សម្ពាធផ្លូវចិត្តនិងវិបត្តិព្រំដែនមិនអាចបង្ខំឲ្យខ្មែរឈប់រស់បានឡើយ
ក្នុងប្រវត្តិសាស្ត្ររបស់ប្រជាជាតិមួយ សង្គមមិនអាចបញ្ឈប់ដំណើរការសកម្មភាពផ្សេងៗ ដោយសារតែមានបញ្ហានៃផ្នែកណាមួយនៅក្នុងសង្គមឡើយ។ ប្រទេសមួយដែលមានជីវិតពិតប្រាកដ មិនមែនជាប្រទេសដែលបិទខ្ទប់ខ្លួនឯង ឬបញ្ឈប់វប្បធម៌របស់ខ្លួនទេ ប៉ុន្តែត្រូវតែជាប្រទេសមួយដែលអាចរក្សាតុល្យភាពរវាង “ការការពារជាតិ” និង “ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជន” បានយ៉ាងរឹងមាំ។
ការលើកឡើងថា ប្រជាពលរដ្ឋមិនគួរអបអរសប្បាយក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ដោយសារតែមានបញ្ហាព្រំដែនជាមួយប្រទេសថៃនោះ គឺជាការយល់ឃើញដែលមើលតែផ្នែកតូចមួយនៃការពិត ប៉ុន្តែមិនបានយល់ពីបញ្ហារួមនៃជីវិតជាតិពិតប្រាកដឡើយ។ ជាតិនិយមពិតប្រាកដគឺ មិនមែនជាការទាមទារឲ្យប្រជាជនរស់នៅក្នុងភាពតានតឹង ឬភ័យខ្លាចនោះទេ ប៉ុន្តែផ្ទុយទៅវិញជាការកសាងស្មារតីឲ្យរឹងមាំ ដើម្បីឲ្យជាតិនោះអាចឈរលើជើងខ្លួនឯងបាន ទាំងក្នុងពេលសុខសាន្ត មានសន្តិភាព និងពេលកំពុងមានបញ្ហា។
សង្គមរឹងមាំ គឺជាសង្គមដែលអាចនៅតែរស់បានក្នុងពេលមានសម្ពាធ ហើយប្រទេសដែលមានភាពរឹងមាំមិនមែនជាប្រទេសដែលបញ្ឈប់សកម្មភាពសង្គមពេលមានបញ្ហាកើតឡើងនោះទេ ប៉ុន្តែត្រូវតែជាប្រទេសដែលអាចបន្តដំណើរការទៅមុខរបស់ខ្លួនបានដោយមិនបាត់បង់ម្ចាស់ការ និងស្ថិរភាពផ្ទៃក្នុង។ ពិធីបុណ្យចូលឆ្នាំខ្មែរក្នុងពេលកន្លងមកថ្មីៗនេះ គឺជាការសាកល្បងនិងក៏ជាឧទាហរណ៍ច្បាស់មួយនៃសមត្ថភាពសង្គមផងដែរ។
ការចូលរួមរបស់ប្រជាជនជាច្រើនលាននាក់ ក្នុងរយៈពេលបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះមិនមែនគ្រាន់តែជាតួលេខទេ ប៉ុន្តែជាសញ្ញានៃជីវិតជាតិដែលកំពុងដើរទៅមុខឆ្លងកាត់ឧបសគ្គដែលជាតិកំពុងកើតមាន។ នេះបង្ហាញថា ប្រជាជននៅតែមានជំនឿលើស្ថិរភាពរបស់ប្រទេសខ្លួន និងនៅតែចូលរួមយ៉ាងសកម្មក្នុងការរក្សាចលនាសេដ្ឋកិច្ច វប្បធម៌ និងសង្គមឲ្យរស់រវើក។នេះហើយគឺជាអត្ថន័យពិតប្រាដកនិងមានន័យជ្រាលជ្រៅរបស់ “ជាតិនិយមបែបអនុវត្ត” មិនមែនជាតិនិយមត្រឹមពាក្យស្លោកទេ ប៉ុន្តែជាតិនិយមដែលបង្ហាញតាមសកម្មភាពពិតរបស់ប្រជាជនខ្មែរ។
វប្បធម៌ជាកម្លាំងការពារជាតិ ពិធីបុណ្យចូលឆ្នាំខ្មែរមិនមែនជាព្រឹត្តិការណ៍សប្បាយធម្មតា ប៉ុន្តែជាផ្នែកមួយនៃអត្តសញ្ញាណជាតិដែលបានបន្តជាច្រើនសតវត្សរ៍កន្លមកហើយ។ នៅក្នុងទស្សនៈជាតិនិយម វប្បធម៌គឺជាខែលមួយដែលអាចការពារជាតិឲ្យនៅរឹងមាំបាន។
