យោធភូមិភាគទី៥របស់កម្ពុជាបានជួបប្រជុំជាមួយកងបញ្ជាការការពារព្រំដែនច័ន្ទបុរី-ត្រាត របស់ថៃដើម្បីដោះស្រាយរាល់បញ្ហាដោយសន្តិវិធី កាត់បន្ថយភាពតានតឹង និងរក្សាស្ថិរភាព ភាពស្ងប់ស្ងាត់តាមបណ្តោយព្រំដែន

យោងតាមការបង្ហោះផ្សាយរបស់ក្រសួងការពារជាតិនៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថាកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ម្សិលមិញនេះ យោធភូមិភាគទី៥ របស់កម្ពុជា ដឹកនាំដោយ ឧត្ដមសេនីយ៍ទោ សរ គឹមប៉ាក់ មេបញ្ជាការរងយោធភូមិភាគទី៥ បានជួបប្រជុំជាមួយកងបញ្ជាការ ការពារព្រំដែនច័ន្ទបុរី-ត្រាត របស់ថៃ ដឹកនាំដោយ វរនាវីឯក ឧត្ដម ស៊ិរិគុនវ៉ាន់យ៉ូ នាយសេនាធិការកងបញ្ជាការការពារព្រំដែនចន្ទបុរី-ត្រាត ដែលប្រព្រឹត្តទៅក្នុងស្រុកមឿងត្រាត ខេត្តត្រាត ព្រះរាជាណាចក្រថៃ។
ក្នុងនោះកិច្ចប្រជុំខាងលើ ភាគីទាំងពីរបានពិភាក្សាគ្នាដើម្បីដោះស្រាយរាល់បញ្ហាដោយសន្តិវិធី កាត់បន្ថយភាពតានតឹង និងរក្សាស្ថិរភាព ភាពស្ងប់ស្ងាត់តាមបណ្តោយព្រំដែន។ ពាក់ព័ន្ធនឹងបញ្ហានេះ ភាគីកម្ពុជាបានសង្កត់ធ្ងន់លើការអនុវត្តកំណត់ហេតុរួមនៃកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ឱ្យបានពេញលេញនិងមានប្រសិទ្ធភាព៕