តើថៃកំពុងធ្វើសង្គ្រាមឈ្លានពានទឹកដីកម្ពុជា ឬបង្ក្រាប Scam Online?
នៅក្នុងយុគសម័យដែលឧក្រិដ្ឋកម្មឆ្លងដែនកំពុងកើនឡើងយ៉ាងឆាប់រហ័ស ពាក្យ “Scam Online” បានក្លាយជាពាក្យសំខាន់មួយក្នុងវចនានុក្រមសន្តិសុខរបស់ប្រទេសជាច្រើន។ ទោះជាយ៉ាងណា ការយកបញ្ហាឧក្រិដ្ឋកម្មប្រភេទនេះ មកភ្ជាប់ជាមួយការគំរាមកំហែង ឬសកម្មភាពយោធាលើព្រំដែន រមែងបង្កើតសំណួរមួយសម្រាប់សហគមន៍អន្តរជាតិថា៖ តើឧក្រិដ្ឋកម្ម Scam Online អាចក្លាយជាលេសសម្រាប់ការប្រើកម្លាំងយោធា និងរំលោភអធិបតេយ្យភាពប្រទេសជិតខាងបានដែរឬទេ? ច្បាប់អន្តរជាតិប្រាកដជាឆ្លើយថា៖ មិនអាចធ្វើបានឡើយ។
ក្នុងបរិបទនេះ ការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសថៃ ដែលមានបំណងយកបញ្ហា Scam Online ទៅលើកឡើងនៅអង្គការសហប្រជាជាតិ (UN) ដើម្បីទប់ទល់នឹងនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានបង្ហាញយ៉ាងច្បាស់ដែលថារដ្ឋមន្ត្រីថៃរូបនេះ ចង់ភ្ជាប់បញ្ហា Scam Online ជាមួយសកម្មភាពយោធា ដែលនេះមិនមែនជាការយល់ច្រឡំទេ ប៉ុន្តែជាការបំប្លែងបញ្ហាឧក្រិដ្ឋកម្មស៊ីវិល ដោយចេតនានយោបាយ ពី“ឧក្រិដ្ឋកម្មស៊ីវិលឆ្លងដែន” ឲ្យទៅជា “អំពើឈ្លានពានយោធា” ។
ជាក់ស្តែង បញ្ហា Scam Online មិនមែនជាបញ្ហារបស់ប្រទេសណាមួយតែឯកឯងនោះទេ។ វាជាបញ្ហាសាកលដែលកើតមាននៅគ្រប់តំបន់សំខាន់ៗនៃពិភពលោក ទាំងអាស៊ី អឺរ៉ុប អាមេរិក និងអាហ្វ្រិក។ ដូចដែលទេសរដ្ឋមន្ត្រីកម្ពុជា លោក កែវ រ៉េមី បានបញ្ជាក់ បញ្ហានេះថា ត្រូវដោះស្រាយតាមវិធានការច្បាប់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដូចជា កិច្ចសហការរវាងអាជ្ញាធរនគរបាល និងតុលាការឆ្លងដែន ការផ្លាស់ប្តូរព័ត៌មាន និងបច្ចេកទេសស៊ើបអង្កេត ព្រមទាំងការអនុវត្តកិច្ចព្រមព្រៀងអន្តរជាតិ និងតំបន់។
ក្នុងន័យច្បាប់ Scam Online ត្រូវបានចាត់ទុកជាបទល្មើសស៊ីវិល ឬព្រហ្មទណ្ឌ មិនមែនជាអំពើប្រឆាំងយោធា ឬជាការគំរាមកំហែងសន្តិសុខជាតិ ដែលអាចផ្តល់លេសស្របច្បាប់សម្រាប់ប្រទេសណាមួយប្រើកម្លាំងយោធានោះឡើយ។
តាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ មាត្រា ២(៤) បានកំណត់យ៉ាងច្បាស់ថា ប្រទេសទាំងអស់ ត្រូវហាមឃាត់ការគំរាមកំហែង ឬការប្រើកម្លាំងយោធា ប្រឆាំងនឹងដែនអធិបតេយ្យភាព បូរណភាពទឹកដី និងឯករាជ្យនយោបាយរបស់ប្រទេសមួយផ្សេងទៀត។ ករណីតែមួយគត់ដែលអាចអនុញ្ញាតឲ្យប្រើកម្លាំងយោធាបាន មានតែពីរលក្ខខណ្ឌប៉ុណ្ណោះ គឺ (១) សិទ្ធិស្វ័យការពារ នៅពេលមានការវាយប្រហារដោយអាវុធជាក់ស្តែង និង (២) ការអនុញ្ញាតច្បាស់លាស់ពីក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ។
