Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យអ្នកផលិតស៊ីម៉ងត៍ពង្រឹងគុណភាពនិងតម្លៃ ខណៈរដ្ឋបន្តដកបន្ទុកពន្ធដារឱ្យរយៈពេល ២ឆ្នាំទៀត

ដោយ៖Liching Yi | ថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦ កម្ពុជាថ្ងៃនេះ
សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យអ្នកផលិតស៊ីម៉ងត៍ពង្រឹងគុណភាពនិងតម្លៃ ខណៈរដ្ឋបន្តដកបន្ទុកពន្ធដារឱ្យរយៈពេល ២ឆ្នាំទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យអ្នកផលិតស៊ីម៉ងត៍ពង្រឹងគុណភាពនិងតម្លៃ ខណៈរដ្ឋបន្តដកបន្ទុកពន្ធដារឱ្យរយៈពេល ២ឆ្នាំទៀត

នៅក្នុងជំនួបពិភាក្សាការងារជាមួយសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសជាផ្លូវការនូវការសម្រេចបន្តគាំទ្រផ្នែកពន្ធដារ និងផ្តល់អនុសាសន៍គន្លឹះៗមួយចំនួនដើម្បីជំរុញវិស័យឧស្សាហកម្មស៊ីម៉ង់ត៍ឱ្យកាន់តែរីកចម្រើនថែមទៀត។

នាឱកាសនោះផងដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងបន្ត ការដាក់ចេញនូវគោលនយោបាយ និងយន្តការចាំបាច់របស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់ភាពជោគជ័យរបស់ក្រុមហ៊ុនវិនិយោគទាំងក្នុង និងក្រៅស្រុក ដែលបាន និងកំពុងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។ សម្តេច​ធិបតី​បាន​បញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារលើផលិតផលស៊ីម៉ងត៍ក្នុងស្រុក ដែលរាជរដ្ឋាភិបាលធ្លាប់បានផ្តល់ជូនជាច្រើនឆ្នាំកន្លងមក ដោយចាត់ទុកជាបន្ទុករបស់រដ្ឋ​ សម្រាប់សហគ្រាសផលិតស៊ីម៉ងត៍ក្នុងស្រុក សម្រាប់រយៈពេល ២ ឆ្នាំទៀត ពោលគឺរហូតដល់ដំណាច់ឆ្នាំ ២០២៨។

នាឱកាសនោះផងដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងថា ភាពជោគជ័យរបស់ក្រុមហ៊ុនដែលមានស្រាប់នៅកម្ពុជា​ គឺជាការផ្សព្វផ្សាយប្រកបដោយសក្ដានុពលបំផុត ក្នុងការទាក់ទាញការវិនិយោគថ្មីៗបន្ថែមទៀតមកកម្ពុជា។ បន្ថែមពីនេះ សម្ដេចធិបតី ក៏បានផ្ដល់អនុសាសន៍ដល់សមាគម​ ក៏ដូចជាបណ្តាក្រុមហ៊ុន​ រោងចក្រ និង សហគ្រាសឯកជន​ថា​ ដេីម្បី​ធានាបានភាពប្រកួតប្រជែង និងការទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ចំពោះផលិតផលរបស់ខ្លួន​ អ្នកផលិតត្រូវផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើការធានាបាន​នូវគុណភាពល្អ​ ជាមួយតម្លៃសមរម្យ។ សម្ដេចធិបតី ក៏បានលើកទឹកចិត្តឱ្យសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា បន្តពិនិត្យ និងពង្រឹងខ្សែច្រវាក់ផលិតកម្ម ដើម្បីបម្រើដល់ការផ្គត់ផ្គង់ទីផ្សារក្នុងស្រុកឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ជាមួយគ្នានោះផងដែរ សម្ដេចធិបតី ក៏បានគូសបញ្ជាក់សាជាថ្មីថា​ រាជរដ្ឋាភិបាលនឹងបន្តជួយជ្រោមជ្រែង និងគាំទ្រដល់ភាពជោគជ័យរបស់វិស័យឯកជន ព្រមទាំងបានចាត់ទុកវិស័យឯកជនជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាលក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅកម្ពុជា។ សម្ដេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនវិនិយោគទាំងក្នុង និងក្រៅស្រុក ដែលមានជំនឿទុកចិត្ត និងបន្តពង្រីកការបោះទុនវិនិយោគនៅកម្ពុជា៕

អត្ថបទទាក់ទង