សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញបទបញ្ជាស្រាវជ្រាវឱ្យបានច្បាស់លាស់ចំពោះករណីនាំប្រេងខុសច្បាប់ពីប្រទេសថៃចូលមកលក់នៅកម្ពុជា
សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញបទបញ្ជាស្រាវជ្រាវឱ្យបានច្បាស់លាស់ចំពោះករណីនាំប្រេងខុសច្បាប់ពីប្រទេសថៃចូលមកលក់នៅកម្ពុជា
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈបណ្ដាញសង្គមនៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ បានបង្ហោះផ្សាយខ្លឹមសារដូចតទៅ៖
ខ្ញុំបានឃើញបណ្ដាញសារព័ត៌មានថៃចុះផ្សាយព័ត៌មាន ពាក់ព័ន្ធនឹងករណីដែលមានបណ្ដាញលួចនាំប្រេងខុសច្បាប់ពីប្រទេសថៃចូលមកលក់នៅកម្ពុជានៅក្នុងពេលនេះ។
ខ្ញុំបានចេញបទបញ្ជាឲ្យ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម គុណ ញឹម អគ្គនាយក អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ស្រាវជ្រាវករណីនេះឲ្យបានច្បាស់លាស់។ ប្រសិនជាមានករណីនេះពិត ប្រាកដមែនត្រូវស្រាវជ្រាវឲ្យឃើញមុខសញ្ញាពាក់ព័ន្ធទាំងអស់ហើយត្រូវចាត់វិធានការច្បាប់ឲ្យបានតឹងរ៉ឹងបំផុត។
ប្រសិនជាមានពាក់ព័ន្ធជាមួយក្រុមហ៊ុនប្រេងណាមួយ ត្រូវដកអាជ្ញាប័ណ្ណ។ ប្រសិនជាមានពាក់ព័ន្ធជាមួយមន្ត្រីរាជការឬកងកម្លាំងប្រដាប់អាវុធកម្ពុជាត្រូវបញ្ចប់តួនាទី និងបណ្ដេញចេញពីក្របខណ្ឌជាកំហិតមិនថាបុគ្គលនោះមានតួនាទីឬឋានន្តរស័ក្តិប៉ុណ្ណាទេ។
សូមរំលឹកថា កម្ពុជាបានផ្អាកការទិញប្រេងឥន្ធនៈនិងឧស្ម័នឥន្ធនៈគ្រប់ប្រភេទពីប្រទេសថៃចាប់តាំងពីខែ មិថុនាឆ្នាំ២០២៥ ហើយក៏មិនមានការចាំបាច់ក្នុងការនាំប្រេងចូលពីប្រទេសថៃទៀតដែរដោយកម្ពុជាមានប្រភពប្រេងពីប្រទេសផ្សេងៗគ្រប់គ្រាន់ហើយ៕