ជាក់ស្តែង Scam Online មិនស្ថិតនៅក្នុងលក្ខខណ្ឌទាំងពីរនេះឡើយ ហើយក៏មិនអាចយកមកធ្វើជាលេសសម្រាប់សកម្មភាពយោធា ឬការរំលោភព្រំដែនរបស់ប្រទេសណាមួយបានទេ។
ការបំប្លែងបញ្ហាឧក្រិដ្ឋកម្មស៊ីវិល ទៅជាបញ្ហាសង្គ្រាមនយោបាយ និងការភ្ជាប់ Scam Online ជាមួយជម្លោះព្រំដែន បានបង្ហាញពីយុទ្ធសាស្ត្រនយោបាយមួយដែលមានភាពគ្រោះថ្នាក់យ៉ាងខ្លាំង។ យុទ្ធសាស្ត្របែបនេះអាចនាំឲ្យបំផ្លាញគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិ បង្កើតការយល់ច្រឡំក្នុងសហគមន៍អន្តរជាតិ និងបើកទ្វារឱ្យការប្រើកម្លាំងដោយគ្មានមូលហេតុស្របច្បាប់។
ប្រសិនបើសហគមន៍អន្តរជាតិទទួលយកវិធានបែបនេះ នោះគោលការណ៍សន្តិភាព និងសណ្តាប់ធ្នាប់អន្តរជាតិ ដែលបានកសាងឡើងក្រោយសង្គ្រាមលោកលើកទី២ នឹងត្រូវរងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។
សម្រាប់តំបន់អាស៊ាន ករណីនេះក៏អាចបង្កើតគំរូគ្រោះថ្នាក់មួយផងដែរ ដែលធ្វើឲ្យជម្លោះតូចៗត្រូវបានគេធ្វើជាអន្តរជាតិកម្ម និងយោធាកម្ម។ ផលប៉ះពាល់របស់វាអាចរួមមាន ការខូចខាតសន្តិភាព និងស្ថិរភាពតំបន់ ការថយចុះនៃទំនុកចិត្តរវាងប្រទេសជិតខាង និងការប្រឈមមុខនឹងតួនាទីរបស់អាស៊ាន ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី។
និយាយជារួមមក ការបង្ក្រាប Scam Online គឺជាបញ្ហាឧក្រិដ្ឋកម្មស៊ីវិលឆ្លងដែន ដែលត្រូវដោះស្រាយតាមវិធានការច្បាប់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ មិនមែនជាមូលហេតុសម្រាប់ការប្រើកម្លាំងយោធា ឬការរំលោភដែនអធិបតេយ្យភាពរបស់ប្រទេសជិតខាងឡើយ។ ការភ្ជាប់បញ្ហានេះជាមួយជម្លោះព្រំដែន ឬសកម្មភាពយោធា គឺជាការបំប្លែងបញ្ហាឧក្រិដ្ឋកម្មទៅជាបញ្ហាសង្គ្រាមនយោបាយ ដែលផ្ទុយនឹងបទប្បញ្ញត្តិនៃច្បាប់អន្តរជាតិ និងគោលការណ៍របស់ អង្គការសហប្រជាជាតិ។ សម្រាប់តំបន់ អាស៊ាន វិធីសាស្ត្របែបនេះក៏ជាគំរូគ្រោះថ្នាក់ ដែលអាចប៉ះពាល់ដល់សន្តិភាព ស្ថិរភាព និងទំនុកចិត្តរវាងប្រទេសជិតខាង។ ដូច្នេះ ការបែងចែកឲ្យបានច្បាស់រវាង “Scam Online” និង “អំពើឈ្លានពានយោធា” គឺជាចំណុចស្នូលក្នុងការការពារបូរណភាពទឹកដី និងការពារសណ្តាប់ធ្នាប់អន្តរជាតិដោយសន្តិវិធី៕
ដោយ៖ ពិន វិជ័យ- អ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ



