សម្តេចតេជោ ហ៊ុន សែន បន្តក្រើនរំលឹកដល់អាជ្ញាធរឱ្យយកចិត្តទុកដាក់លើគ្រួសារយុទ្ធជនជួរមុខ យុទ្ធជនពលី ពិការនិងគ្រួសារអតីតយុទ្ធជន
សម្តេចតេជោ ហ៊ុន សែន បន្តក្រើនរំលឹកដល់អាជ្ញាធរឱ្យយកចិត្តទុកដាក់លើគ្រួសារយុទ្ធជនជួរមុខ យុទ្ធជនពលី ពិការនិងគ្រួសារអតីតយុទ្ធជន
ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកំពត-ខេត្តកែប ប្រារព្ធឡើងនៅសាលាខេត្តកំពតនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការទាំងអស់ដែលបានខិតខំបំពេញការងារបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅពេលកន្លងមកជាពិសេសការរួមគ្នារក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់និងរបៀបរៀបរយក្នុងសង្គម ទប់ស្កាត់បាននូវទង្វើបង្កចលាចលនានាក្នុងសង្គមឲ។
សម្តេចតេជោ ហ៊ុន សែន ក៏បានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិនិងប្រជាជនឱ្យបានល្អប្រសើរជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់និងសេវាតម្រូវការនានាជូនប្រជាពលរដ្ឋឱ្យបានលឿនរហ័ស។ សម្តេចក៏បានជំរុញឱ្យពន្លឿនការផ្តល់សេវាលើការធ្វើបណ្ណកម្មសិទ្ធិដីធ្លីឱ្យប្រជាពលរដ្ឋឱ្យកាន់តែលឿនថែមទៀតដើម្បីបញ្ចៀសភាពថ្នាំងថ្នាក់នៅមូលដ្ឋាន។
លើសពីនោះ សម្តេចតេជោ ហ៊ុន សែន បានបន្តរំលឹកដល់អាជ្ញាធរឱ្យបន្តយកចិត្តទុកដាក់លើគ្រួសារយុទ្ធជនជួរមុខ យុទ្ធជនពលី ពិការ និងគ្រួសារអតីតយុទ្ធជនដើម្បីជាការបង្ហាញនូវដួងចិត្តគិតគូរខ្ពស់ចំពោះសុខទុក្ខគ្រួសារយុទ្ធជន ក៏ដូចជាអតីតយុទ្ធជន ដែលជាអ្នកបានលះបង់ធំធេងសម្រាប់បុព្វហេតុជាតិមាតុភូមិប្រកបដោយភាពអង់អាចក្លាហាន។ សម្តេច បានណែនាំដល់អាជ្ញាធរតាមមូលដ្ឋានក្តាប់ឱ្យបាននូវចំនួនក្រុមគ្រួសារយុទ្ធជននៅជួរមុខ យុទ្ធជនពលី ពិការ ក៏ដូចជាអតីតយុទ្ធជន ហើយត្រូវឧស្សាហ៍ចុះសួរសុខទុក្ខនិងពិនិត្យមើលស្ថានភាពជីវភាពរបស់ពួកគេ។ សម្តេចក៏បានណែនាំឱ្យពិនិត្យផ្តល់អាហារូបករណ៍របស់សម្តេចជូនដល់កូនៗរបស់ពួកគេឱ្យបានសិក្សារៀនសូត្រខ្ពស់ឬឱ្យកូនៗរបស់ពួកគេទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈផ្សេងៗ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានត្រូវចូលរួមទាំងអស់គ្នាក្នុងការថែរក្សាធនធានធម្មជាតិដែលមាននៅមូលដ្ឋាន ទប់ស្កាត់ការបំផ្លិចបំផ្លាញ និងរួមគ្នាក្នុងការថែរក្សាឱ្យបានគង់វង្ស។ សម្ដេចតេជោ ក៏បានក្រើនរំលឹកដល់មន្ត្រីទាំងអស់ ចៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ និងត្រូវចាំថា «មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន» និងចៀសវាងប្ដីស័ក្តិ៣ ប្រពន្ធស័ក្តិ៤ កូនស័ក្តិ៥ ដែលបង្កភាពថ្នាំងថ្នាក់ដល់ទឹកចិត្តប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ បន្ថែមពីនោះ សម្តេចតេជោ ក៏បានរំលឹកឱ្យអាជ្ញាធរខេត្តកំពតត្រូវបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតតាមព្រំដែនជាមួយប្រទេសវៀតណាមដើម្បីបង្កលក្ខណៈងាយស្រួលដល់ទំនាក់ទំនងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ៕




