Close

ឆ្លើយតបបទសម្ភាសន៍រដ្ឋមន្ត្រីការបរទេសថៃលើ France 24

ដោយ៖Liching Yi | ថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ កម្ពុជាថ្ងៃនេះ ទស្សនៈ-នយោបាយ
ឆ្លើយតបបទសម្ភាសន៍រដ្ឋមន្ត្រីការបរទេសថៃលើ France 24 ឆ្លើយតបបទសម្ភាសន៍រដ្ឋមន្ត្រីការបរទេសថៃលើ France 24

បទសម្ភាសន៍របស់លោក Sihasak Phuangketkeow រដ្ឋមន្ត្រីការបរទេសថៃ ជាមួយទូរទស្សន៍ France 24 ថ្មីៗនេះ បានក្លាយជាករណីសិក្សាសំខាន់មួយ សម្រាប់សហគមន៍អន្តរជាតិ ក្នុងការវាស់វែងភាពស្មោះត្រង់ និងមូលដ្ឋានច្បាប់នៃការអះអាងរបស់ភាគីថៃ ទាក់ទងនឹងបញ្ហាព្រំដែនកម្ពុជា–ថៃ។ ជំនួសឲ្យការឆ្លើយតបដោយផ្អែកលើឯកសារ ច្បាប់អន្តរជាតិ និងការពិតប្រវត្តិសាស្ត្រ បទសម្ភាសន៍នេះវិញ បានបង្ហាញយ៉ាងច្បាស់ពីការប្រើសម្តីបំភាន់ និងការបង្កើត ព្រឹត្តិការណ៏ ដែលគ្មានមូលដ្ឋានច្បាស់លាស់។

ចំណុចគួរឲ្យកត់សម្គាល់បំផុតក្នុងបទសម្ភាសន៍ គឺការលើកឡើងថា ទឹកដីដែលកងទ័ពថៃកំពុងមានវត្តមាន គឺជាទឹកដីកម្ពុជាតាំងពីពេលថៃបានបើកជំរុំទទួលជនភៀសខ្លួន។ ការអះអាងបែបនេះ មិនត្រឹមតែខុសពីការពិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ទុយនឹងគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិផងដែរ។
តាមគោលការណ៍សកល ការបង្កើត ឬអនុញ្ញាតឲ្យមានជំរុំជនភៀសខ្លួន មិនអាចបម្លែងស្ថានភាពអធិបតេយ្យភាពដែនដី ឬផ្តល់សិទ្ធិកាន់កាប់ដែនដីឲ្យភាគីណាមួយបានឡើយ។ ការយកបញ្ហាមនុស្សធម៌មកប្រើ ដើម្បីបំភាន់បញ្ហាអធិបតេយ្យភាព និងវត្តមានយោធា គឺជាវិធីសាស្ត្រដែលសហគមន៍អន្តរជាតិបានបដិសេធជាយូរមកហើយ។

ក្នុងបទសម្ភាសន៍នេះ អ្នកសារព័ត៌មាន France 24 បានសួរដដែលៗ និងយ៉ាងច្បាស់អំពីការលើកឡើងរបស់នាយករដ្ឋមន្ត្រីកម្ពុជា ស្តីពីការបន្តវត្តមាន និងការកាន់កាប់របស់កងទ័ពថៃលើទឹកដីកម្ពុជា។ សំណួរនេះ មានលក្ខណៈត្រង់ និងទាមទារចម្លើយច្បាប់។ ទោះជាយ៉ាងណា ភាគីថៃមិនបានឆ្លើយតបដោយផ្អែកលើភស្តុតាង ឬឯកសារផ្លូវការណាមួយឡើយ។
ជំនួសវិញ ការបង្វែរប្រធានបទ ការប្រើសម្តីប្រាសចាកប្រធានបទ និងការបំភាន់បញ្ហា បានបង្ហាញថា ភាគីថៃមិនមានមូលដ្ឋានច្បាប់រឹងមាំ សម្រាប់ការអះអាងរបស់ខ្លួនទេ។ ពេលអ្នកការទូតមិនអាចឆ្លើយសំណួររបស់អ្នកសារព័ត៌មានលើវេទិការសារព័ត៌មានអន្តរជាតិ នោះមានន័យថា មូលដ្ឋានអះអាងកំពុងមានភាពស្រពិចស្រពិល និងបាត់បង់ភាពម្ចាស់ការ។

