កម្ពុជាអំពាវនាវទៅភាគីថៃត្រូវគោរពឱ្យបានពេញលេញ និងអនុវត្តដោយស្មោះត្រង់លើកិច្ចព្រមព្រៀងដែលមានស្រាប់ដោយដកកងកម្លាំងយោធាចេញពីទឹកដីកម្ពុជា
កម្ពុជាអំពាវនាវទៅភាគីថៃត្រូវគោរពឱ្យបានពេញលេញ និងអនុវត្តដោយស្មោះត្រង់លើកិច្ចព្រមព្រៀងដែលមានស្រាប់ដោយដកកងកម្លាំងយោធាចេញពីទឹកដីកម្ពុជា
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា បទឈប់បាញ់លើកទី២ រវាងកម្ពុជា-ថៃ ដែលសម្រេចបានកាលពីចុងឆ្នាំមុន នៅតែមានសភាពផុយស្រួយ ចាប់តាំងពីចុះកិច្ចព្រមព្រៀងឈប់បាញ់មក កងកម្លាំងយោធាថៃបានឈរជើងនៅលើទីតាំងហួសខ្សែបន្ទាត់ព្រំដែនដែលបានទាមទារបានបង្កឱ្យមានការរំលោភបំពានយ៉ាងជ្រៅទៅក្នុងទឹកដីកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងដូចនេះ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
នាឱកាសនោះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងបន្តថា នៅក្នុងបណ្តាភូមិជាប់ព្រំដែន ត្រូវបានកាន់កាប់ដោយយោធាថៃ បានធ្វើឱ្យប្រជាជនស៊ីវិលកម្ពុជាត្រូវបានបណ្តេញចេញដោយបង្ខំពីលំនៅដ្ឋានរបស់ពួកគេ ផ្ទះសម្បែងត្រូវបានបំផ្លិចបំផ្លាញ និងហាមឃាត់មិនឱ្យចូលទៅកាន់តំបន់ទាំងនោះ តាមរយៈការដាក់រាយបន្លាលួស និងទូរកុងទីន័រដែលបារារាំងដល់ការវិលត្រឡប់ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនស៊ីវិល។ លើសពីនេះ ថៃបង្កអរិភាព ធ្វើឱ្យមនុស្សជិត ៦៥០ ០០០នាក់ ត្រូវបានផ្លាស់ទីលំនៅ ហើយមនុស្សជាង ៨០០០០នាក់ផ្សេងទៀត នៅតែមិនអាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញបាន។ សកម្មភាពទាំងនេះដែលប៉ះពាល់ដល់ប្រជាជនស៊ីវិលកំពុងបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការរំលោភបំពានច្បាប់អន្តរជាតិ និងសិទ្ធិមនុស្ស ជាពិសេសសិទ្ធិរស់រានមានជីវិត សន្តិសុខបុគ្គល សេរីភាពក្នុងការធ្វើដំណើរ ការទទួលបានជម្រកសមរម្យ និងការចូលរួមក្នុងជីវភាព វប្បធម៌ និងសាសនា។ នៅគ្រប់កាលៈទេសៈកម្ពុជាបានបង្ហាញនូវការអត់ធ្មត់ និងការទទួលខុសត្រូវខ្ពស់បំផុត ដោយបានផ្តល់ជំនួយមនុស្សធម៌ ធានាបានផ្តល់សេវាចាំបាច់នានា ដល់ជនភៀសខ្លួន និងនៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំ គោរពបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព និងចីរភាព ព្រមទាំងការសន្ទនាដោយសន្តិវិធី ដើម្បីការវិលទៅរកប្រក្រតីនៃទំនាក់ទំនងឡើងវិញ ពីព្រោះការការពារសិទ្ធិមនុស្ស មិនអាចកាត់ផ្តាច់ចេញពីសន្តិភាពបានឡើយ។
ជាមួយគ្នានោះផងដែរ ឯកឧត្តម ប្រាក់ សុខុន ក៏បានថ្លែងបញ្ជាក់ថា កម្ពុជាសូមអំពាវនាវមានការគោរពឱ្យបានពេញលេញ និងការអនុវត្តដោយស្មោះត្រង់នូវរាល់កិច្ចព្រមព្រៀងដែលមានស្រាប់ នឹងត្រូវដកកងកម្លាំងយោធាថៃ ចេញពីទឹកដីកម្ពុជា ដែលវត្តមានរបស់កងកម្លាំងថៃនៅតែជាឧបសគ្គចម្បងដល់ការវិលត្រឡប់របស់ប្រជាជនស៊ីវិលទៅកាន់ផ្ទះសម្បែងវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមគោលការណ៍មិនប្រើប្រាស់កម្លាំង ស្របតាមច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ មានតែការគោរពតាមគោលការណ៍ និងច្បាប់ខាងលើ ទើបប្រជាជាតិយើងទាំងពីរអាចរស់នៅជាមួយគ្នាក្នុងសន្តិភាព ស្ថិរភាព និងការគោរពគ្នាទៅវិញទៅមក៕




