Close

កម្ពុជា​ច្រានចោល​យ៉ាង​ដាច់អហង្ការ​ចំពោះ​ព័ត៌មាន​មិន​ពិត​​ផ្សព្វផ្សាយ​ដោយទំព័រ Facebook «Royal Thai Army: Update»​

ដោយ៖Sun Dara | ថ្ងៃអាទិត្យ ទី២១ ខែកញ្ញា ឆ្នាំ២០២៥ កម្ពុជាថ្ងៃនេះ
កម្ពុជា​ច្រានចោល​យ៉ាង​ដាច់អហង្ការ​ចំពោះ​ព័ត៌មាន​មិន​ពិត​​ផ្សព្វផ្សាយ​ដោយទំព័រ Facebook «Royal Thai Army: Update»​ កម្ពុជា​ច្រានចោល​យ៉ាង​ដាច់អហង្ការ​ចំពោះ​ព័ត៌មាន​មិន​ពិត​​ផ្សព្វផ្សាយ​ដោយទំព័រ Facebook «Royal Thai Army: Update»​

នាអាធ្រាតថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ នេះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយ បដិសេធ និងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះព័ត៌មានមិនពិត ផ្សព្វផ្សាយដោយទំព័រ Facebook មួយដែលមានឈ្មោះថា “Royal Thai Army: Update”។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ទំព័រ Facebook នេះបានចុះផ្សាយអត្ថបទមួយ ដោយប្រើប្រាស់ប្លង់បណ្ដាញលក្ខណៈភូមិសាស្ត្រ និងទីតាំងបង្គោលព្រំដែន ដែលជាឧបសម្ព័ន្ធនិងកំណត់ហេតុ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ និងឧបសម្ព័ន្ធកំណត់ហេតុចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ របស់ក្រុមវាស់វែងចម្រុះ កម្ពុជា-ថៃ ដែលជាលទ្ធផលនៃការរុករកទីតាំងពិតប្រាកដដែលបង្គោលព្រំដែនលេខ ៤២ និង ៤៣ នៅតំបន់ភូមិព្រៃចាន់ ដែលនាំឲ្យមានការភាន់ត្រលំថា ដោយអះអាងថា ថ្នាក់ដឹកនាំរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន (ឯកឧត្តម ឡាយ សៀងលី) បានចុះហត្ថលេខាទទួលស្គាល់ខ្សែព្រំដែនជាផ្លូវការនៅតំបន់ ភូមិព្រៃចាន់ ស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ ៤២ និងលេខ ៤៣។

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានប្រកាសបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត គ្មានវិជ្ជាជីវៈ និងមានចេតនាទុច្ចរិត ដែលបានប្រើប្រាស់ឯកសារ និងព័ត៌មានប្រាសចាកពីការពិត ក្នុងចេតនាបំភាន់សាធារណជនជាតិ និងអន្តរជាតិ ឱ្យមានការភាន់ច្រឡំ។

ជាមួយគ្នានេះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានធ្វើការស្រាយបំភ្លឺ និងបញ្ជាក់ជូនសាធារណជនជាតិ និងអន្តរជាតិដូចខាងក្រោម៖

១. ឯកសារដែលបានបង្ហាញក្នុងគណនីខាងលើនេះ គឺជាប្លង់បង្ហាញលក្ខណៈភូមិសាស្ត្រ និង ទីតាំងបង្គោលព្រំដែនដែលជាឧបសម្ព័ន្ធនៃកំណត់ហេតុ ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ និងឧបសម្ព័ន្ធនៃកំណត់ហេតុ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ របស់ក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ ស្តីពីលទ្ធផលនៃការរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនលេខ ៤២ និងលេខ ៤៣ ដែលបានបោះនាសម័យបារាំងប៉ុណ្ណោះ ហើយពុំមែនជាផែនទី ឬជាឯកសារដែលបញ្ជាក់ពី ខ្សែព្រំដែនឡើយ។

២. ម្ចាស់គណនី Facebook Page ខាងលើនេះ បានយកទិន្នន័យនៅក្នុងប្លង់បង្ហាញលក្ខណៈ ភូមិសាស្ត្រ និងទីតាំងបង្គោលព្រំដែនខាងលើ មកគូសក្លែងបន្លំជាខ្សែព្រំដែននៅលើផែនទី

រូបភាពផ្កាយរណប ដើម្បីបំភាន់សាធារណជនជាតិ និងអន្តរជាតិឱ្យមានការភាន់ច្រឡំថា

ខ្សែព្រំដែនដែលខ្លួនបានគូសក្លែងបន្លំនេះ គឺជាខ្សែព្រំដែនដែលបានឯកភាពដោយក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ។

៣. តំបន់ភូមិព្រៃចាន់ ដែលស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ ៤២ និង ៤៣ គឺជាតំបន់ដែល ភាគីទាំងពីរពុំទាន់បានឯកភាពគ្នាខណ្ឌសីមានៅលើដីជាក់ស្ដែងនៅឡើយ ហើយកិច្ចការនេះ ត្រូវដោះស្រាយដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)កម្ពុជា-ថៃ និង គ្មានយន្តការ ឬស្ថាប័នណាមួយមានសមត្ថកិច្ចលើកិច្ចការនេះឡើយ។

ជាមួយនឹងការស្រាយបំភ្លឺនេះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានអំពាវនាវដល់សាធារណជនជាតិ និងអន្តរជាតិទាំងអស់កុំជឿ និង កុំចែកចាយព័ត៌មានក្លែងក្លាយទាំងនេះ ហើយរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនសូមលើកទឹកចិត្តឱ្យមាន ការផ្សព្វផ្សាយ និងចែកចាយសេចក្តីប្រកាសបដិសេធព័ត៌មាននេះ ឱ្យបានទូលំទូលាយដើម្បីឱ្យមហាជន

បានជ្រួតជ្រាបអំពីការពិតលើបញ្ហានេះ៕