម្ពុជាអាចដាក់ សម្ពាធឱ្យថៃចូលក្នុងដំណើរការសម្រុះសម្រួលដោយបង្ខំដោយចៀសមិនរួច។

៩៖ ឧបនាយករដ្ឋមន្ត្រីថៃបានព្យាយាមស្នើថា គួរពិភាក្សាបញ្ហាសមុទ្រជាមុន ហើយបន្ទាប់មកទើបបន្តទៅបញ្ហាព្រំដែនគោក។ ការលើកឡើងបែបនេះស្មើនឹងបញ្ជូនសញ្ញាថា រដ្ឋាភិបាលថៃនៅមិនទាន់ដោះស្រាយបញ្ហាខ្សែព្រំដែនគោកនៅឡើយ។ ជំហរបែបនេះបានបើកផ្លូវឱ្យរដ្ឋាភិបាលកម្ពុជា អំពាវនាវឱ្យមានកិច្ចប្រជុំពាក់ព័ន្ធនឹងខ្សែព្រំដែនគោកតាមរយៈយន្តការគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)។ ប៉ុន្តែជំហររបស់នាយករដ្ឋមន្តី និង ឧបនាយករដ្ឋមន្ត្រីថៃ មិនបានបង្ហាញការឆ្លើយតបលើបញ្ហានេះឡើយ។ នេះអាចត្រូវបានគេយល់ថា ជាសញ្ញាមួយទៀតថា រដ្ឋាភិបាលថៃបាន «បិទទ្វារ JBC» រួចទៅហើយ។

១០៖ ជំហរ «បិទទ្វារ JBC» បូករួមនឹងការត្រូវរង់ចាំដំណើរការសម្រុះសម្រួលដោយបង្ខំដែលបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលរង់ចាំជ្រើសរើសប្រធាន នឹងក្លាយជាសញ្ញាថា ការដោះស្រាយបញ្ហាថៃ-កម្ពុជានឹងត្រូវអូសបន្លាយទៅយូរដោយគ្មានភាពច្បាស់លាស់។ គ្មាននរណាដឹងថា នឹងមានអ្វីកើតឡើងនាពេលអនាគត ជាពិសេសពាក់ព័ន្ធនឹងបញ្ហាសង្គ្រាម។

១១៖ នៅថ្ងៃនេះ ប្រសិនបើរដ្ឋាភិបាលនៅមានស្មារតីពិចារណាខ្លះនោះគួរតែទទួលស្គាល់ថា «សង្គ្រាមជុំទី៣» មិនអាចផ្ដល់ផលចំណេញផ្នែកយុទ្ធសាស្ត្រដល់ថៃឡើយ។ ផ្ទុយទៅវិញ វាអាចធ្វើឱ្យថៃកាន់តែចាញ់ប្រៀបនៅលើវេទិកាអន្តរជាតិ។ អ្វីដែលសំខាន់នោះគឺកងទ័ពមិនត្រូវក្លាយជា «ជនរងគ្រោះ» នៃចរន្តជាតិនិយមបែបនេះទេ។ ព្រោះប្រសិនបើស្ថានការណ៍សង្គ្រាមប្រែប្រួលមិនដូចការរំពឹងទុក នោះកងទ័ពនឹងក្លាយជា «ពពែទទួលបាបដ៏ធ្ងន់» របស់អ្នកនយោបាយភ្លាមៗជាមិនខាន។ (សូមអនុញ្ញាតសើច ហាហាហា!)

សេចក្តីបញ្ចប់

អត្ថបទនេះមិនត្រូវបានសរសេរឡើងដើម្បីឱ្យភាគីកម្ពុជា យកទៅប្រើប្រាស់ជាប្រយោជន៍ផ្នែកនយោបាយឡើយហើយជាការពិត វាប្រហែលមិនត្រូវចិត្តមនុស្សជាច្រើននៅក្នុងសង្គមថៃទេ។ ប៉ុន្តែតើដល់ពេលហើយឬនៅដែលយើងត្រូវគិតឡើងវិញថា ថៃគួរតែពិនិត្យឡើងវិញនូវជំហររបស់ខ្លួននៅលើវេទិកាអន្តរជាតិ? សភាពបែប «ស្វាដោះសំណាញ់» ធ្វើឱ្យយើងកាន់តែដើរ កាន់តែភ្លាត់ស្នៀត។ តើយើងនឹងបណ្ដោយឱ្យ «ស្វា (នៅផ្លូវស្រីអយុធ្យា) ដោះសំណាញ់» និងបន្តភ្លាត់ស្នៀតរហូតតទៅទៀតឬ?បញ្ជាក់បន្ថែម៖ ការណ៍ដែលរដ្ឋមន្ត្រីការបរទេសថៃថ្លែងជាថ្មីនៅថ្ងៃទី៥ ខែសីហា ថា MOU ឆ្នាំ២០០១ «មិនមានវឌ្ឍនភាពអស់រយៈពេល ២០ឆ្នាំមកហើយ» នោះ លោកគួរតែសាកសួរលោកសាស្ត្រាចារ្យបណ្ឌិត សុរៈគៀត សាធៀនថ ដែលជាអ្នកចុះហត្ថលេខាលើ MOU នេះថា តើការលើកឡើងខាងលើមានការពិតកម្រិតណា។ ប្រសិនបើអាចធ្វើទៅបាន ខ្ញុំចង់ឃើញក្រសួងការបរទេសថៃបើកវេទិកាឱ្យលោកសាស្ត្រាចារ្យ សុរៈគៀត និយាយអំពី MOU ឆ្នាំ២០០១ដើម្បីឱ្យមន្ត្រីក្រសួងបានស្ដាប់អង្គហេតុពីទស្សនៈមួយផ្សេងទៀត។ ប៉ុន្តែខ្ញុំក៏មិនប្រាកដដែរថា លោករដ្ឋមន្ត្រីស្គាល់ លោកសាស្ដ្រាចារ្យ សុរៈគៀត ដែរឬអត់?

អត្ថបទទាក់ទង