តើសម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់គោលជំហរដូចម្តេចក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងពេលផ្តល់បទសម្ភាសជាមួយ AFP?
តើសម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់គោលជំហរដូចម្តេចក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងពេលផ្តល់បទសម្ភាសជាមួយ AFP?
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា កម្ពុជាចង់បានការបន្ធូរបន្ថយភាពតានតឹង និងដំណោះស្រាយដោយសន្តិវិធី សម្រាប់បញ្ហាជម្លោះព្រំដែនជាមួយប្រទេសថៃ ប៉ុន្តែភាគីថៃបានធ្វើសកម្មភាពបំពានបទឈប់បាញ់ដែលសម្រេចបានកាលពីខែធ្នូ ចុងឆ្នាំមុន។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញផ្តល់បទសម្ភាសជាមួយទីភ្នាក់ព័ត៌មានបារាំង AFP។
នៅក្នុងកិច្ចសម្ភាសនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងបន្តថា ទង្វើឈ្លានពានរបស់ថៃ គឺពួកគេបានរំលោភកាន់កាប់លើទឹកដីកម្ពុជា ហួសឆ្ងាយពីចំណុចដែលទីក្រុងបាងកកខ្លួនឯងអះអាងជា ខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ ទើបកម្ពុជាសម្រេចស្នើទៅកាន់ប្រទេសបារាំង ដើម្បីសុំការផ្តល់ឯកសារក៏ដូចជាផែនទីប្រវត្តិសាស្រ្តផ្សេងៗ ដើម្បីព្យាយាមដោះស្រាយបញ្ហាទឹកដីជាមួយប្រទេសថៃ ហើយបានអំពាវនាវឱ្យគណៈកម្មការព្រំដែនរួមកម្ពុជា-ថៃ អាចបន្តធ្វើការងារឡើងវិញលើរឿងនេះ បើទោះលទ្ធផលនៃនីតិវិធីនេះ ចេញមកបែបណាក៏ដោយ កម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីទទួលយកវា ហើយសម្តេចសង្ឃឹមថា ខាងភាគីថៃក៏នឹងយល់ព្រមទទួលយកដូចគ្នា។
នាឱកាសនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ពាក់ព័ន្ធការសម្រេចចិត្តរបស់កម្ពុជា ក្នុងការចូលរួមជាសមាជិកនៃក្រុមប្រឹក្សាសន្តិភាពរបស់ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានខិតខំប្រឹងប្រែងក្នុងការជួយសម្រុះសម្រួលបទឈប់បាញ់ជាមួយថៃ គឺជាហេតុផលមួយផ្នែក កម្ពុជាជឿជាក់ថា ក្រុមប្រឹក្សានេះពិតជាមានគោលដៅលើកកម្ពស់សន្តិភាព ហើយមិនមែនគ្រាន់តែចង់ធ្វើឱ្យឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ សប្បាយចិត្តនោះទេ៕
ប្រភព៖ Fresh News



