Close

កម្ពុជាតវ៉ាជាផ្លូវការបន្ថែមទៀតចំពោះការបន្តរំលោភបំពានរបស់ថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជានៅខេត្តឧត្តរមានជ័យ

ដោយ៖Liching Yi | ថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦ កម្ពុជាថ្ងៃនេះ
កម្ពុជាតវ៉ាជាផ្លូវការបន្ថែមទៀតចំពោះការបន្តរំលោភបំពានរបស់ថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជានៅខេត្តឧត្តរមានជ័យ កម្ពុជាតវ៉ាជាផ្លូវការបន្ថែមទៀតចំពោះការបន្តរំលោភបំពានរបស់ថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជានៅខេត្តឧត្តរមានជ័យ

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចុះនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការតវ៉ាជាផ្លូវការបន្ថែមទៀតចំពោះការបន្តរំលោភបំពានរបស់ប្រទេសថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជានៅតាមបណ្តោយព្រំដែន។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី២២ និងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃបានបញ្ជូនគ្រឿងចក្រធុនធ្ងន់ចូលក្នុងទឹកដីកម្ពុជា ដើម្បីជីកប្រឡាយនៅតំបន់ចូកគ្រួស ក្នុងភូមិថ្មជូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ការរំលោភបំពាននេះបានកើតឡើងស្របពេលជាមួយនឹងដំណើរទស្សនកិច្ចដោយគ្មានការអនុញ្ញាតរបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃមកកាន់តំបន់អានសេះ នៃខេត្តព្រះវិហាររបស់កម្ពុជា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦។

រាជរដ្ឋាភិបាលកម្ពុជាធ្វើការតវ៉ាយ៉ាងខ្លាំងចំពោះសកម្មភាពខាងលើដែលជាការរំលោភបំពានយ៉ាងជាក់ច្បាស់លើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដូចដែលបានកំណត់ និងខណ្ឌសីមា ដោយផែនទីខ្នាត ១:២០០,០០០ ដែលផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម និងមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នាចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ ក៏ដូចជាចំណុចទី១ (វិធានការកាត់បន្ថយ ភាពតានតឹង) នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែបន្ទាត់ព្រំដែន ឬការទាមទារទឹកដីជាឯកតោភាគីដោយប្រទេសថៃនោះឡើយ។ សកម្មភាពដែលបានរៀបរាប់ខាងលើនេះមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់ព្រះរាជាណាចក្រកម្ពុជាទាក់ទងនឹងព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ។

រាជរដ្ឋាភិបាលកម្ពុជាទាមទារឱ្យថៃបញ្ឈប់សកម្មភាពបែបនេះនៅក្នុងតំបន់ដែលបានរៀបរាប់ខាងលើ ក៏ដូចជានៅតំបន់ផ្សេងទៀត ដែលត្រូវបានកងកម្លាំងប្រដាប់អាវុធថៃកាន់កាប់ដោយខុសច្បាប់តាំងពីឆ្នាំមុនមក ដើម្បីបន្ធូរបន្ថយស្ថានការណ៍ ជំរុញការជឿទុកចិត្តគ្នាទៅវិញទៅមក សម្រួលដល់ការដោះស្រាយជម្លោះដោយសន្តិវិធី សំដៅស្ដារសន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ៕

អត្ថបទទាក់ទង