ការលើកឡើងរបស់រដ្ឋមន្ត្រីថៃថា ខ្លួន “ជឿជាក់លើការសន្ទនារវាងកម្ពុជា និងថៃ” ត្រូវបានបង្ហាញភាពមិនស្មើគ្នា យ៉ាងច្បាស់ នៅពេលលោកទទួលស្គាល់ថា ការទាក់ទងមានត្រឹមតែការជជែកតាម WhatsApp ជាមួយរដ្ឋមន្ត្រីកម្ពុជា។ ការសន្ទនាលើបញ្ហាអធិបតេយ្យភាព និងព្រំដែន មិនអាចត្រូវបានបន្ថយមកជាការទាក់ទងក្រៅប្រព័ន្ធ ដែលគ្មានក្របខណ្ឌច្បាប់ គ្មានកំណត់ត្រា និងគ្មានការទទួលខុសត្រូវបានឡើយ។
ការសន្ទនាដែលគ្មានរចនាសម្ព័ន្ធ មិនមែនជាការទូតទេ ប៉ុន្តែជាការពន្យារពេល ដែលអាចបង្កើនភាពមិនទុកចិត្ត និងធ្វើឲ្យស្ថានការណ៍កាន់តែស្មុគស្មាញ។

បទសម្ភាសន៍នេះ បញ្ជាក់យ៉ាងច្បាស់ថា បញ្ហាព្រំដែនកម្ពុជា–ថៃ មិនមែនជាបញ្ហាការបកស្រាយមិនដូចគ្នាទេ ប៉ុន្តែជាបញ្ហារវាងការគោរពច្បាប់ និងការបំភាន់ការពិត។ កម្ពុជា បានបន្តលើកឡើងជាសាធារណៈលើមូលដ្ឋានអធិបតេយ្យភាព និងច្បាប់អន្តរជាតិ ខណៈដែលភាគីថៃវិញ មិនអាចផ្តល់ចម្លើយច្បាស់លាស់លើសំណួរត្រង់ៗរបស់អ្នកសារព័ត៌មានបាន។
សហគមន៍អន្តរជាតិ គួរតែពិចារណាយ៉ាងម៉ត់ចត់ថា ការសន្ទនាដែលមិនឈរលើការពិត និងច្បាប់ នោះមិនអាចនាំទៅរកសន្តិភាពយូរអង្វែងបានឡើយ។

សរុបមក បទសម្ភាសន៍របស់រដ្ឋមន្ត្រីការបរទេសថៃលើ France 24 មិនបានបំពេញតួនាទីជាការពន្យល់ច្បាស់លាស់ដល់សហគមន៍អន្តរជាតិឡើយ ផ្ទុយទៅវិញ វាបានបង្ហាញពីភាពខ្សោយនៃមូលដ្ឋានអះអាង និងភាពមិនស្មោះត្រង់ក្នុងការប្រើប្រាស់ភាសាការទូត។ ការបំភាន់ប្រវត្តិសាស្ត្រ ការបង្វែរប្រធានបទ និងការអះអាងដោយគ្មានឯកសារគាំទ្រ មិនអាចជំនួសច្បាប់អន្តរជាតិ និងការពិតប្រវត្តិសាស្ត្របានឡើយ។
ក្នុងវិស័យការទូត អធិបតេយ្យភាពដែនដី និងការគោរពច្បាប់អន្តរជាតិ មិនមែនជាបញ្ហាអារម្មណ៍ ឬការបកស្រាយដោយឆន្ទៈនយោបាយទេ ប៉ុន្តែជាបញ្ហានៃភស្តុតាង ឯកសារ និងការទទួលខុសត្រូវ។ ការសន្ទនា ដែលមិនឈរលើគោលការណ៍ទាំងនេះ មិនអាចបង្កើតទំនុកចិត្ត និងមិនអាចនាំទៅរកសន្តិភាពយូរអង្វែងបានឡើយ។
ក្នុងបរិបទនេះ កម្ពុជា នឹងបន្តឈរលើមូលដ្ឋាននៃការពិត ច្បាប់ និងភាពច្បាស់លាស់ ដោយបើកចំហចំពោះការសន្ទនាផ្លូវការ ដែលមានក្របខណ្ឌ និងមានការទទួលខុសត្រូវ។ ព្រោះនៅលើឆាកអន្តរជាតិ ការពិតដែលឈរលើច្បាប់ តែងតែមានអំណាច និងអាយុកាលយូរជាងពាក្យអះអាង ដែលត្រូវបានបង្កើតឡើង ដើម្បីគេចវេសពីសំណួរ៕

ដោយ៖ ពិន វិជ័យ – អ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ

អត្ថបទទាក់ទង