Close

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដាក់ឱ្យដំណើរការជាផ្លូវការនូវសាខា ប.ស.ស. និងមជ្ឈមណ្ឌលការងារ ថ្មីចំនួន ៣ទីតាំង នៅផ្សារទំនើប អុីអន ម៉ល មានជ័យ, ផ្សារទំនើប អុីអន ម៉ល ភ្នំពេញ, និងផ្សារទំនើប អុីអន ម៉ល សែន សុខ សុីធី

ដោយ៖លី វិទ្យា | ថ្ងៃអង្គារ ទី២ ខែកញ្ញា ឆ្នាំ២០២៥ កម្ពុជាថ្ងៃនេះ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដាក់ឱ្យដំណើរការជាផ្លូវការនូវសាខា ប.ស.ស. និងមជ្ឈមណ្ឌលការងារ ថ្មីចំនួន ៣ទីតាំង នៅផ្សារទំនើប អុីអន ម៉ល មានជ័យ, ផ្សារទំនើប អុីអន ម៉ល ភ្នំពេញ, និងផ្សារទំនើប អុីអន ម៉ល សែន សុខ សុីធី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដាក់ឱ្យដំណើរការជាផ្លូវការនូវសាខា ប.ស.ស. និងមជ្ឈមណ្ឌលការងារ ថ្មីចំនួន ៣ទីតាំង នៅផ្សារទំនើប អុីអន ម៉ល មានជ័យ, ផ្សារទំនើប អុីអន ម៉ល ភ្នំពេញ, និងផ្សារទំនើប អុីអន ម៉ល សែន សុខ សុីធី

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធសាខាបេឡាជាតិសន្តិសុខសង្គម ​(ប.ស.ស.) និងមជ្ឈមណ្ឌលការងារ ចំនួន ៣ទីតាំងបន្ថែមទៀត នៅផ្សារទំនើប អុីអន ម៉ល មានជ័យ, ផ្សារទំនើប អុីអន ម៉ល ភ្នំពេញ, និងផ្សារទំនើប អុីអន ម៉ល សែន សុខ សុីធី ដែលនឹងកាន់តែបង្កភាពងាយស្រួលជូនប្រជាពលរដ្ឋក្នុងការទទួលបាននូវសេវាពីបេឡាជាតិសន្តិសុខសង្គម និងឱកាសការងារពីមជ្ឈមណ្ឌលការងាររបស់ទីភ្នាក់ជាតិមុខរបរ និងការងារ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥  ដែលមានការចូលរួមពីនាយកគ្រប់គ្រងក្រុមហ៊ុន អុីអន ថ្នាក់ដឹកនាំ មន្រ្តីរាជការនៃក្រសួង​ និងភ្ញៀវកិត្តិយសជាច្រើននាក់។

ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានមានប្រសាសន៍ថា ការដាក់ឱ្យដំណើរការផ្លូវការនូវទីតាំងទាំង៣នេះ ជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការធានាឱ្យបាននូវសេវាសាធារណៈដ៏មានប្រសិទ្ធភាព និងភាពងាយស្រួលក្នុងការទទួលបានសេវា ដែលឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋ ដែលត្រូវការធ្វើប័ណ្ណ ប.ស.ស. មានតម្រូវការធ្វើបច្ចុប្បន្នភាពប័ណ្ណ ប.ស.ស. ឬចង់សាកសួរព័ត៌មានអំពីឱកាសការងារ គឺអាចមកសាកសួរព័ត៌មាននៅផ្សារទំនើបទាំងនេះបាន។

ទន្ទឹមគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ជាមួយនឹងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងប្រព័ន្ធគាំពារសង្គម ប.ស.ស. ជាអង្គភាពដ៏សំខាន់ក្នុងការផ្តល់សេវាជូនមន្រ្តីរាជការ កម្មករនិយោជិត និងប្រជាពលរដ្ឋកម្ពុជា។ ជាមួយគ្នានេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)  ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ព័ត៌មានទីផ្សារការងារ ផ្តល់សេវារកការងារឱ្យធ្វើ និងសេវាពិគ្រោះយោបល់អាជីពការងារជូនប្រជាពលរដ្ឋ ខណៈពេលដែលសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើន។

ក្នុងឱកាសនោះ លោក Endo Fumihiko នាយកគ្រប់គ្រងក្រុមហ៊ុនអុីអន បានសម្តែងនូវសេចក្តីរីករាយនិងសាទរចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ដែលបានពង្រីកនូវទីតាំងផ្តល់សេវា ប.ស.ស. និងសេវារបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ដែលផ្តល់ភាពកាន់តែងាយស្រួលជូនប្រជាពលរដ្ឋ។ ក្រុមហ៊ុនអុីអន រីករាយដែលបានសហការជាមួយក្រសួងរួមចំណែកជួយធ្វើឱ្យប្រសើរឡើងដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋ៕

អត្ថបទទាក់ទង