Close

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យក្រុមហ៊ុន MinebeaMitsumi Inc. បន្តពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា

ដោយ៖Liching Yi | ថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦ កម្ពុជាថ្ងៃនេះ
សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យក្រុមហ៊ុន MinebeaMitsumi Inc. បន្តពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យក្រុមហ៊ុន MinebeaMitsumi Inc. បន្តពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា

យោងតាមការបង្ហោះផ្សាយនៅក្នុងបណ្ដាញសង្គមរបស់
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ សម្តេចបានអនុញ្ញាតឱ្យលោក Yoshihisa Kainuma អគ្គនាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc. និងសហការីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារនៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប, លោកអគ្គនាយកប្រតិបត្តិក្រុមហ៊ុន បានគោរពជម្រាបអំពីវឌ្ឍនភាពអាជីវកម្មនិងគម្រោងសម្ពោធរោងចក្រថ្មីនៅកម្ពុជាព្រមទាំងផែនការក្នុងការពង្រីកការវិនិយោគបន្ថែមទៀតរបស់ក្រុមហ៊ុននៅកម្ពុជាហើយលោកអគ្គនាយកបានបញ្ជាក់ថា ភាពជោគជ័យនិងការរីកចម្រើនរបស់ក្រុមហ៊ុន ជាកត្តាទាក់ទាញវិនិយោគិនជប៉ុនផ្សេងទៀតឱ្យមកបណ្តាក់ទុននៅកម្ពុជាហើយក្រុមហ៊ុននៅតែមានជំនឿទុកចិត្តលើបរិយាកាសនិងស្ថិរភាពនៃការវិនិយោគនៅកម្ពុជា។

ជាការឆ្លើយតប, សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះវឌ្ឍនភាពនិងភាពជោគជ័យរបស់ក្រុមហ៊ុន MinebeaMitsumi Inc.នៅកម្ពុជាដោយបានគូសបញ្ជាក់ថារាជរដ្ឋាភិបាលនឹងបន្តគាំទ្រ ធានាបរិយាកាសអំណោយផលសម្រាប់វិនិយោគិននិងបន្តធានាបរិយាកាសវិនិយោគប្រកបដោយភាពធន់និងភាពប្រកួតប្រជែងខ្ពស់។

ទន្ទឹមនឹងនោះ, សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើក ឡើងអំពីការដាក់ចេញនូវគោលនយោបាយនិងយន្តការចាំបាច់នានាដើម្បីសម្របសម្រួលដល់ការធ្វើធុរកិច្ចនិង ការវិនិយោគនៅកម្ពុជា រួមមាន៖ ការធ្វើកំណែទម្រង់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC), ការជំរុញ គាំទ្រដល់វិស័យសហគ្រាសធុនតូចនិងមធ្យម(SMEs) ឱ្យកាន់តែរឹងមាំនិងការផ្តល់ការលើកទឹកចិត្តតាមរយៈការអនុគ្រោះពន្ធលើវិស័យសក្ដានុពលនិងយុទ្ធសាស្រ្តរបស់កម្ពុជា។

មុននឹងបញ្ចប់, សម្តេចធិបតី នាយករដ្ឋមន្ត្រី បានលើក ទឹកចិត្តឱ្យក្រុមហ៊ុន MinebeaMitsumi Inc. ពិនិត្យលទ្ធភាពវិនិយោគបន្ថែមលើខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងស្រុក ស្វែងរកដៃគូសក្តានុពលក្នុងស្រុកនិងបន្តកិច្ច សហការជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធដើម្បីពង្រឹងប្រសិទ្ធភាពនៃការវិនិយោគក៏ដូចជាចាប់យកឱកាសថ្មីៗក្នុងការរីកចម្រើនទៅមុខជាមួយកម្ពុជា៕

អត្ថបទទាក់ទង