នៅពេលប្រជាជនចូលរួមក្នុងពិធីបុណ្យជាតិយ៉ាងច្រើនហួសពីការស្មាននេះ វាមិនត្រឹមតែបង្ហាញពីភាពសប្បាយរីករាយទេ ប៉ុន្តែបង្ហាញថា អត្តសញ្ញាណជាតិខ្មែរ នៅតែមានជីវិតរឹងមាំ និងមិនអាចបំបែកបានដោយកត្តាខាងក្រៅណាមួយបានងាយៗឡើយ។
ជាតិដែលមានវប្បធម៌រឹងមាំ គឺជាជាតិដែលគ្មានថ្ងៃបាត់បង់អត្ថសញ្ញាណខ្លួនឯង។ សេដ្ឋកិច្ចរស់ គឺជាអំណាចមួយរបស់ជាតិ ឯចលនារបស់ប្រជាជនក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ក៏ជាកម្លាំងសេដ្ឋកិច្ចដ៏សំខាន់មួយផងដែរ។ ការចំណាយ ការធ្វើដំណើរ និងសកម្មភាពទេសចរណ៍ក្នុងស្រុក បានបង្កើតលំហូរសាច់ប្រាក់ និងជួយជម្រុញសេដ្ឋកិច្ចមូលដ្ឋានខ្មែរឲ្យមានជីវិតកាន់តែរឹងមាំ។
ក្នុងទស្សនៈជាតិនិយមសម័យថ្មី សេដ្ឋកិច្ចដែលដំណើរការបាន គឺជាអាវុធមួយនៃអធិបតេយ្យភាពនិងភាពរឹងមាំរបស់ជាតិ។ ជាតិមួយដែលប្រជាជនរបស់ខ្លួននៅតែអាចរកស៊ី និងរស់នៅបានដោយស្ថិរភាព គឺជាជាតិដែលមិនងាយរងការប៉ះពាល់ពីសម្ពាធខាងក្រៅណាមួយឡើយ។
ដូច្នេះ ការរស់រវើករបស់សង្គមក្នុងពេលបុណ្យទាន មិនមែនជាការមិនយកចិត្តទុកដាក់ចំពោះបញ្ហាជាតិនិងការឈឺចាប់របស់ជាតិទេ ប៉ុន្តែជាការបង្ហាញថា ជាតិមួយនេះនៅតែមានថាមពលរឹងមាំក្នុងការបន្តដំណើរទៅមុខទៀតបាន។
ជាតិនិយមពិតគឺការរស់ឲ្យខ្លាំង មិនមែនការភ័យខ្លាច ជាតិនិយមមិនមែនជាការបិទទ្វារសង្គម ឬបង្ខំឲ្យប្រជាជនរស់ក្នុងស្ថានភាពតានតឹងឬក្នុងភាពភ័យខ្លាចនោះទេ។ ផ្ទុយទៅវិញ វាគឺជាការបង្កើតភាពជឿជាក់ថា ទោះបីមានបញ្ហាណាមួយកើតឡើងក៏ដោយក៏ ជាតិមួយនេះនៅតែអាចឈរលើជើងខ្លួនឯងបានដោយរឹងមាំមិនទន់ជ្រាយ។
ប្រជាជនដែលអាចសប្បាយក្នុងពេលសមរម្យ និងនៅតែមានស្មារតីជាតិ គឺជាប្រជាជនដែលមានភាពធន់ខ្លាំងបំផុត ហើយភាពធន់នេះ គឺជាអ្វីដែលធ្វើឲ្យប្រទេសមួយមិនងាយដួលរលំ ឬបាក់បែកឡើយ។
ការអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ និងការចូលរួមយ៉ាងច្រើនរបស់ប្រជាពលរដ្ឋ មិនមែនជាការបដិសេធបញ្ហាជាតិទេ ប៉ុន្តែជាការបញ្ជាក់ថា សង្គមកម្ពុជាមានសមត្ថភាពរស់នៅដោយស្ថិរភាព និងមានស្មារតីជាតិរឹងមាំ។
ជាតិមួយមិនត្រូវវាស់វែងដោយតម្លៃត្រឹមតែពេលមានវិបត្តិទេ ប៉ុន្តែត្រូវវាស់តម្លៃតាមសមត្ថភាពក្នុងការរស់បាន រីកចម្រើនបាន និងរក្សាអត្តសញ្ញាណខ្លួនឯងបាន ទោះបីស្ថានការណ៍ផ្លាស់ប្តូរនិងលំបាកយ៉ាងណាក៏ដោយ នេះហើយគឺជាស្មារតីពិតនៃជាតិនិយមរបស់កម្ពុជា៕
ដោយ៖ ពិន វិជ័យ- អ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ



