ទីម័រឡេស្តេ គាំទ្រជំហររឹងមាំរបស់កម្ពុជា ក្នុងការការពារអធិបតេយ្យជាតិ និងការប្រើប្រាស់ច្បាប់អន្តរជាតិ
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានថ្លែងថា កម្ពុជាប្រកាន់នូវការអត់ធ្មត់ គោរពច្បាប់អន្តរជាតិ និងព្យាយាមដោះស្រាយដោយសន្តិវិធី តាមយន្តការដែលមានស្រាប់ ប៉ុន្តែភាគីថៃនៅតែបន្តឈ្លានពាននិងរំលោភកិច្ចព្រមព្រៀងជាបន្តបន្ទាប់ រហូតឈានដល់ការគ្រប់គ្រងដោយខុសច្បាប់លើដែនអធិបតេយ្យភាពកម្ពុជា ធ្វើឱ្យពលរដ្ឋភៀសសឹកជាច្រើនមិនអាចវិលទៅលំនៅដ្ឋានវិញបានរហូតមកដល់ពេលនេះ។ សម្តេច បានថ្លែងបែបនេះ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជួបពិភាក្សាការងារជាមួយ លោកជំទាវ ម៉ារៀ ហ្វើណាន់ដា ឡៃ (Maria Fernanda Lay) ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នៅអគារអគ្គនាយកដ្ឋានពន្ធដារ ក្នុងសង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ។
នៅក្នុងឱកាសនោះផងដែរ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានថ្លែងបន្តថា ភាគីថៃ មិនត្រឹមតែឈ្លានពានអធិបតេយ្យកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានលុបចោលជាឯកតោភាគីនូវកិច្ចព្រមព្រៀងឆ្នាំ២០០១ ស្តីពីដែនសមុទ្រត្រួតស៊ីគ្នា បង្ខំឱ្យកម្ពុជា ជ្រើសយក «យន្តការផ្សះផ្សាដោយបង្ខំ» ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយជម្លោះព្រំដែនសមុទ្រ។
ទន្ទឹមនោះផងដែរ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានថ្លែងបញ្ជាក់ថា កម្ពុជាបានគាំទ្រ លោកជំទាវ កាទ្រីណា ឃូបពឺ (Katrina Cooper) ដែលជាអ្នកការទូត និងជាអ្នកជំនាញច្បាប់អូស្ត្រាលីដ៏ល្បីឈ្មោះមួយរូប ធ្លាប់ធ្វើជាប្រធានគណៈកម្មាធិការសម្របសម្រួលរវាងទីម័រឡេស្តេ និងអូស្ត្រាលី មកធ្វើជាប្រធានគណៈកម្មាធិការសម្របសម្រួល ក្នុងការដោះស្រាយដែនសមុទ្រត្រួតស៊ីគ្នាជាមួយភាគីថៃ តាមយន្តការ UNCLOS នេះផងដែរ។
សូមជម្រាបជូនថា សម្តេចរដ្ឋសភាធិបតី និងលោកជំទាវប្រធានរដ្ឋសភាទីម័រឡេស្តេ បានយល់ស្របដូចគ្នាពីសារៈសំខាន់ដែលសមាជិកអាស៊ានត្រូវគោរពនូវមជ្ឈភាពអាស៊ាន ដើម្បីធ្វើយ៉ាងណាឱ្យតំបន់មួយនេះ ក្លាយជាសហគមន៍មួយ មានសុខសន្តិភាព ធានាបាននូវវិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ក្រៅពីតម្លៃសន្តិភាព ប្រធានរដ្ឋសភានៃប្រទេសទាំងពីរ ក៏បានចែករំលែកបទពិសោធន៍ការងារសមភាពយេនឌ័រ ផងដែរ៕




