សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យក្រុមសម្ដែងត្រូវប្រុងប្រយ័ត្នទាំងកាយវិការនិងពាក្យសំដីក្នុងពិធីបុកល័ក្តដែលអាចខ្វះការគោរពចំពោះព្រះរបស់សាសនាឥស្លាម
សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យក្រុមសម្ដែងត្រូវប្រុងប្រយ័ត្នទាំងកាយវិការនិងពាក្យសំដីក្នុងពិធីបុកល័ក្តដែលអាចខ្វះការគោរពចំពោះព្រះរបស់សាសនាឥស្លាម
នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជាតាមរយៈបណ្តាញសង្គម បានបង្ហោះផ្សាយខ្លឹមសារដូចខាងក្រោម៖
ក្បែរភ្លឺយប់មិញខ្ញុំ បានបង្ហោះសារទាក់ទងដល់ពិធីបុកល័ក្តដែលមានតួសម្តែងជាខ្មែរឥស្លាម។ ឆ្លងកាត់នូវយោបល់របស់បងប្អូនដែលជាខ្មែរឥស្លាមបង្ហាញឱ្យឃើញថា បងប្អូនមិនបានជំទាស់នឹងការសម្ដែងដែលមានតួសម្ដែងជាបងប្អូនខ្មែរឥស្លាមនោះទេ។
អ្វីដែលបងប្អូនមិនសប្បាយចិត្ត គឺពាក្យពេចន៍ និងឥរិយាបទសម្ដែងខ្លះ ខ្វះការគោរពចំពោះព្រះរបស់ឥស្លាមទើបធ្វើឱ្យមានប្រតិកម្ម។
រឿងនេះសូមបងប្អូនគ្រប់ក្រុមសម្ដែង ត្រូវតែត្រួតពិនិត្យនិងរៀបចំឡើងវិញទាំងកាយវិការទាំងពាក្យសំដីនិយាយ។ បងប្អូនឥស្លាមទូទាំងពិភពលោកគោរពខ្លាំងណាស់នូវព្រះអាល់ឡោះដូចនេះមិនអាចសម្ដែងប៉ះពាល់បានទេ។
ដូចនេះបញ្ហានេះ បានចាប់ផ្តើមចេញពីការមិនយល់ពីតួអង្គសម្ដែង ឬក្រុមសម្ដែងដែលទាមទារនូវការកែតម្រូវជាបន្ទាន់ទាំងពាក្យសំដី ទាំងកាយវិការ សម្រាប់ការសម្ដែងជៀសវាងឱ្យខាងតែបាននូវពាក្យពេចន៍ឬកាយវិការខ្វះការគោរពចំពោះបងប្អូនឥស្លាម។ សូមឱ្យស្មារតីសាមគ្គីភាពរវាងជាតិសាសន៍និងសាសនានៅកម្ពុជាបន្តរីកចម្រើនតទៅមុខទៀត៕



