Close

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី៖ បារំាងត្រៀមខ្លួនផ្តល់ឯកសារដើមដែលមានដល់កម្ពុជា

ដោយ៖Liching Yi | ម្សិលមិញ ម៉ោង 3:36 am កម្ពុជាថ្ងៃនេះ
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី៖ បារំាងត្រៀមខ្លួនផ្តល់ឯកសារដើមដែលមានដល់កម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី៖ បារំាងត្រៀមខ្លួនផ្តល់ឯកសារដើមដែលមានដល់កម្ពុជា

ក្នុងជំនួបពិភាក្សាការងារនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម តូម៉ាស់ ឡាំ (Thomas Lam) សមាជិករដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជា បានឯកភាពគ្នានៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែសកម្ម ស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដើម្បីនាំមកនូវផលប្រយោជន៍កាន់តែច្រើនជូនពលរដ្ឋទាំងសងខាង។ ជាមួយគ្នានេះ ភាគីទំាងពីរបានវាយតម្លៃខ្ពស់ចំពោះតម្លៃសន្តិភាព ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដើម្បីឈានឆ្ពោះទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) នៅឆ្នាំ២០៣០។

នាឱកាសនេះដែរ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណដល់សាធារណរដ្ឋបារំាង ដែលបានចូលរួមចំណែកស្វែងរកសន្តិភាពនៅកម្ពុជា និងបានចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការ កសាងនិងអភិវឌ្ឍប្រទេសកម្ពុជារហូតមក។ សម្តេចក៏បានអរគុណដល់សមាជិករដ្ឋសភាបារំាង និងក្រុមមិត្តភាពបារាំង-កម្ពុជា ដែលបានចេញញត្តិគំាទ្រកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ និងបានជំរុញឱ្យប្រទេសទំាងពីរអនុវត្តឱ្យមានប្រសិទ្ធភាព ឈានឆ្ពោះទៅការបញ្ចប់ជម្លោះដោយសន្តិវិធី។ ញត្តិគំាទ្រនេះ ក៏បានឆ្លុះបញ្ចំាងឱ្យពិភពលោកបានដឹងថា ភាគីណាជាជនរងគ្រោះ និងភាគីណាជាអ្នកឈ្លានពានពិតប្រាកដ។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា កម្ពុជាជាប្រទេសតូចនិងជាប្រទេសធ្លាប់ឆ្លងកាត់សង្រ្គាម ដូចនេះកម្ពុជាត្រូវការសន្តិភាព គឺមិនត្រូវការសង្រ្គាមនោះទេ ហើយក៏មិនមានបំណងចង់ឈ្លានពានប្រទេសជិតខាងម្តងណាឡើយ។ សច្ចភាពបានផ្តល់ឱ្យកម្ពុជានៅពេលនេះ តាមរយៈដំណើរទស្សនកិច្ចផ្លូវការនិងជាប្រវត្តិសាស្រ្តរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពេលចូលរួមកិច្ចប្រជុំកម្រិតខ្ពស់លើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព (Board of Peace) ដែលបានប្រព្រឹត្តទៅនៅសហរដ្ឋអាមេរិក និងបានបង្ហាញឱ្យពិភពលោកបានដឹងពីការរងគ្រោះរបស់កម្ពុជា ដែលបណ្តាលមកពីការឈ្លានពានទាំងកម្រោលរបស់ថៃ។

ទាក់ទងជម្លោះព្រំដែនកម្ពុជា-ថៃ បារំាងក៏បានត្រៀមខ្លួនផ្តល់ឯកសារដើមដែលមានដល់កម្ពុជាផងដែរ។ ឯកឧត្តម តូម៉ាស់ ឡាំ បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតីបារំាងមកកម្ពុជា ស្របពេលនឹងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ នោះ នឹងធ្វើឱ្យប្រទេសទំាងពីររកឃើញនូវលទ្ធភាពជាច្រើនទៀត ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឈានទៅសម្រេចបានភាពជាដៃគូយុទ្ធសាស្រ្តរវាងប្រទេសទាំងពីរ ដោយនាំមកនូវផលប្រយោជន៍ជូនប្រទេសទាំងសងខាង៕

អត្ថបទទាក់ទង