អ្នកនាំពាក្យក្រសួងការពារជាតិឆ្លើយតបនឹងការផ្សព្វផ្សាយរបស់ភាគីថៃអំពីការឈរជើងនិងការតាំងទីលំនៅរបស់ប្រជាពលរដ្ឋកម្ពុជានៅភូមិឯកភាពទល់នឹងភូមិបានចំរៀកនិងស្នើយកបញ្ហានេះឱ្យគណៈកម្មាធិការចម្រុះព្រំដែន(JBC)ពិភាក្សានិងដោះស្រាយ

យោងតាមការបង្ហោះផ្សាយរបស់ក្រសួងការពារជាតិនៅល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានគេហទំព័រផ្លូវការមួយចំនួនក្នុងនោះរួមមានគេហទំព័ររបស់ការិយាល័យអ្នកនាំពាក្យកងទ័ពជើងទឹកថៃ និងបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាត បានលើកឡើងពីបញ្ហានៃការឈរជើង និងការតាំងទីលំនៅរបស់ប្រជាពលរដ្ឋកម្ពុជា នៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទល់នឹងភូមិបានចំរៀក ឃុំចំរក់ ស្រុកមឿង ខេត្តត្រាត។
ពាក់ព័ន្ធនឹងបញ្ហាទាំងនេះ កម្ពុជាបានផ្តល់ការបកស្រាយយ៉ាងច្បាស់លាស់រួចមកហើយ ហើយតាមរយៈលិខិតឆ្លើយតបរបស់យោធភូមិភាគទី៥កម្ពុជា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ យើងក៏បានដោះស្រាយបញ្ហាមួយចំនួនចប់រួចរាល់ផងដែរ។ ដោយឡែក បញ្ហាដែលនៅសេសសល់ដទៃទៀតដែលមិនស្ថិតនៅក្រោមអាណត្តិរបស់អង្គភាពតាមព្រំដែនក៏ដូចជាអាជ្ញាធរមូលដ្ឋាននៅតាមព្រំដែន កម្ពុជាបានលើកសំណើរួចហើយថា បញ្ហាទាំងនេះគួរបញ្ជូនទៅឱ្យគណៈកម្មាធិការចម្រុះព្រំដែន(JBC) ពិភាក្សានិងដោះស្រាយស្របតាមអនុស្សារណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលនៃព្រះរាជណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃស្តីពីការវាស់វែងនិងខ័ណ្ឌព្រំសីមាព្រំដែនគោក(MOU2000)។
ក្នុងពេលដំណាលគ្នានេះ កម្ពុជាស្នើឱ្យគ្រប់ភាគីទាំងអស់ចៀសវាងសកម្មភាពទាំងឡាយណាដែលអាចនាំទៅដល់ការកើនឡើងនូវភាពតានតឹងនិងការពង្រីកតំបន់ជម្លោះ ដោយខិតខំធ្វើយ៉ាងណាបង្កបរិយាកាសអំណោយផលដល់ការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពក្នុងនោះរួមទាំងការព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរសម្រេចបាននៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ(GBC) និងកិច្ចប្រជុំព្រំដែនថ្នាក់យោធភូមិភាគ(RBC)ទាំងអស់ឱ្យបានម៉ឺងម៉ាត់និងខ្ជាប់ខ្ជួន។ ឆ្លៀតក្នុងឱកាសនេះ កម្ពុជាបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការសហការជាមួយភាគីថៃនៅគ្រប់កម្រិតដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍សម្រាប់ជាប្រយោជន៍ដល់ប្រទេសនិងប្រជាជនយើងទាំងពីរ៕